ខេត្តកំពត ៖ លោកនាយនគរបាលប៉ុស្តិ៍កំពង់ត្រាចខាងលិចបានរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូកាលពីវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី១៥ តុលា ២០១៥ នៅតាមបណ្តោយផ្លូវលេខ៣៣ ត្រង់ចំណុចមុខទីបញ្ជាការវរសេនាតូចលេខ៣០២ ការពារព្រំដែនគោក ស្ថិតក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ។
មន្ត្រីនគរបាលសណ្តាប់ធ្នាប់ស្រុកកំពង់ត្រាចបានប្រាប់ឱ្យដឹងថា លោក ការ សារឿន ជានាយនគរបាលប៉ុស្តិ៍កំពង់ត្រាចខាងលិច ជិះម៉ូតូរបស់អង្គភាព ម៉ាកស្មាស់ ពាក់ស្លាកលេខ នគរបាល 1-2975 ក្នុងទិសដៅពីកើតទៅលិច ហើយបត់ចូលទៅឆ្វេងដៃទៅបុកម៉ូតូ១គ្រឿងទៀតម៉ាក សង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ កំពត 1E-3483 បើកបរដោយឈ្មោះ ឃន ថេ អាយុ៤៨ឆ្នាំ ជាមន្ត្រីយោធាវរសេនាតូចលេខ៣០២ ការពារព្រំដែនគោក ដែលកំពុងជិះពីលិចទៅកើត បណ្តាលឱ្យលោកនាយប៉ុស្តិ៍រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តគៀងយ៉ាង ប្រទេសវៀតណាម ចំណែកឯមន្ត្រីយោធារងរបួសស្រាល ។
មន្ត្រីនគរបាលសណ្តាប់ធ្នាប់បានប្រាប់ឱ្យដឹងថា មន្ត្រីយោធារងគ្រោះនោះធ្លាប់ទទួលរងគ្រោះថ្នាក់ចរាចរណ៍ម្តងរួចហើយ គឺជិះម៉ូតូបុករទេះគេកាលពីខែមុន ចំណែកលោកអនុសេនីយ៍ឯក ការ សារឿន កាលពីពេលថ្មីៗនេះក៏ទើបតែជួបគ្រោះថ្នាក់ចរាចរណ៍ដែរ គឺជិះម៉ូតូបុកស្ត្រីម្នាក់ ខ្លួនមិនទាន់ជាមុខរបួសផង ឥឡូវទទួលរងគ្រោះជាលើកទី២ទៀត ។
ក្រោយពេលធ្វើការវាស់វែងរួច ម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំការដោះស្រាយគ្នាបញ្ចប់រឿង ព្រោះជនរងគ្រោះទាំង២នាក់សុទ្ធតែជាអ្នកស្គាល់គ្នា ៕



ចែករំលែកព័តមាននេះ