រាជធានីភ្នំពេញ ៖ ជនសង្ស័យបែកថ្នាំម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ ខណៈហក់ពីលើផ្ទះជាន់ទី២ បណ្តាលឱ្យរបួសបាក់ជើង បន្ទាប់ពីធ្វើសកម្មភាពយកកាំបិតប៉័ងតោមកកាប់លើម្តាយមីង និងកូនប្រុស-ស្រី២នាក់ បណ្តាលឱ្យរងរបួសធ្ងន់ទាំង៣នាក់ ព្រោះតែខឹងមិនព្រមឱ្យខ្ចីលុយ ដែលហេតុការណ៍នេះ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៦ និង៥០នាទីព្រឹកថ្ងៃទី១៧ តុលា ២០១៥ ស្ថិតនៅចំណុចផ្ទះលេខ០៣C2 ផ្លូវលេខ២៨៩ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យខាងលើឈ្មោះសាន់ ច័ន្ទតារារិទ្ធ អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី៤ មានទីលំនៅផ្ទះលេខ៦៨ ផ្លូវលេខ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ ចំណែកឯជនរងគ្រោះទាំង៣នាក់ជាម្តាយ និងកូន ១-ឈ្មោះសារុន បូរតនៈ អាយុ៤៨ឆ្នាំ (ម្តាយ), កូនស្រីឈ្មោះតាំង លីលី អាយុ១៤ឆ្នាំ និងកូនប្រុសឈ្មោះតាំង សុធី អាយុ២០ឆ្នាំ ទាំង៣នាក់រងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រភ្លាមៗ។
បើតាមចម្លើយរបស់ជនសង្ស័យឱ្យដឹងថា ខ្លួននិងមិត្តភក្តិម្នាក់ទៀត បានយកម៉ូតូទៅបញ្ចាំយកប្រាក់ចាយ និងទៅលេងល្បែងអស់ហើយ ។ ដោយសារតែអត់លុយចាយ ក៏មកផ្ទះម្តាយមីងជីដូនមួយដើម្បីសុំខ្ចីលុយ តែត្រូវគាត់មិនឱ្យហើយ ថែមទាំងស្តីបន្ទោសខ្លួនទៀត ទើបធ្វើឱ្យទប់កំហឹងមិនបាន ក៏ទាញកាំបិតប៉័ងតោដេញកាប់ទាំង៣នាក់នៅក្នុងផ្ទះតែម្តង ។
ប្រភពបានឱ្យដឹងទៀតថា បន្ទាប់ពីហេតុការណ៍នេះកើតឡើង មានជនបរទេសម្នាក់បានទាញទ្វារបិទ ដើម្បីបង្ខាំងជនសង្ស័យកុំឱ្យរត់ តែត្រូវជនសង្ស័យហក់ពីលើផ្ទះ ដើម្បីប៉ងគេចខ្លួន តែហក់មក បានរងរបួសជើងធ្ងន់មិនអាចដើររួច ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង ។




ចែករំលែកព័តមាននេះ