ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រត់​គេចខ្លួន​ជិត២ស​ប្តា​ហ៍បន្ទាប់ពី​​វាយ​យក​ម៉ូតូ និង​កាបូបលុយ​​ ​ត្រូវ​នគរ​បាល​​តាម​ប្រមាញ់​​បាន​​​ទាំង២នាក់​​

10 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ ៖​ នគរបាល​ប៉ុ​ស្តិ៍​រដ្ឋបាល​ស្រះ​ចក ​បានឱ្យ​ដឹង​​ថា ​មុខសញ្ញា​វាយ​យក​ម៉ូតូ​ និង​កាបូប​លុយ​​របស់​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​សាធារណៈ ​កាលពី​យប់​ថ្ងៃ​ទី​២ ​ខែកញ្ញា​ ឆ្នាំ​២០១៥ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ នា​ពេល​កន្លង​មកនេះ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុ​ស្តិ៍​សហការ​ជាមួយ​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ដូន​ពេញ ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ នៅ​វេលា​​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ​តុលា ​។

មន្ដ្រី​នគរបាល​ដដែល បាន​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​ពីរ​នាក់​បានធ្វើ​សកម្មភាព​វាយយក​ម៉ូតូ ​និង​កាបូប​លុយ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលងអធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិត​នៅ​ត្រង់​ចំណុច​ផ្លូវ​R6កែង​ផ្លូវលេខ​៧០ ភូមិ​១ សង្កាត់​ស្រះ​ចក ខណ្ឌ​ដូនពេញ រួច​ហើយបាន​​នាំ​គ្នា​រត់គេច​ខ្លួន​អស់​រយៈ​ពេល​ជិត​២ស​ប្តា​ហ៍​ទីបំផុត​ជនសង្ស័យ​២​នាក់​​ ត្រូវ​បាន​ឃាត់ខ្លួន​ ព្រមទាំង​ដកហូត​វត្ថុ​តាង​មាន​ស្នាប់ដៃ​មួយ​ចំនួន ប៉ុន្ដែ​​​ទ្រព្យសម្បត្ដិ និង​សម្ភាររបស់​ជន​រង​គ្រោះ ដែល​ពួក​គេ​​​​យក​​​ទៅនោះ​មិន​ឃើញ​ឡើយ ។​

ជនសង្ស័យ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ទាំង​២នាក់ខាង​លើនេះ​ ម្នាក់​ឈ្មោះ ​អៀង ជា ហៅ​ទិ​ត្យ អាយុ​៣៧ឆ្នាំ ភេទប្រុស មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល តាម​ផ្លូវ​រថភ្លើង ភូមិ​ទួល​គោក សង្កាត់​ទួលសង្កែ ខណ្ឌឫស្សីកែវ និង​ម្នាក់​ទៀត ឈ្មោះ​ ពិន ភ័​ណ ហៅ​តុល អាយុ​៣០​ឆ្នាំ ភេទ​ស្រី មុខរបរ​ស្ដ្រី​រកស៊ី​ផ្លូវភេទ ស្នាក់​នៅផ្ទះ​ជួល សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក ។

មន្ត្រី​នគរបាល​មូលដ្ឋាន​បាន​រំឭក​ថា ​កាលពី​វេលាម៉ោង​​១​​​រំលង​អធា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២​ ខែកញ្ញា ​ឆ្នាំ​២០១៥ ជន​រង​គ្រោះ​ ឈ្មោះ តន់ ម៉េ​ង​ហួរ អាយុ​២៦​ឆ្នាំ មុខរបរ​បើក​រថយន្ដ ស្នាក់​នៅផ្ទះ​លេខ​២០E0 ផ្លូវ​លេខ​១៧២ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ត្រូវ​បាន​ជន​សង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​ និង​បក្ខពួក​បាន​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​ម៉ាក​ស្គូពី ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 1WC-8945 ព្រមទាំង​យក​កាបូប​លុយ ដែល​មាន​ទឹកប្រាក់​២២០​ដុល្លារ ព្រម​ទាំង​ប័ណ្ណបើកបរ​ផង​ដែរ ហើយ​នាំ​គ្នា​គេចខ្លួន​បាត់ ។

​​ជនសង្ស័យ​ទាំង​ពីរ​នាក់​ ត្រូវ​បាន​ឃុំខ្លួន​ជា​បណ្ដោះអាសន្ននៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ ដើម្បីកសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​រាជ​ធានី​ ​​ធ្វើការ​​ផ្ដន្ទាទោស​​តាម​ផ្លូវច្បាប់ ៕