ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ចនគរបាលខេត្តមណ្ឌលគិរី សហការជាមួយសមត្ថកិច្ចនគរបាលខេត្តតាកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីឆបោកយកម៉ូតូមួយគ្រឿង និងយោងទៅតាមពាក្យបណ្តឹងរបស់ជនរងគ្រោះដែលបានដាក់ពាក្យបណ្តឹងនៅខេត្តមណ្ឌលគិរី ។
ការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី១៦ តុលា ២០១៥ ស្ថិតនៅចំណុចភូមិកណ្តឹង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ខណៈជនសង្ស័យកំពុងព្យាយាមគេចខ្លួនជាមួយនឹងវត្ថុតាង ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះម៉ាន់ ហៅត្រា ភេទប្រុស ជាកូនកាំបិតនៅអាហារដ្ឋានមួយកន្លែងនៅខេត្តមណ្ឌលគិរី មានទីលំនៅក្នុងស្រុកឈូក ខេត្តកំពត ។
បើតាមប្រភពពីម្ចាស់ម៉ូតូបានរៀបរាប់ថា កាលពីវេលាម៉ោង០១ និង៣០នាទីរសៀលថ្ងៃទី១៣ តុលា ២០១៥ កន្លងមក បន្ទាប់ពីបញ្ចប់ពីធីបុណ្យភ្ជុំបិណ្ឌមក ជនសង្ស័យខាងលើបានខ្ចីម៉ូតូម៉ាកហុងដាឌ្រីម១២៥ ពណ៌ខ្មៅ ស្លាកលេខរដ្ឋ 12-2007 ដោយមូលហេតុថា យកទៅលេងផ្ទះមេចុងភៅ ព្រោះអផ្សុកពេក ។ លុះដល់ពេលល្ងាច ដោយមានការបារម្ភ ជនរងគ្រោះក៏ទាក់ទងសួរមេចុងភៅទើបដឹងថា ចាញ់បោកជនសង្ស័យខាងលើ ទើបមកដាក់ពាក្យបណ្តឹងដល់សមត្ថកិច្ច ។
ក្រោយពីស្រាវជ្រាវ និងដោយមានការសហការពីជនរងគ្រោះ សមត្ថកិច្ចខេត្តមណ្ឌលគិរី រួមនឹងសមត្ថកិច្ចខេត្តតាកែវ ក៏បានវែករកមុខសញ្ញា និងឈានទៅដល់ការឃាត់ខ្លួនបានដោយជោគជ័យ ។ បច្ចុប្បន្នកម្លាំងនគរបាលជំនាញ កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យទៅតុលាការចាវិធានការតាមច្បាប់ ៕


ចែករំលែកព័តមាននេះ