ខេត្តក្រចេះ ៖ ប៉ូលិសស្រុកចិត្របុរី បានបញ្ជាក់ថា ប៉ូលិសកំពុងតែស្រាវជ្រាវតាមរកបុរសដៃដល់ជាប្តីដែលបានធ្វើសកម្មភាពយកទឹកអាស៊ីតអាគុយមកចាក់ស្រោចលើប្រពន្ធ ហើយបានរត់គេចខ្លួន បន្ទាប់ពីបង្កហេតុរួច។
លោកស្រ៊ឺ ជាលី អធរិការរងនគរបាលស្រុកចិត្របុរី បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១៨ តុលា នេះថា ជនដៃដល់ជាប្តីដែលនគរបាលកំពុងតែស្រាវជ្រាវដើម្បីចាប់ខ្លួននេះ គឺជាប់សង្ស័យនឹងករណីប៉ុនប៉ងមនុស្សឃាត។
ប៉ូលិសបានឲ្យដឹងថា ស្ត្រីរងគ្រោះជាប្រពន្ធដែលរងនូវការវាយប្រហារដោយទឹកអាស៊ីតពីជនដៃដល់ជាប្តីនេះឈ្មោះរុំ សាវី អាយុ២២ឆ្នាំ ជាស្ត្រីមេម៉ាយកូន១ រស់នៅក្នុងភូមិវាលសំបូរ ឃុំថ្មី ស្រុកចិត្របុរី ចណែកឯបុរសជាប្តីដៃដល់ មានទីលំនៅក្នុងឃុំជាមួយគ្នា។
បន្ទាប់ពីរងការស្រោចទឹកអាស៊ីតភ្លាមៗស្ត្រីជាប្រពន្ធត្រូវបាននាំមកសង្គ្រោះនៅមន្ទីរពេទ្យ តែមិនរងគ្រោះធ្ងន់ធ្ងរ ដោយសារទឹកអាស៊ីតដែលជនដៃដល់ជាប្តីបានចាក់ស្រោចគឺជាប្រភេទទឹកអាស៊ីតអាគុយ។
ប៉ូលិសស្រុកចិត្របុរីបានឲ្យដឹងទៀតថា មូលហេតុដែលប្តីជះទឹកអាស៊ីតលើប្រពន្ធដោយសារខឹងសុំប្រពន្ធរួមរស់ជាមួយគ្នាវិញនាងមិនព្រម បន្ទាប់ពីលែងលះគ្នាអស់រយៈពេលជាច្រើនខែមកហើយដោយសារប្រពន្ធអត់ទ្រាំនឹងការវាយធ្វើបាបពីសំណាក់បុរសជាប្តីលែងបាន៕
ចែករំលែកព័តមាននេះ