ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីវ័យ៦៥ឆ្នាំម្នាក់ដែលស្លាប់ហើយ កូនចៅថា រស់ឡើងវិញបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ និង៣៥នាទីរសៀល ថ្ងៃទី១៦ តុលា ២០១៥ ពេលដង្ហែទៅបូជានៅក្នុងវត្តសុភមង្គល ស្ថិតក្នុងភូមិរោងម៉ាស៊ីន សង្កាត់់អូរអំបិល ក្រុងសេរីសោភ័ណនោះ ត្រូវបានកូនចៅដង្ហែយកទៅបូជាវិញហើយ កាលពីថ្ងៃទី១៧ តុលា ដោយសារសពលោកយាយមានហូរឈាមចេញតាមត្រចៀក និងមាត់ បន្ទាប់ពីទុកនៅផ្ទះបានមួយយប់។
សពមានឈ្មោះខា សាក់ប៊ឿង អាយុ៦៥ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ។ លោកយាយបានស្លាប់កាលពីថ្ងៃទី១៤ តុលា ២០១៥។
តាមការឧ្យដឹងពីកូនចៅសពបានរៀបរាប់ឧ្យដឹងថា មុនពេលកើតហេតុ នៅថ្ងៃទី១៤ តុលា ២០១៥ កូនចៅបាននាំលោកយាយទៅលេងកំសាន្តនៅរមណីយដ្ឋានអាងទឹកត្រពាំងថ្ម ពេលនោះគាត់បានទៅបត់ជើងតូច(នោម)ក្បែរខ្ទមអ្នកតានៅក្បែរមាត់អាងត្រពាំងថ្មនោះ លុះត្រលប់មកផ្ទះវិញគាត់ក៏គាំងបេះដូងស្លាប់ដោយជម្ងឺលើសឈាម ហើយកូនចៅក៏បានរៀបចំធ្វើបុណ្យតាមប្រពៃណី និងដង្ហែសពទៅបូជានៅវត្តខាងលើ។
លុះនៅម៉ោង៣ និង៣៥នាទីរសៀល ថ្ងៃទី១៦ តុលា ២០១៥ ពេលកូនចៅលាងសំអាតមុខមុនបូជាស្រាប់តែឃើញផ្ទៃមុខមានសភាពនៅស្រស់ញញឹមមិនមានធុំក្លិនស្អុយទេធ្វើឧ្យកូនចៅមិនអស់ចិត្ត ព្រោះសពហាក់មានជីពចរឡើងវិញ កូនចៅក៏បានលើកសពចេញពីមឈូសដាក់នៅក្រោមដើមពោធិ៍ និងរកគ្រូបញ្ជាន់អារក្ស មកទស្សន៍ទាយមើលឃើញថា អ្នកតាអាងត្រពាំងថ្មឃុំព្រលឹងទុក្ខ ព្រោះខឹងសពបត់ជើងតូចដាក់ក្បែរខ្ទម។
ប្រភពបន្តថា បើចង់ឧ្យរស់ឡើងវិញទាល់តែរកក្បាលជ្រូកសែន និងលេងភ្លេងពិនពាទ្យកំដរផងទើបអ្នកតាឈប់ខឹងឧ្យព្រលឹងមកវិញ តែទីបំផុតសពលោកយាយទុកនៅផ្ទះបានរយៈពេលតែមួយយប់ប៉ុណ្ណោះ លុះនៅរសៀលថ្ងៃទី១៧ តុលា សពលោកយាយមានហូរឈាមចេញតាមត្រចៀក និងមាត់ ទើបកូនចៅអស់ចិត្តសម្រេចយកសពទៅបូជាវិញ៕


ចែករំលែកព័តមាននេះ