រាជធានីភ្នំពេញ ៖ បុរសម្នាក់សន្លប់មួយសន្ទុះ ខណៈមមើដើរធ្លាក់ពីលើបន្ទប់ឡៅតឿពេលយប់សង្កត់លើប្អូនស្រីដែលចងមុងដេកនៅខាងក្រោមបណ្តាលឲ្យរងរបួសធ្វើឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ តុលា ស្ថិតនៅផ្ទះលេខ47A ក្នុងបុរីសន្តិភាព២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
បុរសរងគ្រោះឈ្មោះ ចៅ សឺន អាយុ៣៥ឆ្នាំ ជាជាងសំណង់ ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅខេត្តតាកែវ ។
តាមប្រភពព័តមានពីសាច់ញាតិជនរងគ្រោះ បាននិយាយថា ជារៀងរាល់យប់បុរសរងគ្រោះតែងតែដេកនៅខាងក្រោមតែម្នាក់ឯង ចំណែកប្រពន្ធកូននៅដេកក្នុងបន្ទប់ឡៅតឿ នៅយប់កើតហេតុពេលហូបបាយបានហូបស្រាដើម្បីបាយឆ្ងាញ់ជាមួយបងប្អូននៅក្នុងផ្ទះ លុះដល់ម៉ោង១០យប់ទើបចូលដេក ហើយប្រពន្ធបានហៅឲ្យទៅដេកក្នុងបន្ទប់ឡៅតឿជាមួយ ។ លុះដល់ម៉ោងកើតហេតុខាងលើ ខណៈពេលអ្នកនៅក្នុងផ្ទះកំពុងលង់លក់អស់ហើយ ស្រាប់តែប្រពន្ធគាត់និងម្ដាយគាត់បានឮសូរសំឡេងស្រែក «អូយៗ» រួចគាត់ក៍មកមើលឃើញបុរសរងគ្រោះធ្លាក់ពីលើបន្ទប់ឡៅតឿសង្កត់លើប្អូនស្រីដែលចងមុងដេកនៅខាងក្រោមបណ្ដាលឱ្យរងរបួសស្រាល តែបុរសរងគ្រោះសន្លប់មួយសន្ទុះទើបដឹងខ្លួន ។
បើតាមសម្ដីរបស់ម្ដាយបុរសរងគ្រោះគាត់ បាននិយាយថា ពីមុនកូនប្រុសគាត់គ្រោះថ្នាក់ចរាចរណ៍ធ្លាប់វះកាត់ក្បាលម្ដងហើយ សង្ស័យអាចវង្វេងដើរទៅរកទឹកផឹកហើយមើលទៅ ព្រោះពីក្បាលព្រលប់គេបានហូបស្រាជាមួយបងប្អូនលុះយប់ឡើងឮស្រែករកទឹក លុះពេលដើររកទឹកវង្វេងស្មានតែនៅខាងក្រោមក៍ដើរកន្លងកញ្ចក់ដែលមានកម្ពស់ជិតកន្លះម៉ែត្រ បណ្តាលឱ្យធ្លាក់មកក្រោមកម្ពស់២ម៉ែត្រ រងរបួសរហូតសន្លប់តែម្តង ។
ក្រោយពេលកើតហេតុ បុរសរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកប្អូនស្រីរងរបួសស្រាលមិនបានទៅមន្ទីរពេទ្យព្យាបាលទេ ៕
ចែករំលែកព័តមាននេះ