រាជធានីភ្នំពេញ ៖ នៅទីបំផុតការប្រដាល់អន្តរជាតិកាលពីថ្ងៃសៅរ៍ទី១៧ តុលា នៅសង្វៀនស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ជ្រោយចង្វា កីឡាករថៃ Kham Lay Phith បានក្លាយជាអ្នកឈ្នះនៅវគ្គចុងក្រោយ ក្នុងការសម្រេចគោលដៅធ្វើឲ្យជើងខ្លាំងព្រំ សំណាងអាម៉ាស់មុខ ។ ទោះបីយ៉ាងណា អ្នកទាំងពីរហាក់មិនសូវបើកឆាកប្រយុទ្ធគ្នាខ្លាំងក្លាឲ្យមានភាពទាក់ទាញប៉ុន្មានទេ ដោយសារតែភាគីទាំងសងខាងមានអារម្មណ៍ញញើតញញើមគ្នា និងចាំតែវាយឆ្មក់ម្ដងៗប៉ុណ្ណោះ ។
បើកឆាកប្រយុទ្ធពេញ៥ទឹក កីឡាករព្រំ សំណាង មកពីក្លិបកងពលតូចឆត្រយោង៩១១ ត្រូវគេឃើញប្រឹងប្រែងស្ទុះស្ទាសម្បើមណាស់ ដើម្បីបំបាក់មុខកីឡាករថៃឈ្មោះKham Lay Phith នៅក្នុងការប្រកួត ។ ក្នុងទឹកទី១ និងទី២ អ្នកទាំង២មិនមានការវាយប្រយុទ្ធគ្នានោះទេ ដោយគ្រាន់តែញាក់ក្បាច់ដាក់គ្នាដើម្បីស្ទាបស្ទង់។ ឈានដល់ទឹកទី៣ បង្គោលក្រហមរបស់កម្ពុជាចាប់ផ្ដើមវាយសន្ធាប់ដើម្បីប្រទាញពិន្ទុ ប៉ុន្តែការសម្រុកដែលបានធ្វើឡើងមិនចំគោលដៅទាំងអស់នោះទេ ដោយបែរជាត្រូវកីឡាករថៃស្វាគមន៍ដោយការវាយបកត្រឡប់មកវិញ។ ទោះជាព្រំ សំណាង ប្ដូរដោយកែងបក និងលោតអុកជង្គង់ដោយអន្លើ ក៏កីឡាករថៃនៅតែអាចគេចផុត ។ ផ្ទុយទៅវិញ កីឡាករថៃដូចជាមានសំណាងច្រើនជាងក្នុងការវាយទប់ និងវាយបករាល់ពេលវាយសន្ធាប់ ក្នុងពេលគូប្រកួតគឺកីឡាករកម្ពុជាមានភាពចន្លោះប្រហោង ។ ក្រុមអ្នកទស្សនាសុទ្ធតែមើលឃើញថា កីឡាករកម្ពុជាអន់កម្លាំងស៊ុហ្វទើបបណ្ដាលឲ្យការវាយចេញដោយប្រើកណ្ដាប់ដៃ និងស្នៀតល្អៗផ្សេងទៀតមិនត្រូវចំគោលដៅតាមការចង់បាន ។ កីឡាករព្រំ សំណាង ប្រើអស់សមត្ថភាពយ៉ាងខ្លាំងធ្វើឲ្យកីឡាករថៃត្រដរខ្យល់ក្នុងការវាយទប់ ដែលអ្នកណាក៏មើលឃើញថាបើកីឡាករ Kham Lay Phith មិនពូកែគេច និងវាយបកគឺប្រហែលជាត្រូវខ្ចប់បាត់ហើយសម្រាប់ការប្រកួត ។ អញ្ចឹងហើយទើបការប្រកួតរបស់ពួកគេត្រូវចំណាយពេលរហូតដល់៥ទឹកពេញ ដោយភាគីម្ខាងៗសុទ្ធតែមានចំណុចខ្សោយ និងខ្លាំងរៀងខ្លួន និងបង្ហាញឲ្យឃើញពីការតស៊ូដូចគ្នា។ បញ្ចប់ការប្រកួតកីឡាករថៃត្រូវគេលើកដៃឲ្យឈ្នះពិន្ទុ ធ្វើឲ្យព្រំ សំណាង ជាអ្នកចាញ់ និងអ្នកគាំទ្ររងការអាម៉ាស់ផងដែរ ។
លោក សេង កដិកា អ្នករៀបចំព្រឹត្តិការណ៍ប្រដាល់ប្រចាំនៅប៉ុស្ដិ៍លេខ៥ បានអះអាងថា ការប្រដាល់កាលពីថ្ងៃសៅរ៍នោះ មិនមែនជាព្រឹត្តិការណ៍ប្រដាល់អន្តរជាតិនោះទេ ប៉ុន្តែដោយសារតែការប្រកួតដណ្ដើមខ្សែក្រវាត់របស់កីឡាករ៨រូបទើបតែបានរកឃើញ៤នាក់ ហើយចង់ទុកពេលឲ្យកីឡាករទាំង៤មានពេលបានមួយសប្ដាហ៍ ទើបសម្រេចឲ្យព្រំ សំណាង ដែលជាកីឡាករល្បីម្នាក់ប្រកួតជាមួយកីឡាករថៃ ដើម្បីកំដរបរិយាស ។ នៅសប្ដាហ៍ក្រោយការប្រកួតជម្រុះឈានទៅដណ្ដើមខ្សែក្រវាត់សម្រាប់ព្រឹត្តិការណ៍ជើងឯកស៊ីម៉ង់ត៍អូដ្ឋនឹងបន្តធ្វើដូចសព្វដងដើម្បីស្វែងរកជើងខ្លាំង ។ ជំនួបប៉ះគ្នារវាងកីឡាករព្រំ សំណាង និងកីឡាករថៃ Kham Lay Phith លោកថាជារឿងមិនគួរឲ្យជឿ ដោយសារតែពេលកន្លងមកគេដឹងច្រើនមកហើយថា កីឡាករព្រំ សំណាង មានប្រវត្តិចវាយផ្ដួលកីឡាករថៃ និងកីឡាករកែវ រំចង់ ធ្វើឲ្យមានការទទួលស្គាល់ថ្វីដៃរួចទៅហើយ ។ លោកថាពួកគេប្រកួតល្អ ប៉ុន្តែមកពី ព្រំ សំណាង រៀងហត់បន្តិចទើបមិនបានបញ្ចេញអស់ថ្វីដៃ ប៉ុន្តែកីឡាករថៃក៏មើលទៅរៀងហត់ដែរក្នុងការវាយទប់គូប្រកួត។
ចំពោះការប្រកួតគូផ្សេង កីឡាករសោម វិច្ឆ័យ មកពីក្លិបសាលវ័ន្ដកីឡា បើទោះជាបានប្រកួតល្អក៏នៅតែចាញ់ពិន្ទុកីឡាករឌុមកែវដា មកពីក្លិបមកុដរាជសីហ៍ និងកីឡាករឡុង សំណាង មកពីក្លិបសាលវ័ន្តកីឡា បានប្រើបច្ចេកទេសខ្លាំងក្លាយកឈ្នះកីឡាករប៉ូ វ៉ាន់ស័ក្ត ដោយពិន្ទុនៅវគ្គចុងក្រោយ ៕



ចែករំលែកព័តមាននេះ