ប្រទេសថៃ ៖ បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានឈានមុខនានាកំពុងតែជំរុញការលក់គម្រោងប្រណីតៗនៅក្រៅប្រទេស តាមរយៈការពពាយនាយលក់ និងកម្មវិធីលើកទឹកចិត្តដទៃទៀត ជាពិសេសក្នុងទីផ្សារអាស៊ានដូចជា ៖ ចិន ហុងកុង សិង្ហបុរី ជប៉ុន និងកោះតៃវ៉ាន់ ដោយសារតែការចុះថ្លៃនៃប្រាក់បាតថៃក្នុងឆ្នាំ២០១៥ ។ ប្រាក់បាតថៃបានធ្លាក់ថ្លៃយ៉ាងខ្លាំងពីអត្រាហាងឆេង៣២,៩៥បាតក្នុងមួយដុល្លារកាលពីដើមខែមករា ទៅ៣៦,៤៣បាតក្នុងមួយដុល្លារកាលពីសប្តាហ៍មុន ។
អនុប្រធានប្រតិបត្តិផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្ម និងគម្រោងរបស់ក្រុមហ៊ុន Sansiri លោក Uthai-Uthai-sangsuk ថ្លែងថា ៖ «យើងបានលក់ចេញនូវយូនីតក្នុងគម្រោងខុនដូចំនួនពីរដែលជ្រកក្រោមស្លាកយីហោនេះនៅតំបន់ Chatuchak និង Sukhumvit71 ដែលមានទំហំទឹកប្រាក់សរុបទាំងអស់១,៩ប៊ីលានបាតក្នុងអំឡុងពេល៩ខែដំបូងនៃឆ្នាំនេះ ព្រោះការចុះខ្សោយនៃប្រាក់បាតថៃ» ។
អតិថិជនបរទេសរបស់ក្រុមហ៊ុនភាគច្រើនមកពីប្រទេសសិង្ហបុរី ហុងកុង និងកោះតៃវ៉ាន់ រួមនឹងការប្រកបមុខជំនួញបន្ថែមដែលនឹងជួយគាំទ្រ តាមរយៈការបង្ហាញផ្លូវលក់ក្នុងទីផ្សារសំខាន់ៗ ។
លោកបន្តថា ៖ «ជាងនេះទៅទៀត អ្នកទិញទាំងអស់យល់ស្របនឹងគម្រោងនៃការឈានជើងចូលទីផ្សារចិននៅចុងឆ្នាំនេះ ដែលត្រូវគេរំពឹងថា នឹងជំរុញការត្រៀមលក់នៅបរទេសពេញមួយឆ្នាំ ក្នុងទំហំទឹកប្រាក់៣ប៊ីលានបាត» ។
ចំណែកក្រុមហ៊ុន Eastern Star Real Estate កំពុងតែបង្ហាញនូវគម្រោងខុនដូចំនួនពីរដែរដូចជា The Starview ស្ថិតនៅលើដងវិថី Rama 3 និង The Nara 9 លើផ្លូវ Narathiwat Road តាមរយៈការតាំងពិព័រណ៍ China Real Estate Business Exhibition ប្រចាំឆ្នាំ២០១៥ ដែលកំពុងប្រតិបត្តិការនៅទីក្រុងចឹងទូ Chongjin Kunming និង Gulyang ក្នុងអំឡុងពេលនៅសេសសល់នៃឆ្នាំ២០១៥ ។
សមាជិកក្រុមហ៊ុនឱ្យដឹងថា ៖ «នេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការលក់នៅក្នុងត្រីមាសចុងក្រោយ ដែលគេសង្កេតឃើញមានតម្រូវការខ្លាំងពីសំណាក់អ្នកទិញបរទេស ដោយផ្អែកតាមភាពចុះខ្សោយនៃប្រាក់បាតរបស់ថៃ» ។
