ប្រទេសមីយ៉ាន់ម៉ា ៖ អតីតរដ្ឋធានីមីយ៉ាន់ម៉ា ក្រុងយ៉ាំងហ្គូន នឹងត្រូវការលំនៅឋានថ្មីៗក្នុងរង្វង់៧៥.០០០ល្វែងក្នុងមួយឆ្នាំ ដើម្បីបំពេញតាមកំណើននៃអត្រាប្រជាជនក្នុងទីក្រុង ហើយបណ្តាក្រុមហ៊ុនម៉ៅការសំណង់នានា ក៏កំពុងពុះពារសម្រេចឲ្យបានប្រហាក់ប្រហែលនឹងទិសដៅនេះដែរ ។
លោក Kyaw Kyaw Soe អនុលេខាធិការសមាគមសហគ្រិនសំណង់មីយ៉ាន់ម៉ា (MCEA) បានប្រាប់កាសែតមីយ៉ាន់ម៉ាថែមស៍ថា ៖ «ក្នុងមួយឆ្នាំៗ មានអ្នកចំណាកស្រុកជាង៣៣ម៉ឺននាក់មកពីតំបន់ផ្សេងគ្នាក្នុងប្រទេស បានមកស្នាក់នៅក្នុងក្រុងយ៉ាំងហ្គូននេះ ប៉ុន្តែនៅតែមានការប្រកួតប្រជែងហួសប្រមាណក្នុងការសាងសង់លំនៅឋានឱ្យបានគ្រប់គ្រាន់ ដើម្បីរក្សាការបោះជំហានទៅមុខនៃនគរូបនីយកម្ម» ។
តាមការវាយតម្លៃរបស់ MCEA ថា ទីក្រុងយ៉ាំងហ្គូនមានអត្រាប្រជាជនប្រមាណជា៥,១៤លាននាក់ កើនឡើង៦,៦% ក្នុងមួយឆ្នាំៗ ។
អ្នកចំណាកស្រុកដែលមករស់នៅក្នុងក្រុងនេះមានជាង៧០% មកពីបណ្តាក្រុងផ្សេងទៀត និងមកពីតំបន់ជនបទ នេះបើតាមការឲ្យដឹងពីលោក Kyaw Kyaw Soe ។
ម្យ៉ាងទៀត ពិតជាមានការលំបាកនៅក្នុងការស្វែងរកលំនៅឋាន (ផ្ទះល្វែង) ៧៥.០០០ខ្នង ពេលទីផ្សារអចលនទ្រព្យស្ថិតក្នុងស្ថានភាពមិនអំណោយផល ។
លោកបន្តថា ៖ «មានមនុស្សជាច្រើនកំពុងផ្លាស់ប្តូរទីលំនៅមកកាន់ទីក្រុងជារៀងរាល់ឆ្នាំ។ ពួកគេចាំបាច់ត្រូវសង់លំនៅឋានជាបណ្តោះអាសន្ន ដោយសារគ្មានផ្ទះល្វែងគ្រប់គ្រាន់នៅជុំវិញតំបន់នោះ ។ បញ្ហានេះត្រូវបានដោះស្រាយតាមរយៈការសម្រេចពីរដ្ឋាភិបាលសហព័ន្ធប៉ុណ្ណោះ ។ គួរណាស់តែមានការបង្កើតឡើងនូវប្រព័ន្ធមួយសមរម្យ ដែលពលរដ្ឋមានលទ្ធភាពទិញផ្ទះល្វែងតាមរយៈការបង់បណ្តាក់ ឬបង់រំលស់បាន» ។
លោក Kyaw Kyaw Soe បន្តថា ៖ «មានការលើកទឹកចិត្តមួយចំនួនសម្រាប់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍នានា ក្នុងការវិនិយោគគម្រោងលំនៅឋានដែលមានតម្លៃធូរថ្លៃ ពោលគឺមានតម្លៃទាបជាងផ្ទះល្វែងប្រណីតៗឆ្ងាយ ហើយតម្លៃដីក៏នៅតែគ្មានហាងឆេងខ្ពស់ដដែល» ។
យោងតាមការវាយតម្លៃរបស់ MCEA ថា ផ្ទះល្វែងដែលល្មមទិញ គឺមានហាងឆេង៤៥០ហ្វូតការ៉េក្នុងមួយល្វែង ក្នុងរង្វង់៧.៧៧០ដុល្លារនៃការសាងសង់ ។
ចំណែកលោក Aung Myint អនុប្រធានសមាគមវិស្វកម្មមីយ៉ាន់ម៉ា ថ្លែងថា ៖ «យើងត្រូវការដី ។ ប្រសិនបើសង្កេតតាមកំណើនប្រជាជន ផ្ទះដែលធូរថ្លៃគឺមានតម្រូវការជាបន្ទាន់។ មានផ្ទះល្វែងគ្រប់គ្រាន់ក្នុងក្រុងយ៉ាំងហ្គូន សម្រាប់អ្នកដែលមានជីវភាពធូរធា និងអ្នកមានចំណូលមធ្យម» ។
ម្យ៉ាងទៀត ប្រសិនជាក្រុមហ៊ុនសំណង់ត្រូវការទិញដី និងវិនិយោគលើគម្រោងនេះ តម្លៃចុងក្រោយសម្រាប់អ្នកទិញនឹងកាន់តែខ្ពស់។ ប្រសិនបើដីបម្រុងទុករបស់រដ្ឋាភិបាលលើគម្រោងលំនៅឋានមានតម្លៃធូរថ្លៃ វានឹងធ្វើឲ្យមានភាពខុសគ្នាកាន់តែច្រើនឡើងថែមទៀត ។
