ខេត្តបន្ទាយមានជ័យ ៖ ពលករចាញ់បោកមេខ្យល់នាំទៅកាប់ឈើគ្រញូងលើខ្នងភ្នំនៅទឹកដីថៃចំនួន២៩នាក់ត្រូវបានសមត្ថកិច្ចថៃព័ទ្ធចាប់ដឹកបញ្ជូនត្រឡប់មកកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅម៉ោងជាង៥ល្ងាច ថ្ងៃទី១៦ តុលា ២០១៥។
ពលករទាំងអស់ខាងលើ មាន១៣នាក់ ជាអ្នកខេត្តសៀបរាប, ៨នាក់ជាអ្នកស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និង៨នាក់ជាអ្នកស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ។
ក្រុមពលកររងគ្រោះនិយាយថា ពួកខ្លួនត្រូវបានគេនាំចេញពីកម្ពុជាតាមច្រករបៀងក្នុងស្រុកស្វាយចេកទៅកាប់ឈើគ្រញូងលើភ្នំមួយក្នុងខេត្តប្រាជីនបូរី ប្រទេសថៃ។ ក្រុមពលករបន្តថា ពួកខ្លួនមានគ្នាសរុប៣៤នាក់កាប់បានឈើគ្រញូង២៥ដុំ ហើយក្រោយការទម្លាក់ឈើគ្រញូងមកដល់រថយន្តឲ្យឈ្មួញរួចដឹកចេញទៅបាត់ ពួកខ្លួនបាននាំគ្នាចុះពីភ្នំក្នុងខេត្តកើតហេតុប្រុងនាំគ្នាត្រឡប់មកផ្ទះវិញស្រាប់តែត្រូវសមត្ថកិច្ចថៃព័ទ្ធចាប់បាន២៩នាក់ញាត់គុកអស់រយៈពេល១យប់ ១ថ្ងៃទើបបញ្ជូនតាមរថយន្តទ្រុងមកប្រគល់ឲ្យអាជ្ញាធរ និងសមត្ថកិច្ចកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
ដោយឡែកពលករមួយចំនួនទៀតត្រូវក្រុមពលករខាងលើប្រាប់ថា បានរត់គេចខ្លួននៅក្នុងព្រៃ។ ក្រុមពលករបានលើកឡើងថា មុនការចាប់ខ្លួនសមត្ថកិច្ចថៃមិនបានបំផ្ទុះអាវុធទេ ប៉ុន្តែមានអាវុធខ្លីវែងច្រូងច្រាងខ្លះអាមេកាំភ្លើងដើម្បីគំរាមពួកខ្លួនមិនឲ្យរត់។ មិនតែប៉ុណ្ណោះពលករខ្លះត្រូវបានគេវាយទាត់ធាត់ក្រោយការចាប់ខ្លួនទៀតផង។
ទោះជាយ៉ាងណាក្រុមពលករដែលចាញ់បោកមេខ្យល់នាំទៅកាប់ឈើគ្រញូងលើទឹកដីថៃទាំងពេលកន្លងមក និងពេលបច្ចុប្បន្នពួកគេតែងតែលាក់ព័ត៌មានថា មិនស្គាល់មេខ្យល់ ឬអ្នកនៅពីក្រោយខ្នងនៃជំនួញឈើគ្រញូងទេ៕



ចែករំលែកព័តមាននេះ