រាជធានីភ្នំពេញ ៖ ការប្រកួតបាល់ទាត់មិត្តភាពអន្តរក្រសួង-ស្ថាប័នលើកទី៣ឆ្នាំ២០១៥ នឹងចាប់ផ្ដើមធ្វើនៅថ្ងៃទី២០ តុលា ស្អែកនេះនៅទីលានសិប្បនិម្មិត Premium Sport Club ស្ថិតក្នុុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ដោយមានក្រុមកីឡាករចូលរួមច្រើនជាងឆ្នាំមុនៗ ។
ព្រឹត្តិការណ៍មួយនេះចាប់ផ្ដើមដំបូងនៅឆ្នាំ២០១៣ ដែលជាគំនិតផ្ដួចផ្ដើមរបស់លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលកាលណោះមានកីឡាករចូលរួមតែ៩ក្រុមប៉ុណ្ណោះ និងឆ្នាំ២០១៤មាន២២ក្រុម ដោយឡែកឆ្នាំនេះមានរហូតដល់ទៅ២៥ក្រុមឯណោះ ។
លោកសុខ សប្បាយណា ប្រធានគណៈកម្មការរៀបចំការប្រកួតបានឱ្យដឹងថា ការប្រកួតនេះធ្វើឡើងតាមរូបមន្តជម្រុះតាមពូល ហើយសម្រាប់ក្រុមទាំង២៥នេះ ត្រូវបានបែងចែកជា៦ពូល ។ ពូលA ដល់C ក្នុងមួយពូលមាន៤ក្រុម ពូលDដល់ពូលF ក្នុង១ពូលមាន៥ក្រុមហើយការប្រកួតនឹងបញ្ចប់នៅថ្ងៃទី២៣ ធ្នូ ។ លោកប្រធានគណៈកម្មការរៀបចំការប្រកួតបានឱ្យដឹងទៀតថា ព្រឹត្តិការណ៍មួយនេះធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកលើកកម្ពស់វិស័យបាល់ទាត់នៅកម្ពុជាផង និងដើម្បីបង្កើនសាមគ្គីភាព មិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងយុវជននៅតាមបណ្ដាក្រសួង-សា្ថប័នរដ្ឋ ពិសេសដើម្បីបំផុសស្មារតីឱ្យស្រឡាញ់ចូលចិត្តលេងកីឡាដើម្បីសុខភាព ។ តាមការឱ្យដឹងបន្ថែមសម្រាប់ការប្រកួតលើកទី១ នៅឆ្នាំ២០១៣ តំណែងជាម្ចាស់ជើងឯកបានទៅលើក្រុមក្រសួងបរិស្ថាន និងលើកទី២ឆ្នាំ២០១៤បានទៅលើក្រុមក្រសួងសុខាភិបាល។ ដូច្នេះសូមរង់ចាំតាមដានទាំងអស់គ្នាតើឆ្នាំ២០១៥នេះតំណែងជើងឯកបានទៅលើក្រុមមួយណា?៕


ចែករំលែកព័តមាននេះ