ខេត្តកំពង់ធំ ៖ បន្ទាប់ពីព័ត៌មានចុះផ្សាយថាលោក ជូ គឹមសួ អតីតនាយកសាលាបឋមសិក្សាកំពង់ក្របៅបានឃុបឃិតគ្នាជាចង្កោមជាមួយអាជ្ញាធរភូមិកំពង់ក្របៅ, សង្កាត់កំពង់ក្របៅ, ភូមិបាលក្រុងស្ទឹងសែន និងមន្ទីររៀបចំដែនដីខេត្ត រំលោភយកដីសាលាមកធ្វើជាផ្លូវកម្មសិទ្ធិដែលមានទទឹង៨ម៉ែត្រ ដើម្បីចូលទៅកាន់ដីរបស់ខ្លួននៅខាងក្រោយសាលារៀន ទាំងអាជ្ញាធរ និងប្រជាពលរដ្ឋបានស្នើសុំអាជ្ញាធរខេត្តចេញប្លង់សាលាសារជាថ្មីឡើងវិញ ។
លោក ជូ វុនធី ប្រធានមន្ទីរអប់រំខេត្តមានប្រសាសន៍ថា រឿងដីនៅក្នុងបរិវេណសាលាបឋមសិក្សាកំពង់ក្របៅនេះ បន្ទាប់ពីគណៈកម្មការរបស់មន្ទីរចុះស្រាវជ្រាវជាថ្មីកាលពីថ្ងៃទី៦ តុលា ២០១៥ រកឃើញថា ដីនេះនៅក្នុងឆ្នាំ១៩៩៩ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក ជូ គឹមសួ ជានាយកសាលា (កាលមិនទាន់ចូលនិវត្ត) លោកបានធ្វើបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋដែលមានផ្ទៃដីទំហំ៦១០៦ម៉ែត្រការ៉េ ក្រោយមកនៅឆ្នាំ២០០៨ លោក ជូ គឹមសួ និងអាជ្ញាធរសម្រេចទុកដីខាងលិចសាលារៀនទទឹង៨ម៉ែត្រ ដោយពុំមានការអនុញ្ញាតពីមន្ទីរអប់រំ យុវជន និងកីឡាខេត្តឡើយ ហើយមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តក៏ចេញវិញ្ញាបនបត្រសំគាល់អចលនវត្ថុធ្វើឱ្យផ្ទៃដីសាលានៅសល់ទំហំតែ៤២៩៣ម៉ែត្រការ៉េតែប៉ុណ្ណោះ ដែលការទុកផ្លូវនេះគឺសម្រាប់ចូលទៅចំដីរបស់លោក ជូ គឹមសួ ដែលមាននៅខាងក្រោយសាលារៀនតែម្នាក់ឯងទេ ។
លោក ជូ វុនធី បានបន្តទៀតថា បន្ទាប់ពីការចុះស្រាវជ្រាវ តំណាងសហគមន៍ និងអាជ្ញាធរ សុំឱ្យបិទផ្លូវខាងលិចសាលារៀនវិញ និងសុំឱ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត ធ្វើការកែសម្រួលប្លង់កាន់កាប់អចលនវត្ថុដីសាធារណៈរបស់សាលាបឋមសិក្សាកំពង់ក្របៅសារជាថ្មីឡើងវិញ និងបានដាក់ជូនលោកអភិបាលខេត្តកំពង់ធំបានជ្រាប និងជួយអន្តរាគមន៍ដោយសេចក្តីអនុគ្រោះ ។
លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ កាលពីថ្ងៃទី១៦ តុលា ២០១៥នេះ ពុំអាចសុំការបំភ្លឺបានទេជុំវិញបញ្ហានេះ ដោយសារទូរស័ព្ទមិនអាចទំនាក់ទំនងបាន ៕






ចែករំលែកព័តមាននេះ