រាជធានីភ្នំពេញ ៖ ខុនដូ គឺជាសំណង់អគារខ្ពស់ៗដែលមានម្ចាស់សហកម្មសិទ្ធិស្របច្បាប់ក្នុងស្រុក និងជនបរទេស ។ អគារខុនដូមួយចំនួនមានប្លង់កម្មសិទ្ធិស្របច្បាប់តែក្នុងរយៈពេល៩៩ឆ្នាំប៉ុណ្ណោះ ។ ជាទូទៅ ប្រភេទអចនទ្រព្យនេះមានយូនីតច្រើនជាន់ដែលអាចស្នាក់នៅ ឬអាចជួលទៅឲ្យភ្ញៀវច្រើនគ្រួសារផ្សេងៗគ្នា ។
បើក្រឡេកមើលទីផ្សារខុនដូក្នុងរាជធានីភ្នំពេញ នាប៉ុន្មានឆ្នាំចុងក្រោយនេះមានសន្ទុះកើនឡើងយ៉ាងខ្លាំង ដោយសារកត្តាផ្សេងៗដូចជា តម្រូវការរបស់ជនបរទេសមកស្នាក់នៅ និងមកធ្វើការ កំណើនតម្រូវការគេហឋានរបស់ប្រជាពលរដ្ឋក្នុងតំបន់ ការទិញសម្រាប់ទុកវិនិយោគ និងការរំពឹងទុកចំពោះតម្រូវការទីផ្សារដោយបើកចំហរទីផ្សារអាស៊ាននៅពេលដ៏ខ្លីខាងមុខនេះ ។ ទន្ទឹមនឹងដែរ ប្រជាពលរដ្ឋកម្ពុជាដែលយល់ដឹងពីអត្ថប្រយោជន៍នៃការរស់នៅក្នុងខុនដូ បានចាប់ផ្ដើមកើនឡើងជាបន្តបន្ទាប់។
មិនតែប៉ុណ្ណោះ ការទិញ និងស្នាក់នៅក្នុងខុនដូ ក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ ដែលខុសពីរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។ ទោះជាយ៉ាងណា បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន Century 21 Cambodia ខណៈដែលគម្រោងចំនួន៥ភាគរយមានដំណើរការយឺតយ៉ាវជាងការកំណត់ គម្រោងខុនដូចំនួន៣១ភាគរយបានបញ្ចប់ការសាងសង់ជាស្ថាពរ និងរួចរាល់សម្រាប់អ្នកស្នាក់នៅ និង៦៤ភាគរយក្នុងចំណោមគម្រោងខុនដូសរុបកំពុងស្ថិតក្នុងការសាងសង់ត្រូវគេរំពឹងថា នឹងបញ្ចប់នៅចន្លោះឆ្នាំ២០១៥ ទៅឆ្នាំ២០១៨។ តើការរស់នៅក្នុងខុនដូមានអត្ថប្រយោជន៍បែបណាខ្លះ ។
ខាងក្រោមនេះជាកិច្ចសម្ភាសន៍មួយរវាងអ្នកយកព័ត៌មានផ្នែកសេដ្ឋកិច្ច (Koh Biz) របស់កោះសន្ដិភាព ជាមួយលោក វ៉ា វីរៈ អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Century 21 Fortuna Investment ស្តីអំពី «អត្ថប្រយោជន៍នៃការរស់នៅក្នុងខុនដូ» ។
តើលោកយល់ឃើញយ៉ាងណាដែរចំពោះវិស័យខុនដូនៅកម្ពុជា នាពេលបច្ចុប្បន្ន ?
វិស័យខុនដូ នាពេលបច្ចុប្បន្ននេះមានការរីកចម្រើនយ៉ាងខ្លាំង ជាពិសេសក្នុងរយៈពេលប្រហែលជាកន្លះឆ្នាំចុងក្រោយនេះ ខ្ញុំសង្កេតឃើញថា មានអគារខុនដូ ឬអគារខ្ពស់ៗបានចាប់ផ្តើមសាងសង់ ខ្លះកំពុងបុកគ្រឹះ និងខ្លះទៀតស្ថិតក្នុងដំណើរចុះឈ្មោះក្នុងបញ្ជីក្រសួង ។ នៅឆ្នាំ២០១៧ ឬឆ្នាំ២០១៨ យើងនឹងឃើញភាពប្លែកទៀតហើយ ដោយសារទីផ្សារខុនដូមួយចំនួននឹងសាងសង់រួចរាល់សម្រាប់បំពេញតម្រូវការ ។
តើអតិថិជនប្រភេទណាខ្លះដែលរស់នៅខុនដូក្នុងទីក្រុងភ្នំពេញ ? ហេតុអ្វី ?
