ខេត្តសៀមរាប ៖ សមត្ថកិច្ចក្រសួងសហការជាមួយសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានបើកប្រតិបត្តិការចុះបង្ក្រាបករណីជម្រិតទារប្រាក់តាមប្រព័ន្ធអ៊ីនធើណេតនៅក្នុងភូមិគ្រឹះរបស់ជនជាតិចិនដែលជួលមួយកន្លែងនៅខាងក្រោយផ្លូវជាតិលេខ៦ចម្ងាយ២០០ម៉ែត្រ ស្ថិតក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប កាលពីថ្ងៃទី១៦ តុលា ២០១៥កន្លងទៅនេះ រឹបអូសបានវត្ថុតាង និងចាប់ខ្លួនជនដែលមិនពាក់ព័ន្ធនឹងបទល្មើសមួយចំនួនប៉ុណ្ណោះ ។
មន្ត្រីប៉ូលិសដែលចុះប្រតិបត្តិការផ្ទាល់បានលួចខ្សឹបប្រាប់«កោះសន្តិភាព»ថា ករណីខាងលើនេះសមត្ថកិច្ចរឹបអូសបានតែវត្ថុតាងបទល្មើសមួយចំនួនប៉ុណ្ណោះ ចំណែកជនសង្ស័យជាជនជាតិចិនរត់គេចខ្លួនបាត់អស់តាំងពី១០ថ្ងៃមុនម្ល៉េះ ចំពោះអ្នកដែលនៅគឺខាងថ្នាក់លើថា គ្មានជាប់ពាក់ព័ន្ធនឹងបទល្មើសទេ ។ មន្ត្រីដដែលបានបន្តថា វត្ថុតាងជាសម្ភារៈដែលដកហូតបានទាំងនោះ គឺជនល្មើសបានយកទៅជាមួយខ្លះ និងនៅសេសសល់មួយចំនួនក្នុងភូមិគ្រឹះនោះខ្លះ ។ ដែលការចុះបង្ក្រាបនេះធ្វើឡើងក្រោយពីមានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋពីករណីខាងលើ ហើយព័ត៌មាននេះក៏ពុំមានបែកធ្លាយនោះទេ ប៉ុន្តែជនល្មើសនៅតែអាចគេចខ្លួនបានមុនសមត្ថកិច្ចចុះបង្ក្រាបដដែល ។
គួរបញ្ជាក់ផងដែរថា មជ្ឈដ្ឋាននានាក្នុងក្រុងសៀមរាបតែងតែរិះគន់ចំៗទៅលើសមត្ថកិច្ចទាំងនោះថា ក្នុងការចុះប្រតិបត្តិចាប់បានជនល្មើសម្តងៗ «ចាប់ខ្លួនបានហើយតែបែរជាថាមិនមែនជាជនល្មើសទៅវិញ» ប្រហែលជាមានអ្វីលាក់បាំងនឹងពលរដ្ឋហើយមើលទៅបានជាមិនហ៊ាននិយាយបើកចំហរ ប៉ុន្តែចំពោះជនបរទេសដែលលួចចូលមកស្នាក់នៅក្នុងក្រុងសៀមរាបវិញ សមត្ថកិច្ចមួយចំនួនតូចតែងតែបានលួចលាក់ពីថ្នាក់ដឹកនាំ ដើម្បីរកចំណូលចូលហោប៉ៅខ្លួនឯង ៕




ចែករំលែកព័តមាននេះ