រាជធានីភ្នំពេញ ៖ មិត្តភក្កិស្គាល់គ្នាជិតស្និទ្ធតាំងពីតូចខំទុកចិត្តបានឲ្យយករថយន្តទៅជួសជុល បែរជាយករថយន្តទៅបញ្ចាំបាត់ជាងមួយខែទើបតាមរកឃើញស្រែកថា «ចោរៗ» ធ្វើឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៧ តុលា ស្ថិតនៅភូមិសន្សំកុសល៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
ជនសង្ស័យជាប់ចោទឈ្មោះ សន បញ្ញា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។ ចំណែកម្ចាស់រថយន្តឈ្មោះ គួច គីមម៉េង ភេទប្រុស អាយុ២៦ឆ្នាំ ជាអ្នកលក់និងជួសជុលទូរស័ព្ទដៃ ស្នាក់នៅផ្ទះលេខ៣D ភូមិ៣ ផ្លូវលេខ១៨៩ សង្កាត់អូឡាំពិក ខណ្ឌចំការមន ។
ម្ចាស់រថយន្តបាននិយាយថា រូបគាត់ជាមិត្តភក្កិរបស់ជនសង្ស័យស្គាល់គ្នាតាំងពីតូចៗមកម្ល៉េះ កាលពីម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៤ កញ្ញា ២០១៥ កន្លងទៅនេះ គាត់បានឲ្យជនមិត្តភក្តិយករថយន្តម៉ាកស៊ីលីកា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២N-០៣៣២ ទៅជួសជុល បែរជាយកទៅបញ្ចាំបាត់ហើយទូរស័ព្ទក៏មិនចូល ទើបគាត់បានទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ។
លុះនៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៧ តុលា ២០១៥ ម្ចាស់រថយន្តជិះម៉ូតូដើររកមើលក៏ឃើញមិត្តភក្តិឆបោកមកលេងផ្ទះម្តាយជួលនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ខណៈពេលជិះម៉ូតូតាមផ្លូវលេខ៣១BT ស្ថិតនៅភូមិសន្សំកុសល៣ ស្រាប់តែប្រទះឃើញមិត្តភក្តិឆបោកឈរនិយាយទូរស័ព្ទក៏លោតពីលើម៉ូតូទៅចាប់ធ្វើឲ្យមិត្តភក្តិឆបោកតដៃប្រទាញប្រទង់ទើបម្ចាស់រថយន្តស្រែកថា «ចោរៗ» បណ្តាលឲ្យមានការភ្ញាក់ផ្អើលដល់នគរបាលប៉ុស្តិ៍រដ្ឋបាលបឹងទំពុនចុះឃាត់ខ្លួនយកទៅសាកសួរដឹងហើយទើបបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនចាត់ការតាមច្បាប់ ៕


ចែករំលែកព័តមាននេះ