ខេត្តកំពត ៖ បុរសវ័យចំណាស់ម្នាក់ត្រូវបានរថយន្តមិនស្គាល់ម៉ាកបុកស្លាប់កាលពីវេលាម៉ោង៧ និង២០នាទីយប់ ថ្ងៃទី១៦ តុលា ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ៣១ ស្ថិតក្នុងភូមិព្រៃតាព្រឹត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ខណៈពេលបុរសវ័យចំណាស់រូបនោះដើរទៅបុណ្យសពគម្រប់៧ថ្ងៃរបស់ក្មេងស្រីម្នាក់ដែលស្លាប់ដោយសាររថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុនភ្នំពេញសូរិយាបុកស្លាប់កាលពីថ្ងៃទី១១ តុលា ២០១៥ ។
បុរសវ័យចំណាស់រងគ្រោះឈ្មោះ ឡុង ទង អាយុ៦៩ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។
ប្រភពពីក្រុមគ្រួសារជនរងគ្រោះបាននិយាយប្រាប់សមត្ថកិច្ចឱ្យដឹងថា បន្ទាប់ពីឮសំឡេងបុកហើយ ម្នាក់ៗរត់ចេញពីរោងបុណ្យសពមកមើល ស្រាប់តែឃើញជនរងគ្រោះដួលស្លាប់ទៅហើយ តែរថយន្តបង្កមិនបានឈប់ទេគឺបន្តបើកគេចខ្លួនបាត់បន្សល់ទុកតែកម្ទេចកម្ទីកញ្ចក់មុខធ្លាក់រាយប៉ាយនៅលើថ្នល់ប៉ុណ្ណោះ ។
ប្រភពពីអ្នកឃើញហេតុការណ៍នេះបានឱ្យដឹងថា រថយន្តបង្កបើកពីជើងទៅត្បូង ហើយបានបុកមនុស្សស្លាប់នៅខាងលិចថ្នល់ គឺនៅខាងស្តាំដៃ ។
លោក មិន ញ៉េប មន្ត្រីនគរបាលសណ្តាប់ធ្នាប់ស្រុកបានឱ្យដឹងថា រថយន្តបង្កដែលបុកមនុស្សស្លាប់នេះមិនទាន់ត្រូវបានស្គាល់នៅឡើយទេ តែក្រោយពេលកើតហេតុភ្លាមៗសមត្ថកិច្ចក៏បានទាក់ទងទៅសមត្ថកិច្ចស្រុកកំពង់ត្រាចឱ្យជួយស្ទាក់រថយន្តដែរ ហើយក៏មានសាក្សីជាច្រើនបានឃើញរថយន្តបែកកញ្ចក់មុខមួយផ្ទាំងបានបើកគេចចូលទៅស្រុកដងទង់ ហើយបន្តបើកគេចចូលស្រុកឈូកទៀត ។ ជាចុងក្រោយនេះគឺអាចមានតម្រុយខ្លះៗហើយ ព្រោះសាក្សីបានឃើញរថយន្តសាំយ៉ុង ពណ៌ស មួយគ្រឿងបែកកញ្ចក់មុខ នៅស្រុកកំពង់ត្រាច ពេលនេះកំពុងស្រាវជ្រាវបន្តទៀត ៕
ចែករំលែកព័តមាននេះ