រហូតមកទល់សព្វថ្ងៃនេះ មានអតិថិជនប្រហែល៩៥ភាគរយជាជនបរទេស ចំណែក៥ភាគរយទៀតជាជនជាតិខ្មែរ ។ ទាក់ទងនឹងវប្បធម៌របស់យើងនៅមិនទាន់មានទម្លាប់រស់នៅក្នុងខុនដូនៅឡើយទេ រីឯបរទេសគេមានវប្បធម៌រស់នៅក្នុងខុនដូតាំងពី៣០ឆ្នាំ ឬ៤០ឆ្នាំមុនមកម្ល៉េះ ឬយូរជាងនេះទៀត ។
នៅប្រទេសកម្ពុជាសព្វថ្ងៃ ខុនដូភាគច្រើនលក់ក្នុងតម្លៃខ្ពស់គួរសម ដែលមនុស្សចំនួនមិនទាន់មានលទ្ធភាពទិញរស់នៅទេ ។ ប៉ុន្តែបច្ចុប្បន្ននេះ ខុនដូចាប់ផ្តើមមានតម្លៃសមរម្យ ឬទាបជាបណ្តើរៗហើយ ។ ដូច្នេះក្នុងរង្វង់ប្រហែលជាពីរឆ្នាំទៀត ប្រជាពលរដ្ឋខ្មែរនឹងផ្លាស់ប្តូរមករស់នៅក្នុងខុនដូដែរ ហើយអ្នកក្នុងតំបន់អាចនឹងមាន៩០ភាគរយ ចំណែកជនបរទេសមាន១០ភាគរយ ដែលនឹងមកស្នាក់នៅក្នុងខុនដូរយៈពេលប្រហែល៥ឆ្នាំខាងមុខទៀត ។
តើការរស់នៅក្នុងខុនដូមានប្រយោជន៍អ្វីខ្លះ ?
កាលពីមុនប្រជាពលរដ្ឋខ្មែរយើងភាគច្រើនរស់នៅជុំគ្នាទាំងកូនទាំងចៅ ក្រោយមកគាត់បែកទៅរស់នៅផ្ទះផ្សេងសម្រាប់គ្រួសារថ្មី ។ បើពួកគាត់មានលទ្ធភាព គឺអាចរកផ្ទះនៅជិត ឬក្នុងក្រុងរស់នៅ ប៉ុន្តែប្រសិនបើគាត់គ្មានលទ្ធភាពគ្រប់គ្រាន់ទេ គាត់អាចរស់នៅជាយក្រុង ឬផ្ទះជាន់លើក្នុងក្រុង ។ ដោយសារការរស់នៅក្នុងខុនដូធ្វើឲ្យចំណេញពេលវេលាច្រើន ព្រោះជាធម្មតា ខុនដូភាគច្រើនសាងសង់នៅទីប្រជុំជន ដែលនៅជិតសាលារៀន និងកន្លែងធ្វើការជាដើម ។ ដូច្នេះគាត់មិនត្រូវការចំណាយពេលក្នុងធ្វើការដំណើរទៅកន្លែងធ្វើការ ឬជូនកូនទៅសាលារៀនទេ ។
ក្រៅពីនោះ អ្នករស់នៅក្នុងខុនដូក៏អាចស្វែងរកហាងកាហ្វេ ភោជនីយដ្ឋាន រោងកុន ឱសថស្ថាន ឬផ្សារទំនើបផ្សេងៗដែលនៅជិតលំនៅឋានបានដោយងាយស្រួល ។ ជាក់ស្តែង យើងមើលឃើញខុនដូនៅតំបន់បឹងកេងកង ដែលនៅក្បែរនោះមានសេវាកម្មសព្វបែបយ៉ាងតាមតម្រូវការ គ្រាន់តែយើងចុះពីខុនដូមកនឹងអាចរកបានដូចជា Brown, Domino’s Pizza, Burger King, Costa ឬភោជនីយដ្ឋានខ្មែរ ថៃ ចិន និងបរទេសផ្សេងៗទៀតគ្រប់ប្រភេទ ។ ជាធម្មតា ខុនដូមានសន្តិសុខការពារសុវត្ថិភាពខ្ពស់ ដោយសារតែគេចំណាយប្រាក់ទៅលើអ្នកយាម និងមានប្រព័ន្ធកាមេរ៉ាសុវត្ថិភាពដូចជា Alarm និងប្រព័ន្ធពន្លត់អគ្គិភ័យជាដើម ។ ជាងនេះទៅទៀត ខុនដូខ្លះក៏មានអាងហែលទឹក កន្លែងហាត់ប្រាណ សួនច្បារ កន្លែងក្មេងលេង និងកន្លែងចំណតរថយន្តផងដែរ ។
ប្រសិនបើយើងគិតថា ចង់មានទីកន្លែង ឬឧបករណ៍ទាំងនោះនៅក្នុងផ្ទះយើង (មិនចង់រស់នៅខុនដូ) នោះការបោះទុននឹងត្រូវចំណាយច្រើន ឧទាហរណ៍ បើយើងចង់មានអាងហែលទឹកមួយនៅក្នុងផ្ទះ យើងត្រូវចំណាយសម្រាប់ការសាងសង់ចាប់ពី៣ទៅ៤ម៉ឺនដុល្លារនោះសឹងតែមិនគ្រាន់ផង នេះគិតត្រឹមតែការវិនិយោគទុន។ ចុះប្រសិនបើយើងគិតជាប្រចាំខែវិញ ប្រសិនបើយើងរស់នៅតែម្នាក់ឯងនោះយើងនឹងត្រូវចំណាយច្រើនទៅលើសន្តិសុខយាម ឬអ្នកថែទាំផ្ទះជាដើម ។ ប៉ុន្តែបើរស់នៅក្នុងខុនដូវិញ ការចំណាយទាំងនេះនឹងត្រូវចែករំលែកទៅតាមទំហំនៃកន្លែងរស់នៅរបស់ពួកគាត់ (យូនីត) ។
តើតំបន់ណាខ្លះដែលមានការរីកចម្រើនខ្លាំងសម្រាប់វិស័យខុនដូ នាពេលបច្ចុប្បន្ន ?
