ខេត្តកំពង់ឆ្នាំង ៖ គិតត្រឹមព្រឹកថ្ងៃទី១៦ តុលា ២០១៥ នេះ ផ្ទះបណ្តែតទឹកនៅក្នុងទន្លេមុខផ្សារឆ្នាំង ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បានចាកចេញទៅតាំងទីលំនៅថ្មីតាមការកំណត់ និងរៀបចំរបស់អាជ្ញាធរខេត្ត បានប្រមាណ៩៧ភាគរយហើយ នេះជាការបញ្ជាក់របស់លោកស៊ុន សុវណ្ណរិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃដដែលនេះ ខណៈដែលលោកកំពុងចុះពិនិត្យមើលការរៀបចំផ្ទះបណ្តែតទឹក ដែលកំពុងនៅទីតាំងថ្មី មានចម្ងាយជាង២គីឡូម៉ែត្រពីខាងជើងផ្សារឆ្នាំង។
លោកអភិបាលរងខេត្តកំពង់ឆ្នាំង បានបន្តថា ប្រជាពលរដ្ឋដែលរស់នៅលើផ្ទះបណ្តែតទឹកក្នុងទន្លេ មុខផ្សារឆ្នាំង មានសរុបចំនួន៩៩៦គ្រួសារ ស្មើនឹង១.៤៨៦ខ្នង រួមនឹងបែចិញ្ចឹមត្រីបានចាកចេញស្ទើអស់ទាំងស្រុងហើយ នៅសេសសល់មួយចំនួនទៀត ដែលនឹងត្រូវចាកចេញបន្តរហូតដល់ថ្ងៃផុតកំណត់ គឺថ្ងៃទី៣០ តុលា ២០១៥ ។ យោងតាមផែនការរបស់គណៈអភិបាលខេត្តកំពង់ឆ្នាំង គឺត្រូវរៀបចំសណ្តាប់ធ្នាប់ អ្នករស់នៅលើផ្ទះបណ្តែតទឹក មានបែចិញ្ចឹមត្រី មានសិប្បកម្មជួសជុលម៉ាស៊ីន សិប្បកម្មបញ្ជូនអាគុយជាដើម នៅក្នុងទន្លេមុខផ្សារឆ្នាំង ដោយឱ្យចាកចេញទៅតាំងទីលំនៅថ្មីមានចម្ងាយជាង២គីឡូម៉ែត្រ ពីខាងជើងប៉ុស្តិ៍នគរបាលសង្កាត់ផ្សារឆ្នាំង ទាំងនេះគឺដើម្បីឱ្យមានរបៀបរៀបរយ អភិវឌ្ឍន៍តំបន់មាត់ទន្លេផ្សារក្រោមក្នុងក្រុងកំពង់ឆ្នាំងឱ្យក្លាយជាតំបន់ទេសចរណ៍ មានបរិស្ថានល្អ សោភ័ណ្ឌភាពល្អ ស្របតាមគោលការណ៍ប្រឡងប្រណាំងទីក្រុងស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តតំបន់ទេសចរណ៍ធម្មជាតិតាមមាត់ទន្លេ និងទេសចរណ៍ប្រវត្តិសាស្ត្រភ្នំនាងកង្រី និងម្យ៉ាងវិញទៀត គឺដើម្បីត្រៀមរៀបចំការប្រណាំងទូកងរក្នុងពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ក្នុងខែវិច្ឆិកាខាងមុខនេះ។ ដោយឡែកផ្ទះបណ្តែតទឹកដែលនៅសេសសល់ប្រមាណ១ភាគរយ ម្ចាស់ផ្ទះភាគច្រើនមានសញ្ជាត្តិខ្មែរ និងត្រូវរុះរើដោយខ្លួនឯងទៅសាងសង់លើទីតាំងថ្មីជាដីគោករបស់ខ្លួនដែលមានស្រាប់។
លោកស៊ុន សុវណ្ណរិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង ក៏បានបញ្ជាក់ដែរថា អាជ្ញាធរខេត្តកំពង់ឆ្នាំង មានគម្រោងកសាងសួនច្បារបន្ថែម ទីតាំងលក់ដូរផ្សារឆ្នាំង ផ្លូវ ច្រាំងទន្លេ បណ្តាញទឹកស្អាត បណ្តាញ អគ្គិសនី កន្លែងហាត់ប្រាណ និងវេទិការមួយសម្រាប់ធ្វើពិធីផ្សេងៗផងដែរ ដែលគម្រោងនេះ មានប្រវែង ២.៧១១ម៉ែត្រ ចាប់ពីមុខវត្តលោកយាយទេព រហូតដល់ស្ថានីយទឹកស្អាតអានកូ ក្នុងភូមិចុងកោះ សង្កាត់ ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
ទោះយ៉ាងណាក្តី ប្រជាពលរដ្ឋដែលបានបន្លាស់ទីទៅទីតាំងថ្មីបានត្អូញតែ្អដែរថា ពួកគាត់បានកំពុងជួបការលំបាក ដូចជាកន្លែងរស់នៅថ្មីមានចម្ងាយឆ្ងាយពេក មានសន្តិសុខមិនល្អ ខ្វះផ្លូវ ខ្វះអគ្គិសនី និងមិនអាចចិញ្ចឹមត្រីក្នុងបែបាន ព្រោះចំណុចដែលកំពុងតាំងលំនៅដ្ឋាន គឺជាទន្លេមានទឹករាក់ ក្នុងខែប្រាំង ចំណែកខ្លះទៀតបាននិយាយថា មានម្ចាស់ក្បាលដីចំការបានមកទារប្រាក់ពីពួកគាត់ក្នុងមួយខ្នងផ្ទះចំនួន៥០ដុល្លាជាដើម ទើបម្ចាស់ចំការព្រមឱ្យនៅជាដើម ដែលបញ្ហានេះ អាជ្ញាធរខេត្តគួរជួយគិតគូរដល់ពួកគាត់ផង ៕









ចែករំលែកព័តមាននេះ