ខេត្តកំពង់ឆ្នាំង ៖ បុរម្នាក់រងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងកាលពីវេលាម៉ោង០២ និង៣០នាទីរសៀលថ្ងៃទី១៦ តុលា ២០១៥ ស្ថិតនៅកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខផ្ទះសំណាក់ផ្កាយព្រឹក ក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង បន្ទាប់ពីបុរសរងគ្រោះបានជិះម៉ូតូចេញពីផ្លូវលំជ្រុលទៅបុករថយន្តស៊ីទែនដឹកហ្គាសមួយគ្រឿង ។
ប្រភពបានឱ្យដឹងថា បុរសរងគ្រោះឈ្មោះអេត សាន អាយុ៣៤ឆ្នាំ មានទីលំនៅភូមិគោកបន្ទាយ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ។ ចំណែកអ្នកបើកបររថយន្តស៊ីទែនដឹកហ្គាសម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខភ្នំពេញ3B.3726 មានឈ្មោះចាន់ សុភាព អាយុ៣៧ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ ។
ប្រភពបន្តថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ តាមផ្លូវចាក់កៅស៊ូក្នុងខេត្ត ក្នុងដំណើរពីកើតមកលិច លុះមកដល់ចំណុចកើតហេតុ ដែលជាផ្លូវប្រសប់ជាមួយផ្លូវជាតិ ស្រាប់តែជ្រុលទៅបុកកាងមុខរថយន្តស៊ីទែនដឹកហ្គាស ដែលកំពុងធ្វើដំណើរពីត្បូងទៅជើង ក្នុងដំណើរខ្វែងទិស បណ្តាលឱ្យបោកត្រូវកង់មុខរថយន្តខាងស្តាំ ហើយខ្ទៀតចេញផុតពីរថយន្តបណ្តាលឱ្យរងរបួសធ្ងន់តែម្តង ។
ក្នុងហេតុការណ៍នេះដែរ សមត្ថកិច្ចនគរបានក្រុងបានបញ្ជាក់ថា ជនរងគ្រោះបើកម៉ូតូក្នុងស្ថានភាពស្រវឹង ព្រោះក្រោយពេលដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបានយកប្រដាប់វាស់ជាតិអាល់កុល ទៅឱ្យជនរងគ្រោះផ្លុំ ដើម្បីបញ្ជាក់ពីមូលហេតុដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង ៕



ចែករំលែកព័តមាននេះ