រាជធានីភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ត្រូវបានជនសង្ស័យប្រុស-ស្រី២នាក់វាយសម្លាប់ប្លន់យកម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ មួយគ្រឿងយកទៅបាត់ ដែលហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១៦ តុលា ២០១៥ នៅចំណុចផ្លូវលំក្នុងព្រៃ ស្ថិតក្នុងភូមិព្រៃស្វាយ សង្កាត់ពន្ធសាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលត្រូវក្រុមចោរវាយសម្លាប់ប្លន់យកម៉ូតូមានឈ្មោះ ស៊ន ទិត្យ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឌុប និងមានប្រពន្ធឈ្មោះ គីម ខន អាយុ២៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍ជ័យ ។ ចំណែកម៉ូតូដែលត្រូវចោរប្លន់យកទៅបាត់នោះម៉ាក ហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BS-3990 ។
ប្រភពពីក្មេងឃ្វាលគោម្នាក់បានឱ្យសមត្ថកិច្ចដឹងថា មុនពេលកើតហេតុបានឃើញម៉ូតូឌុប១គ្រឿងឌុបមនុស្សប្រុស-ស្រី២នាក់ក្នុងទិសដៅពីកើតទៅលិច ស្រាប់តែមកដល់កន្លែងកើតហេតុមនុស្សប្រុសដែលជិះខាងក្រោយក៏បានដកម៉ាឡេតសំពងក្បាលអ្នករត់ម៉ូតូឌុបពីក្រោយបណ្តាលឱ្យម៉ូតូដួល ហើយជនរងគ្រោះក៏ព្យាយាមរត់គេច ប៉ុន្តែត្រូវជនប្រុស-ស្រី២នាក់នោះដេញតាមវាយជាច្រើនម៉ាឡេតរហូតស្លាប់ ហើយក៏លើកម៉ូតូជិះគេចខ្លួនបាត់ស្រមោលតែម្តង ។
ក្រោយពេលកើតហេតុ ក្មេងប្រុសឃ្វាលគោនោះក៏ស្រែកប្រាប់អ្នកភូមិនៅក្បែរៗនោះឱ្យទូរស័ព្ទប្រាប់សមត្ថកិច្ច ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចក៏ចុះមកពិនិត្យកន្លែងកើតហេតុដើម្បីពិនិត្យ និងធ្វើកោសល្យវិច្ច័យសព ។
ប្រភពពីប្រពន្ធជនរងគ្រោះបានឱ្យដឹងថា បន្ទាប់ពីបាយថ្ងៃត្រង់រួច ប្តីរបស់គាត់ក៏ចេញរត់ម៉ូតូឌុបដូចរាល់ដង រហូតដល់ម៉ោងប្រហែលជា៥ល្ងាចថ្ងៃដដែលមិនឃើញប្តីត្រឡប់ទៅផ្ទះវិញក៏ទូរស័ព្ទមកប្តី ក៏ត្រូវសមត្ថកិច្ចប៉ូលិសប្រាប់ថា ប្តីរបស់ខ្លួនត្រូវគេវាយសម្លាប់ប្លន់យកម៉ូតូបាត់ហើយ ក៏ជិះម៉ូតូឌុបបណ្តើរយំបណ្តើរមកកន្លែងកើតហេតុ ។
លោក ឈឹន គឹមថុយ អធិការនគរបាលខណ្ឌព្រែកព្នៅ បានឱ្យដឹងថា ករណីសម្លាប់ប្លន់យកម៉ូតូនេះអាចជាករណីមនុស្សស្គាល់គ្នា ព្រោះថាកន្លែងដែលប្លន់នេះស្ងាត់ បើសិនជាគ្រាន់តែប្លន់យកម៉ូតូនោះមិនចាំបាច់ដេញវាយរហូតស្លាប់នោះទេ គ្រាន់តែវាយហើយយកម៉ូតូជិះគេចខ្លួនបានបាត់ទៅហើយ តែនេះដេញវាយរហូតស្លាប់តែម្តង ។
លោកអធិការនគរបាលខណ្ឌព្រែកព្នៅបន្តទៀតថា នៅកន្លែងកើតហេតុសមត្ថកិច្ចប្រទះឃើញម៉ាឡេតដែលក្រុមជនសង្ស័យប្រើប្រាស់វាយជនរងគ្រោះ ហើយក៏បានយកទៅពិនិត្យ និងស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យដើម្បីចាប់យកមកផ្តន្ទាទោសតាមច្បាប់ ។ ចំណែកសពជនរងគ្រោះប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕



ចែករំលែកព័តមាននេះ