រាជធានីភ្នំពេញ ៖ ប្រភពព័ត៌មានបានឲ្យដឹងថា នគរបាលខណ្ឌ៧មករា បានកសាងសំណុំរឿងស្រីស្រស់ដែលរងការចោទប្រកាន់ចាក់ទឹកអាស៊ីតលើបុរសជាសង្សារពេលកំពុងជិះម៉ូតូជាមួយគ្នាទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំបើកការស៊ើប និងចាប់ខ្លួនស្រីស្រស់ជាជនសង្ស័យមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។
សំណុំរឿងនោះ នគរបាលខណ្ឌ៧មករានឹងត្រូវបញ្ជួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ តុលា ។
ប្រភពព័ត៍មានឲ្យដឹងថា នៅថ្ងៃទី១៨ តុលា នេះយុវជនរងគ្រោះបានវិលត្រឡប់មកផ្ទះវិញហើយ ដោយជំងឺរបស់គេបានធូរស្រាល ប៉ុន្តែមិនទាន់សះស្បើយនៅឡើយទេ ។
បើតាមមន្ត្រីនគរបាលកំពុងអនុវត្តច្បាប់ដែលមានការសហការជាមួយជនរងគ្រោះមិនដាច់រយៈគ្នានោះបានបង្ហើបឲ្យដឹងថា ប្រហែល១សប្តាហ៍មុននេះគេបានដឹងព័ត៌មានថា ស្រីជាជនសង្ស័យឈ្មោះចិន លីគីម ហោះ ម៉ី ទៅព្យាបាលរបួសនៅតំបន់អ្នកលឿង ខេត្តព្រៃវែង លុះក្រោយមកទៀតគេចាប់បានប្រព័ន្ធហ្វេសប៊ុក នាងចិន លីគីម ឃើញនៅក្នុងចំណុចបង្គោលតំបន់បាវិត ខេត្តស្វាយរៀង ។
ដែលនោះគេអាចចាត់ទុកថា ទំនងនាងចិន លីគីម ទៅព្យាបាលរបួសនៅប្រទេសវៀតណាម ប៉ុន្តែពុំបានឃើញឆ្លងកាត់ច្រកទ្វារអន្តជាតិបាវិតនោះទេ ដូច្នោះគេចាត់ទុកថាស្រីស្រស់ចិន លីគីម មិនចេញទៅប្រទេសវៀតណាមឡើយ នាងអាចគេចខ្លួននៅព្យាបាលក្នុងប្រទេសកម្ពុជា ។
នាងចិន លីគីម ហៅ ម៉ី មានអាសយដ្នាន១កន្លែងនៅតំបន់់បឹងកក់ និងបានទៅជួលផ្ទះស្នាក់នៅជាន់ទី៣ ក្នុងសង្កាត់អូឬស្សី១ ខណ្ឌ៧មករា នាងមានមុខរបរជាអ្នកបកប្រែភាសាចិនឲ្យក្រុមហ៊ុនចិន១ដែលមករកស៊ីស្រុកខ្មែរ ។
អាសយដ្នាន២កន្លែងនេះត្រូវបានសមត្ថកិច្ចដាក់កំលាំងឃ្លាំមើលជាប់ជាប្រចាំ តែនាងមិនបានចូលផ្ទះនោះទេ ។ សរុបមកវិញសំណុំរឿងស្រីស្រស់ចាក់ទឹកអាស៊ីតស្រោចដាក់លើក្បាលសង្សារ សមត្តកិច្ចនគរបាលខណ្ឌ៧មករាកំពុងដំណើរការតាមនិតិវិធីទៅមុខជានិច្ច មិនមែនគិតថាស្ងាត់ឈឹងនោះហើយទេ៕



ចែករំលែកព័តមាននេះ