តំបន់បឹងកេងកង ទួលគោក កោះពេជ្រ និងជ្រោយចង្វា ដោយសារតែដីនៅតំបន់ទាំងនោះមានតម្លៃថ្លៃ នៅចំទីប្រជុំជន និងតំបន់ពាណិជ្ជកម្ម រីឯតំបន់ដែលមានតម្លៃសមរម្យផ្សេងទៀតមាន ទួលទំពួង ឬភ្នំពេញថ្មីជាដើម ។
តើខុនដូមានទំហំខុសគ្នាយ៉ាងម្តេចដែរ និង មានតម្លៃចាប់ពីប៉ុន្មាន ?
ខុនដូនៅក្នុងទីក្រុងភ្នំពេញត្រូវបានសាងសង់ដោយមានទំហំយូនីតផ្សេងៗពីគ្នា ដែលស្រដៀងនឹងអាផាតមិនដែរ មានទំហំមធ្យមនៃយូនីតខុនដូដែលមានបន្ទប់គេងមួយ មានទំហំប្រមាណជា ៨០ម៉ែត្រការ៉េ ។ យូនីតខុនដូមានបន្ទប់គេងពីរ មានទំហំប្រមាណ១២០ម៉ែត្រការ៉េ និងយូនីតខុនដូដែលមានបន្ទប់គេងបី មានទំហំជាមធ្យមប្រមាណ១៩០ម៉ែត្រការ៉េ ។
ចំពោះទំហំតូចបំផុត យូនីតដែលមានបន្ទប់គេងមួយ ជាទូទៅមានទំហំ៥០ម៉ែត្រការ៉េ ។ យូនីតដែលមានបន្ទប់គេងពីរ មានទំហំ៦៥ម៉ែត្រការ៉េ និងយូនីតបន្ទប់គេងបី ជាទូទៅមានទំហំ៩០ម៉ែត្រការ៉េ ។
ខុនដូមានតម្លៃទៅតាមទំហំនៃការសាងសង់ និងគ្រឿងបរិក្ខាររបស់គេ ។ តម្លៃយូនីតខុនដូ ដែលដាក់លក់ក្នុងទីក្រុងភ្នំពេញជាមធ្យម គឺប្រមាណជា១.៩០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ខុនដូខ្លះដាក់លក់ក្នុងតម្លៃ១.១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ មានតម្លៃទីផ្សារអប្បបរមា ស្របពេលនឹងអគារខុនដូប្រណីត ដូចជា The Peak លក់ក្នុងតម្លៃជាង៤.០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលជាតម្លៃខ្ពស់ជាងគេក្នុងទីផ្សារនាពេលបច្ចុប្បន្ន ។
ចំពោះអ្នកដែលមានបំណងចង់រស់នៅក្នុងខុនដូ តើគួរមានប្រាក់ចំណូលប៉ុន្មានក្នុង១ខែ ?
អ្នកដែលមានប្រាក់ចំណូលត្រឹមតែជាង ៧០០ដុល្លារ ក៏អាចរស់នៅក្នុងខុនដូក្នុងតម្លៃសមរម្យមួយបានដែរ ។
តើវិស័យខុនដូ ឬអចលនទ្រព្យបានជួយអ្វីខ្លះដល់ការលូតលាស់ផ្នែកសេដ្ឋកិច្ចនៅក្នុងស្រុក ?
ខុនដូនីមួយៗអាចសាងសង់ចាប់ពី៤លានដុល្លារ ហើយគម្រោងខ្លះអាចរហូតដល់៥០០លានដុល្លារ ។ វិស័យខុនដូអាចជួយជំរុញឲ្យវិស័យអចលនទ្រព្យមានការរីកចម្រើន ។ ដូច្នេះវិស័យអចលនទ្រព្យបានជួយដល់ការលើកកម្ពស់ការងារ ផលិតផលសំណង់ និងគ្រឿងបរិក្ខារផ្សេងៗដូចជា ប្រព័ន្ធទឹក ភ្លើង ។ល។ ដែលឆ្លុះបញ្ចាំងថា ជួយឲ្យវិស័យសេដ្ឋកិច្ចដំណើរការបានល្អ ។ វិស័យសំណង់ និងអចលនទ្រព្យ គឺសុទ្ធសឹងតែដើរជាមួយគ្នា ហើយក៏ជាផ្នែកមួយយ៉ាងសំខាន់នៃសេដ្ឋកិច្ចកម្ពុជាផងដែរ ៕
ចែករំលែកព័តមាននេះ