ខេត្តកណ្ដាល ៖ បុរសម្នាក់រងរបួសបែកក្បាលធ្ងន់ធ្ងរហូរឈាមកក្លាក់ជោកខ្លួន ដោយសារត្រូវចោរប្រដាប់ដោយអាវុធខ្លី២នាក់ជិះម៉ូតូតាមវាយមួយស្នាប់កាំភ្លើងខ្លី ព្រមទាំងភ្ជង់គំរាមបាញ់សម្លាប់ប្លន់យកម៉ូតូម៉ាកស្គូពី១គ្រឿង ខណៈកំពុងធ្វើដំណើរចេញពីកន្លែងធ្វើការឆ្ពោះទៅរកទិញបង្អែមតែម្នាក់ឯង កាលពីវេលាម៉ោង៨ និង១៥នាទីយប់ថ្ងៃទី១៦ តុលា ២០១៥ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះរឹម សារី អាយុ៣០ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនផលិតចំណីសត្វស៊ីភី មានទីលំនៅក្នុងភូមិព្រៃតាប៉ុកសង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (រងរបួសបែកក្បាល៤កន្លែងដេរចំនួន១៥ថ្នេរ) ហើយម៉ូតូដែលចោរប្លន់យកទៅបាត់នោះ ម៉ាកហុងដាស្គូពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1CA-7741 ។ ចំណែកក្រុមចោរប្លន់មានគ្នា២នាក់ មិនស្គាល់អត្តសញ្ញាណ មធ្យោបាយធ្វើសកម្មភាពជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ មួយគ្រឿងគ្មានស្លាកលេខ ។
តាមប្រភពឱ្យដឹងទៀតថា នៅវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះជិះម៉ូតូចេញពីកន្លែងធ្វើការក្រុមហ៊ុនផលិតចំណីសត្វស៊ីភី ទៅរកទិញបង្អែមនៅផ្សារបែកចាន ។ លុះពេលទិញបានត្រឡប់ទៅកន្លែងធ្វើការវិញ តែពេលជិះចេញពីកន្លែងលក់បង្អែម បានចម្ងាយប្រហែល៦០០ម៉ែត្រ ក៏ត្រូវក្រុមចោរជិះម៉ូតូតាមពីក្រោយ ហើយយកកាំភ្លើងខ្លីវាយលើក្បាលជនរងគ្រោះ បណ្តាលឱ្យបែកហូរឈាម ។ បន្ទាប់មក ជនរងគ្រោះបានឈប់ម៉ូតូមើលមុខ ក៏ត្រូវក្រុមចោរភ្ជង់គំរាមបាញ់សម្លាប់ ទើបជនរងគ្រោះចុះចេញពីលើម៉ូតូ ហើយចោរបានយកម៉ូតូជិះគេចខ្លួនទៅបាត់ស្រមោល ។ ចំណែកជនរងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗដែរ ។
ចែករំលែកព័តមាននេះ