រាជធានីភ្នំពេញ ៖ មានការសាទរចំពោះការដាក់ទណ្ឌកម្មខាងវិន័យលើគ្រូបង្រៀនម្នាក់ ដែលបានអនុវត្តការដាក់ទណ្ឌកម្មដល់សិស្សស្រីជាអនីតិជន ដោយសម្រាតសំពត់នៅចំពោះមុខមិត្តរួមថ្នាក់កាលពីខែឧសភាកន្លងទៅ ។ ទោះបីជាបែបណា អង្គការសង្គមស៊ីវិលបានជំរុញឱ្យស្ថាប័នពាក់ព័ន្ធ បន្តពន្លឿនដោះស្រាយសំណុំរឿងនេះតាមផ្លូវតុលាការឱ្យបានឆាប់រហ័សផងដែរ ។
ចំណាត់ការរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺជាសញ្ញាវិជ្ជមាន ប៉ុន្តែការជំរុញឱ្យមានដំណើរការលើសំណុំរឿងគ្រូបង្រៀនរូបនេះ នៅតែអូសបន្លាយជាច្រើនខែ ខណៈជីដូនសិស្សស្រីរងគ្រោះកំពុងស្វែងរកយុត្តិធម៌សម្រាប់ចៅស្រីរបស់គាត់ ។
ក្រសួងអប់រំ យុវជន និងកីទ្បា បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ក្រសួងបានដាក់វិន័យ៣ករណីលើគ្រូបង្រៀននៅសាលាបឋមសិក្សា ហ៊ុន សែន វត្តថ្មី គឺលោក ដួង សានេត ដែលបានដាក់ទណ្ឌកម្មសិស្សស្រីអាយុ១១ឆ្នាំ ដោយអសីលធម៌ក្នុងពេលបង្រៀនគឺ ៖
ទី១-ក្រសួងបានធ្វើការស្តីបន្ទោសជាលាយលក្ខណ៍អក្សរ
២-ក្រសួងបានផ្លាស់ចេញដោយបង្ខំ ដោយឱ្យមកបំពេញការងារនៅការិយាល័យអប់រំ យុវជន និងកីទ្បា ស្រុករំដួល
៣-ក្រសួងតម្រូវឱ្យលោក ដួង សានេត បំពេញការងាររដ្ឋបាលតូចតាច នៅការិយាល័យអប់រំ យុវជន និងកីទ្បា ស្រុករំដួល ។
ជាងនេះទៀត ក្រសួងអប់រំ យុវជន និងកីឡា អះអាងថា ទណ្ឌកម្មខាងវិន័យទាំងនេះ ត្រូវបានធ្វើទ្បើងកាលពីថ្ងៃ២ មិថុនា និងបន្តដល់ថ្ងៃទី៦ តុលា ឆ្នាំ២០១៥ ។
មន្ត្រីការពារសិទ្ធិមនុស្សរបស់អង្គការលីកាដូ ប្រចាំនៅខេត្តស្វាយរៀង លោក នុត បូពិណ្ណរ័ត្ន មានប្រសាសន៍ថា វាជាសញ្ញាល្អដែលនឹងក្លាយជាគំរូដល់គ្រូដទៃ ឱ្យមានការខ្លាចរអាចំពោះទង្វើអសីលធម៌នានា ពិសេសករណីដូចលោក ដួង សានេត ។ លោក នុត បូពិណ្ណរ័ត្ន ត្រូវបានដកស្រង់សម្តីដោយវិទ្យុមួយផ្សាយជាខេមរភាសាថា «ចំណាត់ការដែលអាចជួយប៉ះប៉ូវ និងស្តារកិត្តិយសក្មេងស្រីរងគ្រោះវិញ ទាល់តែនីតិវិធីព្រហ្មទណ្ឌដែលជានីតិវិធីរបស់តុលាការ អាចមានជាសំណងរដ្ឋប្បវេណី និងការដាក់ទោសទណ្ឌលើជនល្មើស» ។
ទោះជាចំណាត់ការរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅពេលនេះផ្តល់ជាគំរូដល់គ្រូដទៃ ប៉ុន្តែវាគ្រាន់តែជាចំណាត់ការរដ្ឋបាលប៉ុណ្ណោះ ហើយវានៅតែមិនទាន់អាចឆ្លើយតបនឹងការខូចខាតកិត្តិយសរបស់ក្មេងស្រីម្នាក់នោះបានទ្បើយ។ ករណីនេះ គឺជាបទល្មើសព្រហ្មទណ្ឌដែលមានស្ថានទម្ងន់ទោស ដោយបានប្រព្រឹត្តលើអនីតិជន ដូច្នេះករណីនេះនៅតែទាមទារនីតិវិធីរបស់តុលាការ ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីទ្បា ចុះថ្ងៃទី១៤ តុលា ឆ្នាំ២០១៥បានបង្ហាញថា ទណ្ឌកម្មខាងវិន័យដែលលោកគ្រូ ដួង សានេត ត្រូវទទួលនេះ គឺឆ្លើយតបទៅនឹងមាត្រា៤០ នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជារួចរាល់ហើយ ។ រីឯទណ្ឌកម្មតាមផ្លូវច្បាប់ផ្សេងទៀត គឺជាសមត្ថកិច្ចរបស់តុលាការ ដែលក្រសួងអប់រំ យុវជន និងកីទ្បា ពុំមានសមត្ថកិច្ចធ្វើអន្តរាគមន៍ទ្បើយ ។
សំណុំរឿងនេះ កំពុងស្ថិតក្នុងដៃព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ដែលបានអូសបន្លាយជាច្រើនខែ និងនៅតែមិនទាន់បានចាត់ការនៅទ្បើយ បើទោះជាក្រុមគ្រួសាររបស់ក្មេងស្រី បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តនេះរួចហើយក្ដី ហើយទាំងក្រុមគ្រួសារ និងក្មេងស្រីរងគ្រោះ ក៏ធ្លាប់បានអំពាវនាវដល់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយអន្តរាគមន៍រកយុត្តិធម៌ឱ្យក្មេងស្រីរូបនេះយ៉ាងណាក៏ដោយ ។
តាមការជួបជាមួយស្ត្រីចំណាស់ជាជីដូនមុននេះ បានឱ្យដឹងថា មានការទៅចរចាដោយឱ្យប្រាក់២០០០ដុល្លារ ដែលតម្រូវឱ្យគាត់កែពាក្យបណ្តឹងពីការចាប់សម្រាត មកជាការគំរាមសម្រាតវិញ តែគាត់មិនព្រមទេ ៕
ចែករំលែកព័តមាននេះ