រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃសៅរ៍ទី១៧ តុលា កីឡាករជើងខ្លាំង២រូបរបស់កម្ពុជា គឺ មាស ច័ន្ទមាន ឬ សារឹម ង៉ា និង ឡៅ ចន្ទ្រា ដែលសុទ្ធតែជាម្ចាស់ខ្សែក្រវាត់ក្នុងប្រភេទទម្ងន់រៀងខ្លួន បានឈ្នះគូប្រកួតជនជាតិថៃដូចគ្នា នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ ។ យ៉ាងណាក៏ដោយ គេកត់សម្គាល់ថាលទ្ធផលដែលអ្នកទាំងពីរទទួលបានក៏មិនសូវងាយស្រួលប៉ុន្មានដែរ ។
ម្ចាស់ខ្សែក្រវាត់ មាស ច័ន្ទមាន មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ប្រើពេលតែ៣ទឹកប៉ុណ្ណោះ ក៏វាយបំបាក់កីឡាករថៃឈ្មោះ RE DA ដែលត្រូវគេអះអាងថា គឺជាជើងខ្លាំងម្នាក់មកពីទីក្រុងបាងកកឲ្យបោះបង់ការប្រកួត ។ កែងដ៏មុតស្រួចរបស់កីឡាករកម្ពុជា បានវាយបំបែកថ្ងាសកីឡាករថៃឲ្យបែករយះរហូតដល់៣កន្លែងឯណោះ បណ្ដាលឱ្យហូរឈាមស្រោចពេញមុខធ្វើឲ្យកីឡាករថៃបាត់បង់ជំហរក្នុងការតស៊ូ ។ ការប្រកួតរបស់កីឡាករទាំងពីរមានភាពស្វិតស្វាញយ៉ាងខ្លាំង ហើយបើកុំតែបង្គោលខៀវរបស់ថៃភ្លាត់ឲ្យត្រូវពីរបីកែងក្នុងពេលបើកឆាកប្រយុទ្ធគ្នា កុំអីមិនប្រាកដថា ជ័យជម្នះនឹងក្លាយជារបស់ មាស ច័ន្ទមាន នោះឡើយ ។ ផ្អែកតាមការប្រកួតក្នុង២ទឹកដំបូងកីឡាករទាំងពីរមានកម្រិតវាយលុកខ្លាំងក្លាដូចគ្នា ជាពិសេសកីឡាករថៃ បានបង្ហាញនូវកម្រិតវាយសន្ធាប់លុបលើកីឡាករកម្ពុជាដែលជាម្ចាស់ខ្សែក្រវាត់នោះផង ។ អញ្ចឹងហើយទើបគេមើលឃើញថា ស្នាមរយះដែលភ្លាត់បែករបស់កីឡាករថៃ គឺជាឱកាសធ្វើឲ្យកីឡាករកម្ពុជាទទួលបានជោគជ័យក្នុងការការពារមុខមាត់ក្នុងឋានះជាម្ចាស់ខ្សែក្រវាត់ ។
កីឡាករថៃ Re Da ត្រូវក្រុមគ្រូពេទ្យដេរជិត២០ថ្នេរ ដោយសារតែស្នាមបែករយះមានចំនួនរហូតដល់៣កន្លែង ហើយកន្លែងនីមួយៗមានសភាពធំនៅលើក្បាល ។ គូនេះនឹងតម្រូវឲ្យមានការសងសឹកដោយសារតែកីឡាករថៃបានប្រកាសថាមិនអស់ចិត្តព្រោះតែភ្លាត់ក្នុងពេលវាយលុក ។ យ៉ាងណាមិញ សភាពរងរបួសនិងការបរាជ័យរបស់កីឡាករថៃ Re Da ក៏កើតឡើងដោយសារតែកីឡាករ មាស ច័ន្ទមាន បានបង្ហាញបច្ចេកទេសវាយលុកល្អប៉ុណ្ណោះ ។
មិនខុសគ្នាដែរ ម្ចាស់ខ្សែក្រវាត់វ័យក្មេង ឡៅ ចន្ទ្រា មកពីក្លិបកងពលតូចទ័ពឆត្រយោង៩១១ ក៏បានការពារមុខមាត់ក្នុងការប្រកួតជាមួយកីឡាករថៃឈ្មោះ Sing Phichnoy ផងដែរ បើទោះជាលទ្ធផលដែលទទួលបាន ស្ថិតក្នុងភាពប្រផិតប្រផើយទម្រាំតែចប់ការប្រកួត។ អ្នកទាំងពីរឆ្លងកាត់ការប្រកួតរហូតដល់៥ទឹកពេញ ប៉ុន្តែកម្រិតនៃការវាយលុកកីឡាករថៃ ក៏ត្រូវគេឃើញចាញ់ប្រៀប ដោយសារតែបង្គោលក្រហមកម្ពុជាប្រើកណ្ដាប់ដៃ និងថ្វីជើងប្រកបដោយបច្ចេកទេសខ្ពស់នោះផងដែរ។ ទោះកីឡាករថៃមានសមត្ថភាពមុតស្រួចទាំងការវាយកែង អុកជង្គង់ និងម៉ាត់បានល្អទៅលើដៃគូ ក៏កីឡាករកម្ពុជា ឡៅ ចន្ទ្រា នៅតែមានលទ្ធភាពធ្វើឲ្យកីឡាករថៃរាប់មួយលើកភ្លាមក្នុងទឹកទី៣ ។ នៅទឹកទី៤ កីឡាករថៃត្រូវភ្លាត់ក្រោមបច្ចេកទេសដ៏ល្អរបស់បង្គោលក្រហមកម្ពុជា រាប់ដល់៨ ចំនួន២លើកបន្ថែមទៀត ប៉ុន្តែបំណងផ្ដួលឲ្យសន្លប់គឺមិនអាចទៅរួចដដែល ដោយសារតែកីឡាករថៃក៏ពោរពេញដោយការតស៊ូ ។ គូនេះនៅទឹកទី៥ កីឡាករថៃ បានពង្រឹងជំហរធ្វើឲ្យ ឡៅ ចន្ទ្រា ចង់បុកពោះផងដែរ ។ យ៉ាងណាក៏ដោយ នៅក្រោយបញ្ចប់ការប្រកួតកីឡាករកម្ពុជាដែលជាម្ចាស់ខ្សែក្រវាត់ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម នៅតែឈ្នះពិន្ទុ បើទោះជាកីឡាករថៃត្រូវគេអះអាង គឺជាម្ចាស់ខ្សែក្រវាត់ដូចគ្នានោះក៏ដោយ ៕



ចែករំលែកព័តមាននេះ