ខេត្តសៀមរាប ៖ មន្ត្រីជលផលកំពង់ឃ្លាំងដែលដឹកនាំផ្ទាល់ដោយលោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក បានចុះបង្ក្រាបករណីឈ្មួញលួចចិញ្ចឹមកូនត្រីឆ្តោ និងកូនត្រីរ៉ស់អត់ច្បាប់បាន៧បែរ រឹបអូសកូនត្រីប្រមាណជា១២ម៉ឺនក្បាលយកទៅព្រលែងនៅតំបន់អភិរក្សត្រីមេពូជព្រែកល្វា របស់សហគមន៍នេសាទកំពង់ឃាំ្លង ។ ហេតុការណ៍ចុះបង្ក្រាបបែរចិញ្ចឹមកូនត្រីខុសច្បាប់នេះធ្វើឡើងពេញ១ថ្ងៃ គឺថ្ងៃទី១៧ តុលា ២០១៥ នៅតាមបឹងទន្លេសាប ក្នុងភូមិតាច្រនាងបាន៤បែរ និងភូមិផ្សារឃ្លាំងបាន៣បែរ ស្ថិតក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
លោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក បានមានប្រសាសន៍ប្រាប់ឱ្យដឹងថា ម្ចាស់បែរទាំងនោះលោកបានឱ្យមន្ត្រីជលផលហៅមកធ្វើការណែនាំជាច្រើនដងមកហើយ ដូច្នេះថ្ងៃនេះលោកបានចុះផ្ទាល់ ដើម្បីឱ្យមន្ត្រីជំនាញបង្ក្រាបរហូតឈានដល់ធ្វើការដកហូតយកកូនត្រីប្រមាណជា១២ម៉ឺនក្បាលយកទៅព្រលែងនៅតំបន់អភិរក្សត្រីមេពូជព្រែកល្វា របស់សហគមន៍នេសាទកំពង់ឃាំ្លង ។
សូមបញ្ជាក់ថា ករណីបង្ក្រាបបែរចិញ្ចឹមកូនត្រីឆ្តោ និងកូនត្រីរ៉ស់ជាច្រើនកន្លែងនៅភូមិសាស្ត្រឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានពលរដ្ឋសាទរចំពោះចំណាត់ការរបស់លោកអភិបាលស្រុក ដែលបានដឹកនាំកម្លាំងចុះបង្ក្រាបផ្ទាល់ជារៀងរាល់ដង ៕





ចែករំលែកព័តមាននេះ