ខេត្តសៀមរាប ៖ ថ្មដែលមានអាយុកាលយូរដូចជាថ្មប្រាសាទជាដើម មានភាពពុកផុយត្រូវការការព្យាបាលដើម្បីពង្រឹងសាច់ថ្មឡើងវិញប្រៀបដូចជាមនុស្សឈឺអស់កម្លាំង ឬមនុស្សចាស់មានកម្លាំងខ្សោយត្រូវការថ្នាំជំនួយកម្លាំងដូច្នោះដែរ។
នេះជាការរៀបរាប់របស់លោក ឡុង ណារី ប្រធានក្រុមអភិរក្សថ្មរបស់អាជ្ញាធរជាតិអប្សរាក្នុងឱកាសដែលលោក និងក្រុមការងារកំពុងតែបាញ់ថ្នាំតាមបំពង់សេរ៉ូមចូលទៅក្នុងសាច់ថ្មបង្កាន់ដៃនាគដែលលោកកំពុងជួសជុលនៅប្រាសាទបន្ទាយសំរែ។
លោករៀបរាប់បន្តថា ថ្នាំដែលបាញ់បញ្ចូលទៅព្យាបាលថ្មនេះផ្សំឡើងពីអាល់កុល និងជាតិស៊ីលីកាតដូចគ្នានឹងសារជាតិដែលមានស្រាប់ក្នុងស្រទាប់ថ្ម។ ក្រោយពេលបាញ់ថ្នាំបញ្ចូលទៅជាតិអាកុលនឹងរសាត់អស់ នៅសល់តែជាតិស៊ីលីកាតដែលចូលទៅចាប់គ្រាប់ល្អិតៗនៃថ្មធ្វើឲ្យថ្មរឹងមាំឡើងវិញ។
ការចាក់ថ្នាំបញ្ចូលថ្មនេះ បើធ្វើចំពោះថ្មប្រាសាទធំៗត្រូវចំណាយពេលយូរទើបត្រូវព្យួរសេរ៉ូមទុកចោលរាប់ម៉ោង ដូចជាដាក់សេរ៉ូមឲ្យមនុស្សឈឺដែរ។ អ្នកជំនាញជួសជុលថ្មរូបនេះរៀបរាប់ថា ក្នុងថ្មមានជាតិសីលីកាតដែលភ្ជាប់គ្រាប់ល្អិតៗនៃថ្មឲ្យមានភាពរឹងមាំ ប៉ុន្តែសារជាតិនេះនឹងថមថយបន្តិចម្តងៗ នៅពេលដែលមានអាយុកាលកាន់តែច្រើន។
បើពុំមានថ្នាំចូលទៅពង្រឹងឡើងវិញទេ ថ្មផុយនេះនឹងចាប់ផ្តើមផុយរបេះបណ្តើរៗ ហើយធ្លាក់បាក់ដូចដែលយើងធ្លាប់ឃើញកន្លងមក។
ទាក់ទងនឹងគុណភាពវិញ លោកបញ្ជាក់ថា បើនៅស្រុកគេដែលមានអាកាសធាតុត្រជាក់ ដូចជាប្រទេសអាល្លឺម៉ង់ជាដើម ដែលបានប្រើប្រាស់ថ្នាំប្រភេទនេះ ចាក់ម្តងវាអាចជួយពង្រឹងថ្មបានដល់ទៅ៣០ឆ្នាំ តែចំពោះស្រុកខ្មែរវិញ ដែលមានអាកាសធាតុក្តៅផង ត្រជាក់ផងផ្លាស់ប្តូរគ្នាខ្លាំងៗបែបនេះ អាចមិនដល់៣០ឆ្នាំទេ។
តែទោះជាយ៉ាងណា បើរូបចម្លាក់ដែលស្ថិតនៅក្នុងទីម្លប់ដូចជាក្នុងសារមន្ទីរជាដើម វាអាចមានប្រសិទ្ធភាពច្រើនជាង៣០ឆ្នាំទៅទៀត។ អ្នកជំនាញជួសជុលថ្ម ដែលមានបទពិសោធន៍ជិត២០ឆ្នាំរូបនេះ រៀបរាប់ថា ការអភិរក្សថ្មមិនខុសពីការថែរក្សាមនុស្សចាស់នោះទេ ពោលគឺឈឺមិនចេះឈប់ តែទោះជាយ៉ាងណាក៏យើងនៅតែព្យាយាមបណ្តុះបណ្តាលមនុស្សក្មេងៗជំនាន់ក្រោយទៀតដើម្បីបន្តការងារណាដែលយើងមិនអាចបញ្ចប់បាន៕



ចែករំលែកព័តមាននេះ