រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន ចុះថ្ងៃទី១៦ តុលា ឆ្នាំ២០១៥ បានឱ្យដឹងពីលទ្ធផលនៃការពិនិត្យ និងវាយតម្លៃគម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ច និងគម្រោងវិនិយោគឥណទានកាបូន ក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។
សេចក្ដីជូនដំណឹងមានខ្លឹមសារថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលើលទ្ធផលនៃការពិនិត្យនិងវាយតម្លៃគម្រោងវិនិយោគចំនួន១៤ ក្នុងនោះមានគម្រោងសម្បទានដីសេដ្ឋកិច្ចចំនួន៦ និងគម្រោងវិនិយោគឥណទានកាបូន ចំនួន៨ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ។
ចំពោះគម្រោងសម្បទានដីសេដ្ឋកិច្ចចំនួន៦ ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកោះកុង កំពត និងពោធិ៍សាត់ (មានផ្ទៃដីសរុបទំហំ៤៥ ៤៦៨ហិកតា) ត្រូវបានរាជរដ្ឋាភិបាលសម្រេចអនុញ្ញាតឱ្យបន្តអនុវត្តគម្រោង និងបន្តនីតិវិធីលើផ្ទៃដីដែលបានដោះស្រាយផលប៉ះពាល់រួច ដោយត្រូវរៀបចំចុះកិច្ចសន្យាឡើងវិញ និងត្រូវកាត់បន្ថយរយៈពេលវិនិយោគមកត្រឹម៥០ឆ្នាំ ។
ចំណែកឯគម្រោងវិនិយោគឥណទានកាបូនចំនួន៨ ក្រសួងបរិស្ថានបានពិនិត្យ វាយតម្លៃ និងធ្វើរបាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាលដើម្បីសម្រេច ។ ជាលទ្ធផល រាជរដ្ឋាភិបាលបាលសម្រេចលុបចោលគម្រោងចំនួន៧ និងសម្រេចទុករយៈពេល៦ខែ សម្រាប់គម្រោងមួយទៀត ដើម្បីឱ្យក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បន្តតាមដានការអនុវត្តគម្រោង ។
ក្រសួងបរិស្ថានសូមបញ្ជាក់ជូនថា កន្លងមករាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់គោលការណ៍សម្រាប់គម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ចដល់ក្រុមហ៊ុនចំនួន១១៣ ដែលមានផ្ទៃដីសរុប ៦១០ ២៩៦,៧៥ហិកតា ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ។
ដើម្បីគ្រប់គ្រងគម្រោងវិនិយោគអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ចឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅផ្ដល់ភាពកក់ក្ដៅដល់អ្នកវិនិយោគទុន ក៏ដូចជាដោះស្រាយលើផលប៉ះពាល់ទាំងឡាយឱ្យបានត្រឹមត្រូវ ក្រសួងបរិស្ថានបានពិនិត្យនិងវាយតម្លៃគម្រោងវិនិយោគអភិវឌ្ឍទាំង១១៣ ហើយបានដាក់ឆ្លងអង្គប្រជុំគណៈកម្មាធិការអន្តរក្រសួង ដើម្បីពិភាក្សានិងលើកសំណើជូនប្រមុខរាជរដ្ឋាភិបាលក្នុងការពិនិត្យនិងសម្រេច ។
រហូតមកដល់ពេលនេះ គណៈកម្មាធិការអន្តរក្រសួងដើម្បីត្រួតពិនិត្យវាស់វែង និងវាយតម្លៃសម្បទានដីសេដ្ឋកិច្ច បានបញ្ចប់ទាំងស្រុងនូវការប្រជុំពិភាក្សាវាយតម្លៃគម្រោងវិនិយោគអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ច ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ៕
ចែករំលែកព័តមាននេះ