ខេត្តកំពង់ស្ពឺ ៖ យុវជនវ័យក្មេងម្នាក់ខឹងបងប្រុសស្តីបន្ទោសបានដើរចូលព្រៃលេបថ្នាំបំពុលកុកសម្លាប់ខ្លួន ហើយដើរទៅដេកលើអង្រឹងកៀនផ្ទះសន្លប់ស្តូកស្តឹងរយៈពេល២ម៉ោងទើបបងប្រុសជីដូនមួយប្រទះឃើញដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៦ តុលា ២០១៥ ស្ថិតក្នុងភូមិត្រពាំងទួល ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ជនរងគ្រោះមានឈ្មោះ ប៉ិច អូនតូច ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ។
តាមប្រភពព័ត៌មានពីបងប្រុសជីដូនមួយដែលរស់នៅក្នុងភូមិជាមួយគ្នាបានឲ្យដឹងថា គាត់មិនបានដឹងថា ២នាក់បងប្អូនខាងលើឈ្លោះប្រកែកគ្នារឿងអីទេ ព្រោះផ្ទះរបស់គាត់នៅភូមិជាមួយគ្នា តែនៅឆ្ងាយពីគ្នា ហើយមុនពេលកើតហេតុជនរងគ្រោះបានដើរទៅលេងនៅផ្ទះរបស់គាត់បានបន្តិចស្រាប់តែបងប្រុសទី៨របស់គេបានស្ដីបន្ទោសឲ្យជនរងគ្រោះ ហើយឈ្លោះគ្នាទៅវិញទៅមក ពេលនោះរូបគាត់ក៏បានហាមឃាត់ឈប់ឲ្យបងប្រុសទី៨ស្តីបន្ទោសប្អូនទៀត រួចហើយបានដេញជនរងគ្រោះឲ្យត្រឡប់ទៅផ្ទះវិញ ដោយមិនបានដឹងថា ប្អូនប្រុសចិត្តខ្លាំងខឹងបងប្រុសស្តីបន្ទោសបានដើរចូលក្នុងព្រៃយកថ្នាំបំពុលកុកលេបអស់ជាច្រើនគ្រាប់ ហើយទូរស័ព្ទប្រាប់មិត្តភក្កិថា គេលាហើយនេះជាជីវិតចុងក្រោយរបស់គេ ។
ប្រភពដដែលបន្តទៀតថា បន្ទាប់មកមិត្តភក្កិម្នាក់ដែលនៅផ្ទះជិតបងជីដូនមួយបានដើរទៅប្រាប់ថា ជនរងគ្រោះទូរស័ព្ទមកប្រាប់ហាក់ដូចជាមិនសូវស្រួល ធ្វើឲ្យគាត់អង្គុយគិតរយៈពេល២ម៉ោងក៏បានសម្រេចចិត្តដើរទៅផ្ទះរបស់ជនរងគ្រោះឃើញជនរងគ្រោះដេកសន្លប់ស្តូកស្តឹងនៅលើអង្រឹងដាស់មិនព្រមភ្ញាក់ទើបគាត់ដឹកយកទៅមន្ទីរពេទ្យបង្អែកថ្នល់ទទឹងដើម្បីលាងក្រពះ តែដោយសារតែអាការៈជនរងគ្រោះធ្ងន់ធ្ងរពេកក៍បានបញ្ជូនបន្តមកកាន់មន្ទីរពេទ្យព្រះកុសមៈបន្តទៀត ។
ពេលមកដល់មន្ទីរពេទ្យព្រះកុសុមៈជនរងគ្រោះនៅមិនទាន់ដឹងខ្លួននៅឡើយទេ ស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរដោយសារជាតិថ្នាំជ្រាបចូលក្នុងខ្លួន កំពុងដាក់អុកស៊ីសែននៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឡើយ ៕


ចែករំលែកព័តមាននេះ