រាជធានីភ្នំពេញ ៖ ដើម្បីកាត់បន្ថយបទល្មើសដែលកំពុងកើតមានជារៀងរាល់ថ្ងៃនោះ កម្លាំងនគរបាលនិងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញល្បាតក្នុងមូលដ្ឋានដើម្បីឆែកឆេរម៉ូតូអត់ស្លាកលេខ និងមុខសញ្ញាគួរឲ្យសង្ស័យនៅក្នុងរាជធានីភ្នំពេញ កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១៨ តុលា កម្លាំងសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក ល្បាតក្នុងមូលដ្ឋានប្រទះឃើញជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿងម៉ាកណៃហ៊ត មួយគ្រឿង និងម៉ាកវីវ៉ា ពណ៌ខ្មៅ អត់ស្លាកលេខ មួយគ្រឿង ក៏ហៅឱ្យឈប់ឆែកឆេរ បែរជាជនទាំងនោះបន្ថែមល្បឿនបើករត់គេច ក៏ត្រូវកម្លាំងល្បាតដេញតាមតាំងពីផ្លូវលេខ១៨៣ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រហូតដល់ខាងក្រោយរោងចក្រដែកគោល ស្ថិតនៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ទើបជនសង្ស័យដែលជិះម៉ូតូវីវ៉ា បានផ្តួលម៉ូតូចោលហើយរត់គេចខ្លួន ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក ខណ្ឌចំការមន ។
មន្ត្រីសមត្ថកិច្ច បានឲ្យដឹងថា ម៉ូតូវីវ៉ាខាងលើ មានកូនសោ ប៉ុន្តែកូនសោនោះចាក់ពន្លត់ម៉ាស៊ីនអត់បានទេ សង្ស័យថាម៉ូតូនេះជនសង្ស័យទើបនឹងធ្វើសកម្មភាពលួចបានមកពីកន្លែងណាមួយ ។ បើសិនជាម្ចាស់ម៉ូតូបានឃើញម៉ូតូខាងលើស្គាល់ថាពិតជាម៉ូតូរបស់ខ្លួនសូមអញ្ជើញមកមើល នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក ៕
ចែករំលែកព័តមាននេះ