ខេត្តត្បូងឃ្មុំ ៖ រយៈពេល២ថ្ងៃ គឺថ្ងៃទី១៦ និងទី១៧ តុលា ២០១៥ កម្លាំងសមត្ថកិច្ចចម្រុះក្នុងនោះមានផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្ត, នាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការនគរបាលជាតិ, ប៉ូលិសអន្តរជាតិ ព្រមទាំងមានការចូលរួមពីព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្ត បានបើកប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងប្រកបអាជីវកម្ម ដែលមានជនជាតិចិនស្នាក់នៅ និងធ្វើអាជីវកម្មតាមប្រព័ន្ធអ៊ីនធើណេត នៅក្នុងកាស៊ីណូ «ហេងហេង» និងភោជនីយដ្ឋាន«ត្រពាំងផ្លុង១៦៨» ស្ថិតនៅច្រកអន្តរជាតិត្រពាំងផ្លុង ស្រុកពញាក្រែក តែមិនមានអ្នកប្រព្រឹត្តបទល្មើសណាម្នាក់ត្រូវបានចាប់ខ្លួននោះឡើយ ។
លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្ត មានប្រសាសន៍ឲ្យដឹងថា ក្នុងពេលដែលចុះពិនិត្យនៅថ្ងៃដំបូងក្នុងកាស៊ីណូ «ហេងហេង» បានចំនួន២៣បន្ទប់ ក្នុងនោះឃើញមានជនជាតិចិនចំនួន៧០នាក់ដែលកំពុងតែស្នាក់នៅ (ស្ត្រី៧នាក់) តែពុំមានការពាក់ព័ន្ធទៅនឹងបទល្មើសនោះទេ ។ ចំណែកភោជនីយដ្ឋាន«ត្រពាំងផ្លុង១៦៨» រកឃើញមានជនជាតិចិន៧២នាក់ (ស្ត្រី១៩នាក់) កំពុងស្នាក់នៅក្នុងបន្ទប់ចំនួន៣០ ត្រូវបានបិទជាបណ្តោះអាសន្ន ដើម្បីរង់ចាំការត្រួតពិនិត្យនៅថ្ងៃស្អែកបន្តទៀត ។
លោកវរសេនីយ៍ឯក ហ៊ាង ហ៊ត់ ស្នងការរងនគរបាលខេត្ត ទទួលផែនសន្តិសុខ បានប្រាប់ឲ្យដឹងដែរថា ប្រតិបត្តិការរបស់ប៉ូលិសអន្តរជាតិនេះត្រូវបានធ្វើឡើងនៅខេត្តព្រះសីហនុ, ខេត្តសៀមរាប និងខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម ។ ក្នុងរយៈពេលដែលចុះប្រតិបត្តិការនៅថ្ងៃទី១៦ តុលា ២០១៥ នៅច្រកត្រពាំងផ្លុង ស្រុកពញាក្រែក ក្នុងគោលបំណងដើម្បីស្វែងរកជនសង្ស័យជាឧក្រិដ្ឋជនចាប់ជំរិតតាមប្រព័ន្ធអ៊ីនធើណេត ដោយមានជនជាតិចិនរាប់រយនាក់ តែតាមការចុះត្រួតពិនិត្យរបស់សមត្ថកិច្ចនៅទីតាំង២កន្លែងខាងលើ រកមិនឃើញមានអ្នកណាម្នាក់ត្រូវមានទោសនោះទេ ហើយនៅថ្ងៃទី១៧ តុលា រូបលោកបានបន្តចុះទៅច្រកត្រពាងផ្លុងម្តងទៀត តែរកមិនឃើញជនជាតិចិនដែលជាប់ពិរុទ្ធនោះទេ ។
ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា ក្នុងពេលដែលកម្លាំងសមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យនៅកាស៊ីណូ «ហេងហេង» និងភោជនីយដ្ឋាន«ត្រពាំងផ្លុង១៦៨» លេចឮថាមានជនជាតិជិន និងវៀតណាមជាច្រើននាក់បានរត់គេចចូលទៅក្នុងព្រៃជាប់ព្រំដៃនវៀតណាម ៕
ចែករំលែកព័តមាននេះ