រាជធានីភ្នំពេញ ៖ ជារឿងគួរមានការភ្ញាក់ផ្អើលមួយដែលព្រះសង្ឃក្នុងវត្តសន្សំកុសលបានឃើញម្ហូបអាហារ ( នៅឆៅ ) មានបន្លែត្រីសាច់ ចងភ្ជួរទុកនៅនឹងឃ្លោងទ្វាររបងវត្តទាំងមិនឃើញមនុស្ស ហើយក៏មិនដឹងថា បានយកទៅចងទុកតាំងពីពេលណានោះដែរ ។
ព្រះអង្គសូត្រស្តាំមួយអង្គ នាមព្រះញាណចរណមុនី វត្តសន្សំកុសល ដែលជាវត្តស្ថិតក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ បានមានសង្ឃដីការ ប្រាប់កោះសន្តិភាពអោយដឹងថា ៖ នៅវេលាព្រឹកឡើងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ ព្រះអង្គបានដើរចេញពីក្នុងកុដិ ហើយក្រឡេកមើលទៅមាត់ទ្វារវត្ត ក៏ស្រាប់តែប្រទះឃើញ មានម្ហូបអាហារបន្លែត្រីសាច់ ជាច្រើនថង់ ចងភ្ជួរទុកនៅនឹងមាត់របង ខណះវត្តបានចាក់សោរ មិនអោយមានការចេញចូលវត្តឡើយ ដើម្បីការពារទប់ស្កាត់ជម្ងឺកូវីដ១៩ ។
ដោយមានការងឿងឆ្ងល់ ព្រះអង្គបានដើរទៅមាត់របង រួចស្រែកសួរពលរដ្ឋនៅក្រៅរបងក្បែរៗនោះ ថាតើនណារជាអ្នកជាម្ហូបអាហារមកចងនៅមាត់ទ្វាររបងវត្ត ។ ពេលនោះ បងប្អូននៅក្បែរនោះ ក៏បានប្រាប់ព្រះអង្គថា មានពុទ្ធិបរិស័ទ គេយកមកប្រគេនព្រះសង្ឃក្នុងវត្ត ប៉ុន្តែដោយសារតែវត្តចាក់សោរចូលមិនកើត អ្នកទាំងនោះ ក៏សម្រេចចងទុកនៅមាត់របងវត្ត តាំងពីពេលព្រលឹមស្រានៗមកម្លេះ ។
បានលឺដូចនោះ ព្រះអង្គសូត្រស្តាំក៏មានសេចក្តីសប្បាយចិត្ត និងសូមចម្រើនពរដល់ពុទ្ធបរិស័ព្ទដែលបានយកចង្ហាន់មកប្រគេនដល់ព្រះសង្ឃទាំងអស់ក្នុងវត្តសន្សំកុសល ដើម្បីជាចង្ហាន់ទទួលទានប្រចាំថ្ងៃ ។
ដោយកើតមាននូវសេចក្តីសប្បាយចិត្ត និងចង់ចម្រើនពរដល់ញាណញ៉ោមម្ចាស់ចង្ហាន់ផងនោះ នៅព្រឹកថ្ងៃខែដដែល ព្រះអង្គសូត្រស្តាំខាងលើ ក៏បានបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួន ដោយបានសរសេរខ្លឹមសារ ភ្ជាប់នឹងរូបភាពថា « អរគុណណាស់ញោមអ្នកបឹងទំពន់អាត្មាអេីយ ដែលបានយកម្ហូប បន្លែ មកព្យូរទុកអោយនៅខ្លោងទ្វារ ទង្វើទាំងនេះហើយដែលចងចិត្តអាត្មាជាប់ មិនជ្រេីសរេីសជម្រកផ្សេង
♥️ស្រលាញ់ពេញបេះដូង♥️
ស្គាល់កម្លាំងសេះក្នុងដំណេីរផ្លូវ
ស្គាល់មិត្តសត្រូវក្នុងគ្រាអាសន្ន
😍😍😍😍🙏🙏🙏♥️♥️♥️♥️ » ។
សូមបញ្ជាក់ថា វត្តសន្សំកុសល ស្ថិតក្នុងសង្កាត់បឹងទំពន់ទី១ ដែលជាសង្កាត់១ ក្នុងចំណោមសង្កាត់៤ នៃខណ្ឌមានជ័យ ត្រូវចាត់បញ្ចូលជាតំបន់ក្រហម ដែលជាតំបន់មានការរីករាលដាលខ្លាំង នៃជម្ងឺកូវីដ១៩ ។ ដូច្នេះហើយ ទើបពុទ្ធបរិស័ទជិតឆ្ងាយ ដែល លោកមានសណ្តានចិត្ត ក៏ធ្វើការប្រគេនចង្ហាន់ជូនព្រះសង្ឃពីចំងាយ ដោយមិនបានជួបផ្ទាល់តែម្តងទៅ ។
លោកឌី រ័ត្នខេមរុណ អភិបាលរងមានជ័យ និងជាប្រធានអនុសាខាកាកកបាទក្រហមកម្ពុជាប្រចាំខណ្ឌ បានអោយដឹងថា ៖ អាជ្ញាធរខណ្ឌមានជ័យ បាននាំយកទេយ្យទាន ដ៏ថ្លៃថ្លារបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រគេនជូនដល់វត្តសន្សំកុសលរួចហើយ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១កន្លង ដោយសម្តេចទាំងទ្វេមើលឃើញនូវកង្វះខាតចង្ហាន់ និងស្បៀងអាហារផ្សេងៗ ដោយសារតែពុំមានបងប្អូនពុទ្ធបរិស័ទមកធ្វើបុណ្យដាក់ទានប្រគេនចង្ហាន់ឡើយ ព្រោះតែការរីករាលដាល នៃជម្ងឺកូវីដ១៩ ដែលកំពុងមានការរីករាលដាលខ្លាំង នាពេលបច្ចុប្បន្ននេះ ។
សូមបញ្ជាក់ថា ទេយ្យទានដែលត្រូវប្រគេនជូនរួមមាន ៖ ១-អង្ករ ១តោន
២-ត្រីខ២កេសធំ
៣-មីជាតិ២០កេសធំ
៤-ទឹកផ្លែឈើគ្រប់មុខចំនួន១០កេស
៥-ទឹកដោះគោខាប់ចំនួន២កេសធំ
៦-កាហ្វេចំនួន៥កញ្ចប់ធំ
៧-តែ២គីឡូក្រាម
៨-ស្ករស១បេ
៩-អំបិល១បេ
១០-ទឹកត្រី៥យួរ
១១-ទឹកស៊ីអ៊ីវ៥យួរ
១២-ប៊ីចេង១បេ
លោកអភិបាលរងខណ្ឌ បញ្ជាក់ថា សម្រាប់ភូមិសាស្ត្រខណ្ឌមានជ័យ គឺមានវត្តចំនួន៨ ក្នុងនោះមានវត្តសន្សំកុសលខាងលើ
ដែរ ។ លោកបន្តថា វត្តចំនួន៧ផ្សេងទៀត ក៏បាននាំយកទេយ្យទានរបស់សម្តេចទាំង២ ប្រគេនជូនរួចរាល់អស់ហើយដែរ ហើយទេយ្យទាន គឺមានដូចៗគ្នាដូចដែលបានរាយនាមនៅខាងលើស្រាប់ ៕ ដោយ៖ លីហេង
ចែករំលែកព័តមាននេះ