រាជធានីភ្នំពេញ ៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងព្រះគ្រូ គន្ធធុតង្គ សឿហេង ព្រះគ្រូចៅអធិការវត្តធុតង្គចំការដូង បានធ្វើពិធីចែកអំណោយជូនដល់លោកតា លោកយាយ ចាស់ជរា ចំនួនប្រមាណ២០០គ្រួសារកាលពីព្រឹកថ្ងៃទី១៦ តុលា ២០១៥ នៅវត្តធុតង្គចំការដូង ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ។
អំណោយដែលចែកជូនជនក្រីក្រនាពេលនោះ ក្នុងមួយគ្រួសារៗ ទទួលបានប្រាក់១ម៉ឺនរៀល និងឃីត១កញ្ចប់ (មី៥កញ្ចប់ តែ៥កញ្ចប់ ស្ករស១គីឡូក្រាម ទឹកក្រូច២កំប៉ុងនិងទៀន ធូបមួយចំនួនទៀតផងដែរ) ។
ព្រះគ្រូ គន្ធធុតង្គ សឿហេង បានមានសង្ឃដីកា ថ្លែងពីការយកចិត្តទុកដាក់ និងការចេះជួយគ្នាទៅវិញទៅមក រវាងព្រះសង្ឃ និងពុទ្ធបរិស័ទ ពោលគឺវិស័យពុទ្ធចក្រ និង អាណាចក្រ ដោយសារប្រទេសកម្ពុជា ជាប្រទេសកាន់ព្រះពុទ្ធសាសនា ដូច្នេះទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូផង់ គឺត្រូវថែរក្សាឲ្យបានស្ថិតស្ថិរ យ៉ាងណាម៉ិញពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីខ្មែរទើបបានបញ្ចប់ ហើយយើងបានធ្វើពិធីចែកអំណោយជូនដល់ជនចាស់ជរាក្នុងឱកាសនេះដើម្បីចែករំលែកកុសលផលបុណ្យ ដែលបានសាងកន្លងមកជាមួយគ្នា ។
លោក នុត ពុធដារ៉ា បានថ្លែងអំណរគុណចំពោះព្រះគ្រូចៅអធិការវត្ត ដែលជានិច្ចកាលតែងបានគិតគូរ និងយកចិត្តទុកដាក់ដល់ចាស់ៗ និងតែងតែបានធ្វើពិធីចែកអំណោយជូនពួកគាត់ជារៀងរាល់ឆ្នាំ ។ លោកអភិបាល ក៏បានលើកឡើងពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកច្រកម្ពុជា ៕


ចែករំលែកព័តមាននេះ