ក្រសួងសំណង់បានប្រគល់គម្រោងលំនៅឋានដែលមានតម្លៃធូរថ្លៃមួយចំនួនក្នុងក្រុងយ៉ាំងហ្គូន ដោយរាប់បញ្ចូល Ayeyarwun និង Yadanar Housing ក្នុងសង្កាត់ Dagon Sekkan ផងដែរ ។
គណៈកម្មាធិការអភិវឌ្ឍន៍ក្រុងយ៉ាំងហ្គូន ក៏មានគម្រោងមួយចំនួនដែរដូចជា គម្រោងលំនៅឋាន Bo Ba Btoo និង Bo Min Yaung ប៉ុន្តែមានគម្រោងជាច្រើនដែលត្រូវការចាំបាច់ ។ផ្ទះល្វែងក្នុងគម្រោងទាំងនេះមានតម្រូវការខ្ពស់ហើយតម្លៃក៏កើនឡើងដែរ មានប្រមាណជា១០លានខ្យាដ (ប្រាក់មីយ៉ាន់ម៉ា) ។
លោកស្រី Daw Moe Thida អគ្គនាយករងនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍លំនៅឋាន និងទីក្រុង ថ្លែងថា ៖ «រដ្ឋាភិបាលចង់ស្វែងរកដំណោះស្រាយមួយ ។ ក្នុងរង្វង់ប្រជាជន៥៨% ជាអ្នកដែលរកចំណូលបានតិចជាង៣០ម៉ឺនខ្យាដក្នុងមួយខែ ពួកគេគ្មានលទ្ធភាពទិញលំនៅឋានដែលមានតម្លៃសមល្មមទេ ។ ប្រព័ន្ធនេះមិនអាចផ្តល់ឲ្យសម្រាប់តម្រូវការទាំងអស់នេះឡើយ» ។
យើងត្រូវការយុទ្ធសាស្ត្រមួយដើម្បីសហការជាមួយបណ្តាក្រុមហ៊ុនអភិវឌ្ឍន៍វិស័យឯកជន និងពាំនាំនូវការវិនិយោគកាន់តែច្រើនឡើងថែមទៀតពីសំណាក់ក្រុមហ៊ុនក្នុងស្រុក និងបរទេស ។
រដ្ឋាភិបាលអាចលៃលកដីទុកបាន ដែលមិនត្រឹមតែផ្តល់ឲ្យបន្ថែមទៀត និងបង្កើនការគាំទ្រដល់អ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភផងដែរ ។
លោក Lorenzo Nogales Tovey សហស្ថាបនិករបស់ក្រុមហ៊ុន Golden Rock Capital លើកឡើងថា ៖ «ក្រុមវិនិយោគិននានាដែលបានព្រមព្រៀងជាមួយរដ្ឋាភិបាល គឺមានតួនាទីសំខាន់នៅក្នុងការជួញដូរលំនៅឋានដែលមានតម្លៃសមរម្យ ។ នេះជាការពិត ជាពិសេសសម្រាប់មីយ៉ាន់ម៉ា ជាទីតាំងនគរូបនីយកម្ម» ។
លោកបន្ថែមថា ៖ «អ្វីៗបានផ្តល់ឲ្យហើយ ដូចជា ទីធ្លា ឬដីទំនេរសម្រាប់រដ្ឋាភិបាលនឹងត្រូវរៀបចំទុកក្នុងកិច្ចការនេះសម្រាប់វិស័យឯកជន ក្នុងការទទួលខុសត្រូវបើកឲ្យដំណើរការទូលំទូលាយក្នុងប្រទេសមីយ៉ាន់ម៉ា នាពេលបច្ចុប្បន្ន» ។
លោក Cyrus Pun ប្រធានគ្រប់គ្រងផ្នែកអចលនទ្រព្យរបស់ក្រុមហ៊ុន Yoma Strategic ថ្លែងថា ៖ «ការលើកទឹកចិត្តវិនិយោគិន គឺជាការចាំបាច់ក្នុងការប្រតិបត្តិបន្ទាន់ ។ វាជាបញ្ហាមួយដែលយើងមិនអាចរង់ចាំនូវការបង្កើតដំណោះស្រាយពេលទីក្រុងមិនអាចទទួលយកបានយ៉ាងពេញលេញនោះ ។ យើងត្រូវការដំណោះស្រាយមួយដ៏ត្រឹមត្រូវក្នុងពេលបច្ចុប្បន្ន» ។
លោកបញ្ជាក់ថា ៖ «ផ្នត់គំនិតរបស់រដ្ឋាភិបាល ក៏ចាំបាច់ត្រូវផ្លាស់ប្តូរដែរ ។ ចំពោះលំនៅឋានដែលមានតម្លៃធូរថ្លៃ រដ្ឋាភិបាលចាំបាច់ត្រូវផាត់ភាគចំណេញចេញ» ។
នីតិវិធីនៃការផ្តល់ហិរញ្ញវត្ថុមានសារសំខាន់បំផុត ។ គម្រោងទាំងនេះគួរមានកម្រិតខ្ពស់ក្នុងប្រសិទ្ធភាពនៃការចំណាយ ។ ក្រុមហ៊ុនអភិវឌ្ឍន៍ទោលជាច្រើននឹងមិនអាចទ្រាំទ្ររួចទេ ក្នុងបន្ទុកហិរញ្ញវត្ថុដ៏មហាសាលនេះ ៕
ចែករំលែកព័តមាននេះ