ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិក្ខាសាលា​ស្ដី​ពី​ការ​អភិវឌ្ឍ​អត្ត​ព​លិ​ក​វ័យក្មេង​បញ្ចប់​ទៅ​ដោយ​ជោគជ័យ

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សិក្ខាសាលា​ស្ដី​ពី​ការ​អភិវឌ្ឍ​អត្ត​ព​លិ​ក​វ័យក្មេង​ដែល​បាន​រៀបចំ​ធ្វើ​ឡើង​អស់​រយៈពេល​៣​ថ្ងៃ ចាប់តាំងពី​ថ្ងៃ​ទី​១៥ តុលា មក​នោះ បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ ហើយ​ពិធី​បិទ​វគ្គ​សិក្ខាសាលា​នេះ​ត្រូវ​បាន​គេ​រៀបចំ​ធ្វើ​កាលពី​ថ្ងៃ​ទី​១៧ តុលា នៅ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ។

សិក្ខាសាលា​នេះ​មាន​សិក្ខាកាម​ចូលរួម​ចំនួន​២៤​នាក់​មក​ពី​តាម​សហព័ន្ធ​កីឡា​ជាតិ​នានា ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​សារៈសំខាន់​បំផុត ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​កម្ពុជា ដែល​បាន​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ក្នុង​ពិធី​បិទ​សិក្ខាសាលា​នេះ​បាន​មាន​ប្រសាសន៍​ថ្លែង​នូវ​ការ​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​សិក្ខាកាម​ទាំងអស់ ដែល​មាន​វត្តមាន​គ្រប់​ចំនួន​ចាប់ពី​ដើម​រហូត​ដល់​ចប់ ។ លោក​បាន​សំណូមពរ​ដល់​សិក្ខាកាម​ទាំងអស់​ធ្វើ​យ៉ាងណា​ត្រូវ​តែ​យកចំណេះ​ដឹង​ទាំងនេះ​ទៅ​ចែករំលែក​ដល់​គ្រូបង្វឹក​ឬ​មន្ត្រី​សហព័ន្ធ​ឱ្យ​បាន​យល់​ដឹង​ទាំងអស់​គ្នា ។ ទន្ទឹម​គ្នា​នេះ លោក​បាន​សម្ដែង​ការ​ព្រួយបារម្ភ​ផង​ដែរ សម្រាប់​សហព័ន្ធ​នីមួយ​ៗ​ដែល​កន្លង​មក​មិនសូវ​ចេះ​ធ្វើការ​រួម​គ្នា​ធ្វើ​ឱ្យ​ដំណើរការ​នៃ​ការ​អភិវឌ្ឍ​វិស័យ​កីឡា​មានការ​រីក​ចម្រើន​យឺត​។ ដូច្នេះ​ក្រោយ​ពី​បាន​ឆ្លងកាត់​វគ្គ​សិក្ខាសាលា​នេះ​ទៅ លោក​សំណូមពរ​ដល់​សិក្ខាកាម​ទាំងអស់​ត្រូវ​ចេះ​រៀបចំ​ធ្វើ​ផែនការ ដោយ​ខ្លួនឯង ស្វែងរក​កីឡាករ​ល្អ​ៗ និង​មាន​ទេព​កោសល្យ​សម្រាប់​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២៣ ។

លោក​Joreg Techmen ដែល​ជា​គ្រូ​បង្គោល​ប្រចាំ​វគ្គ​នេះ​បាន​ថ្លែង​នូវ​ការ​កោតសរសើរ​យ៉ាង​ខ្លាំង​ដល់​សិក្ខាកាម​ទាំងអស់​ដែល​មានចិត្ត​ក្លាហាន​ហ៊ាន​សួរ ហ៊ាន​ឆ្លើយ នូវ​រាល់​ច​ម្ង​ល់​ទាំងឡាយ និង​ខិតខំ​ត្រងត្រាប់​ស្ដាប់​ដោយ​យកចិត្តទុកដាក់​បំផុត ។ ដូច្នេះ​លោក​សង្ឃឹមថា ក្រោយ​ពី​បញ្ចប់​សិក្ខាសាលា​នេះ​ទៅ សិក្ខាកាម​ទាំងអស់​នឹង​ទទួល​បាន​ចំណេះដឹង និង​បទ​ពិសោធន៍​ថ្មី​បន្ថែម​ទៀត​យក​ទៅចែករំលែក​បន្ត​ដើម្បី​ភាព​ជោគជ័យ​និង​ទទួល​បាន​មេដាយ​នៅ​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​ខាង​មុខ៕