មនុស្សយ៉ាងតិច១២នាក់ស្លាប់កាលពីថ្ងៃទី១៧ តុលា ដោយសារការលិចនាវាដឹកអ្នកដំណើរមួយគ្រឿងក្នុងសមុទ្រខ្មៅ ជិតទីក្រុងអូដេសាភាគខាងត្បូងអ៊ុយក្រែន ដែលនេះជាគ្រោះមហន្តរាយសមុទ្រយ៉ាងអាក្រក់មួយពុំធ្លាប់មាននៅអតីតសាធារណរដ្ឋសូវៀតនេះ ។
សរុបមនុស្ស៣៦នាក់ស្ថិតក្នុងនាវាឈ្មោះ IVOLGA នេះក្នុងនោះមានសមាជិកក្រុមនាវិក៣នាក់ ពេលវាលិចនាវេលាម៉ោង១៥និង៣០នាទីម៉ោងក្នុងស្រុកត្រង់កន្លែងមួយមិនឆ្ងាយប៉ុន្មានពីមាត់ច្រាំង ។
លោក VOLODYMYR JMAK អភិបាលរងតំបន់អូដេសា និយាយថា មនុស្ស២៣នាក់អាចជួយសង្គ្រោះ ក្នុងនោះ១៨នាក់ស្ថិតក្នុងមន្ទីរពេទ្យ ចំណែកមនុស្សម្នាក់នៅតែបាត់ខ្លួន ។ លោកថា លក្ខខណ្ឌឧតុនិយមប្រហែលជាមូលហេតុនៃសោកនាដកម្មនេះ ហើយនាវាពុំមានអាវពោងសង្គ្រោះឡើយ ។ លោកអះអាងថា មូលហេតុនៃសោកនាដកម្មគឺខ្យល់ព្យុះខ្លាំងមួយ និងអវត្តមានអាវពោងសង្គ្រោះ ។ មនុស្ស១២នាក់ ដែលលង់ទឹកស្លាប់ត្រូវបានរកឃើញ ហើយមនុស្សម្នាក់ទៀតបាត់ខ្លួន ៕
ចែករំលែកព័តមាននេះ