រាជធានីភ្នំពេញ ៖ បុរសអ្នកលក់លៀសហាលម្នាក់ត្រូវកម្លាំងសម្ថកិច្ចចាប់វាយខ្នោះពីបទឆក់កាបូបដៃមិនបានសម្រេចកាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី១៦ តុលា ២០១៥ នៅចំណុចខាងមុខផ្ទះលេខ៧២ ផ្លូវលេខ៤៧៤ កែងផ្លូវលេខ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ចាន់ សាវី អាយុ២៦ឆ្នាំ មុខរបរដើរលក់លៀសហាល ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ក្នុងសង្កាត់ផ្សាដើមថ្កូវ ខណ្ឌចំការរមន និងមានស្រុកំណើតនៅភូមិបឹងគ្រុំ ឃុំបឹងគ្រុំ ស្រុកល្វាឯម ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅពេលដែលជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1B-2343 ម្នាក់ឯងឆក់កាបូបដៃពីនារីពីរនាក់ជិះម៉ូតូឌុបគ្នា ។ មុនពេលកើតហេតុនារីរងគ្រោះបានជិះម៉ូតូម៉ាក ស្គូពី ព៌ណស មួយគ្រឿងក្នុងទិសដៅពីត្បូងទៅជើង លុះដល់កន្លែងកើតហេតុក៏លេចមុខជនសង្ស័យជិះម្នាក់ឯងមកពីក្រោយ ហើយក៏លូកដៃម្ខាងឆក់កាបូបពីនារីវ័យក្មេងម្នាក់ដែលអង្គុយខាងក្រោយ ពេលនោះនារីរងគ្រោះក៏បានប្រទាញប្រទង់ជាមួយជនសង្ស័យបណ្តាលឱ្យដួលម៉ូតូទាំង២គ្រឿង ភ្លាមៗនោះកម្លាំងនគរបាលប៉ុស្តិ៍ក៏ចុះមកដល់ធ្វើការឃាត់ខ្លួនជនសង្ស័យតែម្តង ។
ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានបញ្ជូនមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលបឹងត្ររបែក និងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត ចំណែកកាបូបដៃដែលត្រូវចោរឆក់មានទូរស័ព្ទដៃម៉ាក Iphone 6 plus មួយគ្រឿង លុយ១០០ដុល្លារ និង២១ម៉ឺនរៀល ត្រូវបានប្រគល់ជូនទៅនារីរងគ្រោះវិញផងដែរ ៕




ចែករំលែកព័តមាននេះ