ចំណែកលោក Nuttaphong Kunakornwong នាយកប្រតិបត្តិរបស់ SC Asset Corp ថ្លែងថា ៖ «នៅពេលប្រាក់បាតថៃចាប់ផ្តើមចុះថោក វាបានប្រកួតប្រជែងចំពោះអ្នកទិញបរទេសក្នុងការពង្រីកការវិនិយោគរបស់ពួកគេក្នុងគម្រោងលំនៅឋានរបស់ប្រទេសថៃ» ។
ជាក់ស្ដែង ក្រុមហ៊ុនទទួលបានជោគជ័យក្នុងការលក់យូនីតជាច្រើនដែលមានទំហំទឹកប្រាក់៩០០លានបាតនៃគម្រោង Saladaeng One បន្ទាប់ពីការណែនាំគម្រោងនោះដល់អតិថិជនកាលពីសប្តាហ៍មុន ។ គម្រោងខុនដូនេះមិនទទួលការកក់ជាសាធារណៈឡើយ រហូតមកដល់ថ្ងៃទី២៣ ឧសភា ។
ការចាប់អារម្មណ៍កាលពីសប្តាហ៍មុនក្នុងការផ្តល់ជូនថ្មីរបស់ក្រុមហ៊ុនបង្ហាញថា តម្រូវការផ្ទះប្រណីត គឺនៅតែខ្លាំងក្លាដដែលពីសំណាក់អ្នកទិញក្នុងស្រុក និងក្រៅស្រុក ។
នាយកប្រតិបត្តិខាងលើបន្ថែមថា ៖ «ប្រមាណជា៣០% នៃទិសដៅរបស់អតិថិជនរបស់ខ្លួនសម្រាប់គម្រោង Saladaeng One ដែលផ្តល់នូវយូនីតចន្លោះពី១៣លានបាត ឬ៣១០.០០០បាតក្នុងមួយម៉ែត្រការ៉េ គឺជាទីផ្សារបរទេស» ។
ជាមួយនឹងអតិថិជនបរទេសទាំងអស់ដែលមកពីប្រទេសចិន ហុងកុង សិង្ហបុរី និងកោះតៃវ៉ាន់ ក្រុមហ៊ុន SC Asset កំពុងនាំមកនូវគម្រោង Saladaeng One ដែលជាការបើកផ្លូវដល់អតិថិជនសិង្ហបុរី និងហុងកុង នៅត្រីមាសក្រោយនេះ ។
ម្យ៉ាងវិញទៀត ក្រុមហ៊ុន Fulcrum Capital មានមូលដ្ឋាននៅក្រុងហុងកុង ក៏កំពុងវិនិយោគទឹកប្រាក់ប្រមាណជា២,៣ប៊ីលានបាតលើគម្រោងខុនដូ Park 24 ប្រមាណ៣០៦យូនីតពីគម្រោង Proud Residence ផងដែរ ។
លោក Frank Leung នាយកគ្រប់គ្រងក្រុមហ៊ុន Fulcrum Capital ថ្លែងថា ៖ «ថៃគឺជាប្រទេសដំបូងរបស់អាស៊ាន ដែលក្រុមហ៊ុននេះកំពុងពង្រីកការវិនិយោគរបស់ខ្លួនបន្ទាប់ពីសម្លឹងឃើញឱកាសពិសេសនៃគម្រោងលំនៅឋានទាំងឡាយ ដែលនៅតែមានតម្លៃធូរថ្លៃជាងមុននៅពេលលើកយកមកប្រៀបធៀបនឹងទីផ្សារអាស៊ានដូចជា ហុងកុង សិង្ហបុរី និងចិនជាដើម» ។
លោកបន្តថា ៖ «ភាពចុះខ្សោយនៃប្រាក់បាតថៃ ក៏ហុចប្រយោជន៍ដល់បណ្តាអ្នកវិនិយោគរបស់ខ្លួនផងដែរក្នុងទីផ្សារអលនទ្រព្យរបស់ថៃ» ។
ក្រុមហ៊ុន Fulcrum Capital បានបង្កើតឡើងកាលពីឆ្នាំ២០០៩ ដើម្បីគ្រប់គ្រងមូលនិធិវិនិយោគលើវិស័យអចលនទ្រព្យឯកជន ដែលមានទំហំទឹកប្រាក់៥០០លានដុល្លារ (១៨,១៦ប៊ីលានបាត) ។
ក្រុមហ៊ុនបានវិនិយោគនូវទឹកប្រាក់ចំនួន១៦,៥ប៊ីលានបាតក្នុងគម្រោងលំនៅឋានក្នុងចក្រភពអង់គ្លេស ដែលមានជាង១ពាន់យូនីត ៕
ចែករំលែកព័តមាននេះ