ខេត្តសៀមរាប ៖ កម្លាំងនគរបាលស្រុកប្រាសាទបាគងសហការជាមួយនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាដែលចោរលួចទ្រព្យសម្បត្តិដ៏សកម្មនៅខេត្តសៀមរាបកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៤ តុលា ២០១៥ នៅភូមិព្រៃគុយ សង្កាត់អំពិល ក្រុងសៀមរាប ។
លោកវរសេនីយ៍ទោ ភឹង ចន្តារ៉េត នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្តសៀមរាបបានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួនមានឈ្មោះ តាន់ ទុំ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិព្រៃគុយ សង្កាត់អំពិល ក្រុងសៀមរាប បានចូលទៅលួចទ្រព្យសម្បត្តិក្នុងផ្ទះជនរងគ្រោះឈ្មោះ អ៊ុច សារឿន ភេទប្រុស អាយុ៥៣ឆ្នាំ កាលពីថ្ងៃទី១២ តុលា ២០១៥ ហើយត្រូវបានចាប់ខ្លួនបាននៅថ្ងៃទី១៤ តុលា ២០១៥នេះ ។ រីឯទ្រព្យសម្បត្តិដែលចោរលួចយកទៅបាត់នោះរួមមាន ខ្សែ.កមាស១ខ្សែទម្ងន់៥ជី, កងដៃប្លាទីន១តម្លៃ៨០ដុល្លារ, លុយខ្មែរ២លានរៀល, លុយដុល្លារ៣៥០ដុល្លារ, ទូរស័ព្ទដៃ២គ្រឿង និងខ្សែដៃប្លាទីនតម្លៃ២០០ដុល្លារ ។ ប៉ុន្តែក្រោយពេលចាប់ខ្លួន ទ្រព្យសម្បត្តិដែលដកហូតបានមានតែ ខ្សែ.កប្លាទីន១ខ្សែ, កងដៃ១, លុយ៣០០ដុល្លារ និង៣៦០០០រៀលប៉ុណ្ណោះ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើនេះត្រូវបានកម្លាំងនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