រាជធានីភ្នំពេញ ៖ កងរាជអាវុធហត្ថខណ្ឌដូនពេញបានឃាត់ខ្លួនជនសង្ស័យជួញដូរថ្នាំញៀនពីរនាក់ កាលពីវេលាម៉ោ០១ និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ តុលា ២០១៥ ខណៈពេលពួកគេកំពុងតែចែកចាយថ្នាំញៀននៅចំណុចកែងផ្លូវលេខ១៤៤ និង៥១ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។
មន្ត្រីអាវុធហត្ថខណ្ឌដូនពេញបានឲ្យដឹងថា យោងតាមការចង្អុលបង្ហាញពីមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដូនពេញ កម្លាំងអាវុធហត្ថខណ្ឌដូនពេញបានចុះល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន លុះដល់ចំណុចកែងផ្លូវលេខ១៤៤ និង៥១ ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញបានប្រទះឃើញជនសង្ស័យពីរនាក់កំពុងចែកចាយថ្នាំញៀន ក៏បានឃាត់ខ្លួន និងឆែកឆេរស្រាប់តែឃើញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៣៧កញ្ចប់តូចនិងមួយកញ្ចប់ធំ ដែលលាក់ក្នុងខោទ្រនាប់ ស៊ីរ៉ាំងសម្រាប់ចាក់០៧ដើម, ដែកកេះ៣ , កូនកាំបិតមួយ , ទួណឺវីសមួយ , ទូរស័ព្ទ២គ្រឿង និងថ្នាំទឹក៤ដបតូច ។
ជនសង្ស័យចែកចាយថ្នាំញៀនដែលឃាត់ខ្លួនមានឈ្មោះជា សុខសាន ភេទប្រុស អាយុ២៣ និងឈ្មោះសុខ សាន ភេទប្រុស អាយុ៣២ឆ្នាំ ជនទាំងពីរនាក់នេះមានមុខរបរ និងស្នាក់នៅមិនពិតប្រាកដ ។ បន្ទាប់ពីសាកសួររួចជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅទីបញ្ជាការកងរាជអាវុហត្ថរាជធានីភ្នំពេញ ៕


ចែករំលែកព័តមាននេះ