ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញាចែកចាយគ្រឿងញៀនដ៏សកម្មម្នាក់ដែលខាងកងរាជអាវុធហត្ថតាមដានអស់ពេលជាយូរមកហើយនោះ ចុងបញ្ចប់ជាប់អន្ទាក់សមត្ថកិច្ចទាល់តែបាន ដែលការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៧ តុលា ២០១៥ នៅចំណុចភូមិគិរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
លោកអនុសេនីយ៍ឯក ទិត្យ វណ្ណៈ ប្រធានមន្ទីរយុត្តិធម៌ នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួននេះមានឈ្មោះ ហេង សាលី ហៅតុប ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
លោកប្រធានមន្ទីរបន្តទៀតថា ជនសង្ស័យដែលកម្លាំងរបស់លោកឃាត់បាននាពេលនេះគឺជាមុខសញ្ញាជួញដូរ និងចែកចាយគ្រឿងញៀនដ៏សកម្មនៅតំបន់ខាងលើ ដែលសមត្ថកិច្ចតាមដានជាយូរមកហើយ ទើបតែពេលនេះកម្លាំងរបស់លោកចុះល្បាតក្នុងភូមិសាស្ត្រខាងលើប្រទះឃើញជននេះធ្វើសកម្មភាពជួញដូរ និងចែកចាយថ្នាំញៀនក៏ឃាត់ខ្លួនតែម្តង ។
លោកអនុសេនីយ៍ឯក ទិត្យ វណ្ណៈ បានឱ្យដឹងទៀតថា ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតសម្ភារ និងវត្ថុតាងមួយចំនួនដូចជា រថយន្ត១គ្រឿង ម៉ាកកូរ៉ូឡា ពណ៌ខ្មៅ សេរី១៩៩៨, ម៉ាទឹកកក២កព្ចាប់, ទូរស័ព្ទដៃ ២គ្រឿង, ថ្នាំញៀនប្រភេទយ៉ាម៉ា៦គ្រាប់, ជញ្ជីងថ្លឹងគ្រឿងញៀន១, កន្ទោងច្រកថ្នាំញៀន១ថង់, ដែកកេះ៥៣, មេអាប៉ោង២, ទុយោ១២, ពន្លាក២, ដាវ១, ម៉ាស៊ីនត្រង់ស៊ីន័រ១, លុយដុល្លារ២១០ដុល្លារ, លុយថៃ២០០បាត, លុយកូរ៉េ១០០វ៉ុន, លុយខ្មែរ២៣២.៣00រៀល, បណ្តោងខ្សែ.ក១ និងថង់ច្រកថ្នាំញៀន១៧ ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានឃាត់ និងបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ។
ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបានសម្តែងនូវការសាទរយ៉ាងខ្លាំងចំពោះកងរាជអាវុធហត្ថខេត្តដែលបានធ្វើការបង្ក្រាបជនសង្ស័យជួញដូរថ្នាំញៀនម្នាក់នេះ ដែលកន្លងមកមិនដែលមានសមត្ថកិច្ចណាបង្ក្រាបទាល់តែសោះធ្វើឱ្យជននេះធ្វើព្យុះធ្វើភ្លៀងតាមតែអំពើចិត្ត ៕
ចែករំលែកព័តមាននេះ