ស្រុកកោះធំ ៖ ប្រភពព័ត៌មានបានឱ្យដឹងថា ទូកចងផ្អោបគ្នាចំនួន៤គ្រឿង ដែលមួយគ្រឿងៗមានចំណុះពី៥០តោនឡើងទៅផ្ទុកដោយសម្ភារចម្រុះត្រូវអគ្គិភ័យឆេះអស់ស្ទើរទាំងស្រុង កាលពីវេលាម៉ោង៤ និង៤៥នាទីល្ងាច ថ្ងៃទី១៦ តុលា ២០១៥ នៅចំណុចភូមិថាន់ភូ ឃុំឃិនអាង ស្រុកអានភូ ខេត្តអានយ៉ាង ប្រទេសវៀតណាមជាប់ព្រំប្រទល់នៅទល់មុខប៉ុស្តិ៍នគរបាលការពារព្រំដែនបាក់ណាម ក្នុងដែនទឹកវៀតណាម។
បន្ទាប់ពីមានភ្លើងឆាបឆេះ ម្ចាស់ទូកបានកាត់ខ្សែពួរផ្តាច់ចេញពីគ្នា ធ្វើឱ្យទូកអណ្តែតទាំងភ្លើងឆាបឆេះតាមខ្សែទឹកហូរទៅខាងក្រោម។
មូលហេតុដែលបង្កឱ្យមានអគ្គិភ័យឆេះទូកនេះគេនៅមិនទាន់ដឹងនៅឡើយ។
តាមការជូនដំណឹងមិនទាន់ច្បាស់ការណ៍មួយបានឱ្យដឹងថា ទូកនេះមានម្ចាស់ឈ្មោះហ៊ូ វ៉ាង ភេទប្រុស ជាជនជាតិវៀតណាម មានទីលំនៅភូមិដុងគី ឃុំវឹកថៃ ស្រុកអានភូ ខេត្តអានយ៉ាង ប្រទេសវៀតណាម ៕



ចែករំលែកព័តមាននេះ