ខេត្តប៉ៃលិន ៖ ស្ត្រីម្នាក់បានលង់ទឹកអូរស្លាប់ បន្ទាប់ពីផឹកស្រាស្រវឹងរួចនាំប្តីទៅចុះក្នុងអូរដើម្បីរាវយកគ្រំមកធ្វើម្ហូប ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៧ តុលា ២០១៥ ស្ថិតនៅចំណុចអូរដូនតា ក្នុងភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលនៃអធិការស្រុកសាលាក្រៅបានឱ្យដឹងថា ស្ត្រីរងគ្រោះ មានឈ្មោះ សឿន ស៊ីនួន អាយុ៤៥ឆ្នាំ មានស្រុកកំណើតរស់នៅក្នុងភូមិសួង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ទើបតែមកលេងផ្ទះបងប្អូនក្នុងភូមិខាងលើបានប៉ុន្មានថ្ងៃប៉ុណ្ណោះ ។
ប្រភពបន្តទៀតថា មុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះបានទិញស្រាសយកមកផឹកស៊ីជាមួយប្តី និងមិត្តភក្តិក្នុងភូមិតាំងពីព្រឹករហូតដល់វេលាម៉ោង១២ថ្ងៃត្រង់ ក៏បបួលប្តីដើរទៅក្នុងអូរកើតហេតុខាងលើ ដើម្បីរាវរកសត្វគ្រំយកមកធ្វើម្ហូប លុះនាំគ្នារាវរកអស់រយៈពេលយ៉ាងយូរដោយស្ត្រីរងគ្រោះនៅឃ្លាតឆ្ងាយពីប្តីប្រហែល៦០ម៉ែត្រ ។
ពេលនោះមានកូនស្រីពៅម្នាក់ឈរនៅក្រោមម្លប់ឈើក្បែរមាត់អូរអង្គុយមើលម្តាយ និងឪពុករាវរកគ្រំ អស់រយៈពេលជិតកន្លះម៉ោងមិនឃើញម្តាយរបស់ខ្លួនងើបពីទឹកឡើងវិញក៏រត់ទៅប្រាប់ឪពុក បន្ទាប់ពីប្តីមកដល់រាវរកឃើញ ស្ត្រីរងគ្រោះបានស្លាប់បាត់ទៅហើយ ។
សមត្ថកិច្ចនគរបាលបញ្ជាក់ទៀតថា ក្រោយពីពិនិត្យ និងធ្វើកោសល្យវិច័យរួច ឃើញថា ស្ត្រីរងគ្រោះលង់ទឹកស្លាប់ខ្លួនឯងមែន រួចក៏ប្រគល់សពជូនសាច់ញាតិនៅក្នុងភូមិខាងលើទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។
សូមបញ្ជាក់ថា កាលពីមុនធ្លាប់មានករណីបុរសម្នាក់ស្រវឹងស្រា ចុះទៅងូតទឹកក្នុងអូរនៅក្នុងខេត្តប៉ៃលិន ហើយក៏លិចក្នុងទឹកលង់ស្លាប់ម្នាក់ឯងដែរ ៕


ចែករំលែកព័តមាននេះ