ប្រទេសវៀតណាម ៖ ស្របពេលការឡើងកម្តៅនៃទីផ្សារអចលនទ្រព្យ អត្រាប្រាក់ដែលទំនេរបានសម្លឹងឃើញការវិនិយោគលើអចលនទ្រព្យរមណីយដ្ឋាន ឬរីសត ដែលគេស្គាល់ថា ជាផ្ទះទីពីរ ។
អ្នកជំនាញឧស្សាហកម្មរកឃើញថា ការធ្វើជាម្ចាស់នៃអចលនទ្រព្យរីសតជាផ្ទះទី២នេះ បានប្រែក្លាយជានិន្នាការដ៏មានប្រជាប្រិយភាពមួយក្នុងចំណោមការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសនេះ ដែលជាការជំរុញប្រាក់ចំណូលរបស់ប្រជាជន ក៏ដូចជាជំរុញក្នុងការស្វែងរកប៉ុស្តិ៍វិនិយោគសម្រាប់ប្រាក់ដែលនៅទំនេររបស់ខ្លួន ។
ខណៈអត្រាការប្រាក់នៅមានកម្រិតទាប ហើយផ្សារភាគហ៊ុនក៏ឆ្លងកាត់ការប្រែប្រួលដ៏ធំធេង ចំណែកទីផ្សារអចលនទ្រព្យជារីសត ដែលធានាបាននូវប្រាក់ចំណេញនោះ បានប្រែក្លាយជាទិសដៅវិនិយោគគួរឲ្យចាប់អារម្មណ៍សម្រាប់អ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ។
គិតចាប់ពីដើមឆ្នាំ២០១៥ គម្រោងអចលនទ្រព្យលំដាប់ខ្ពស់ជាច្រើននៅតាមបណ្តាខេត្ត និងទីក្រុងនានាដែលជាប់ឆ្នេរសមុទ្រ ដូចជា Kien Giang, Khanh Hoa, Nha Trang និង Da Nang ត្រូវបានបញ្ចេញចូលទីផ្សារហើយ ថែមទាំងទទួលបាននូវការប្រុងស្មារតីយ៉ាងខ្លាំងពីសំណាក់អ្នកទិញ ក៏ដូចជាទាក់ទាញនូវលំហូរចូលនៃមូលធនដ៏ប្រសើរបំផុតផងដែរ ។
BIM Group ស្ថិតក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំមួយក្នុងប្រទេសវៀតណាម ថ្លែងថា ខ្លួនសង្កេតឃើញពីសក្តានុពលដ៏ប្រសើរបំផុតក្នុងពពួកអចលនទ្រព្យជារីសតនេះ និងមើលឃើញពីការផ្តល់ឲ្យនូវហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍន៍ ការកើនឡើងនៃតម្រូវការនៃការធ្វើដំណើរកម្សាន្ត ជាពិសេសការកើនឡើងនៃតម្រូវការស្វែងរកនូវប៉ុស្តិ៍វិនិយោគដ៏មានសុវត្ថិភាព និងអាចទទួលបានប្រាក់ចំណេញខ្លះៗ ។
BIM Group ក្នុងអំឡុងពេលពីរឆ្នាំមុននេះបានដាក់លក់គម្រោងអចលនទ្រព្យលក្ខណៈទេសចរណ៍លំដាប់ខ្ពស់ចំនួនពីរគឺ Little Vietnam និង Lotus Residences ដែលមានទីតាំងនៅ Halong Marina Urban Area របស់ក្រុមហ៊ុនដែលស្ថិតនៅភាគខាងជើងខេត្ត Quang Ninh ។ ការលក់ គឺលើសពីការរំពឹងទុក ដែលឆ្លុះបញ្ចាំងឲ្យឃើញពីនិន្នាការរើបឡើងវិញនៃការធ្វើជាម្ចាស់ផ្ទះទី២ នេះ ។
ក្រុមហ៊ុនលើកឡើងថា ផ្ទះ១០១ក្នុងចំណោម១០៩ល្វែងនៃគម្រោង Little Vietnam ត្រូវបានលក់ចេញនៅក្នុងរយៈពេល៣ខែ។ បរិមាណដ៏ច្រើនសន្ធឹកសន្ធាប់នៃការជួញដូរដ៏ជោគជ័យពាក់ព័ន្ធនឹងលំនៅឋានរបស់គម្រោង Lotus Residences ត្រូវបានចុះបញ្ជីនៅឆ្នាំនេះដែរ ។ នៅថ្ងៃទី២៥ តុលា ខាងមុខ ក្រុមហ៊ុន BIM Group នឹងបើកការលក់លើកទី៤នៃគម្រោង Lotus Residences បើគិតចាប់តាំងពីខែមិថុនាមក នៅពេលដែលគម្រោងនេះត្រូវបានណែនាំជាលើកដំបូង ។
នេះបង្ហាញឲ្យឃើញថា វិនិយោគិនកំពុងចាប់យកនូវគម្រោងទាំងនេះជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធដែលអភិវឌ្ឍឡើងបានល្អប្រសើរ មានគុណភាព និងការធានាបាននូវប្រាក់ចំណេញពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍន៍នានា ។
អ្នកជំនាញឧស្សាហកម្មឲ្យដឹងថា ពពួកអចលនទ្រព្យរីសតបានទទួលប្រាក់ចំណេញយ៉ាងច្រើនសន្ធឹកសន្ធាប់ពីការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដែលមានសមត្ថភាពជួយឲ្យប្រជាជនអាចធ្វើដំណើរកាន់តែទូលំទូលាយថែមទៀត ។
ឧទាហរណ៍ ៖ ខេត្ត Quang Ninh កំពុងតែប្រែក្លាយជាទិសដៅទេសចរណ៍គួរឲ្យទាក់ទាញជាមួយនឹងការស្ថាបនាផ្លូវ Highway តភ្ជាប់ពីក្រុងហាណូយ Hai Phong និង Quan Ninh ហើយអាចកាត់បន្ថយពេលវេលាធ្វើដំណើរពីក្រុងហាណូយដល់ទៅមួយម៉ោងឯណោះ ។ ម្យ៉ាងទៀត ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក៏បានជួយដល់មូលធនធំក្នុងគម្រោងអចលនទ្រព្យរីសតក្នុង Phu Quoc ផងដែរ ។
ក្នុងចំណោមកត្តាសំខាន់បំផុតដែលជួយជំរុញអ្នកទិញនៅក្នុងការសម្លឹងមើលផ្ទះទី២ ឬរីសតនោះគឺប្រាក់ចំណេញ នេះបើតាមការអះអាងរបស់ក្រុមហ៊ុន BIM Group ៕
ចែករំលែកព័តមាននេះ