ដោយមានការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លារបស់រុស្ស៊ីដែលអាចឱ្យពួកឧទ្ទាមចុះខ្សោយ កងទ័ពស៊ីរកាលពីថ្ងៃទី១៦ តុលា ចាប់ផ្តើមវាយលុកដើម្បីដណ្តើមយកវិញទីក្រុងអាឡែបជាទីក្រុងធំទី២ និងជាអតីតរដ្ឋធានីសេដ្ឋកិច្ចរបស់ប្រទេសជាមួយជំនួយយ៉ាងធំរបស់អីុរ៉ង់ ។
ទាហានអីុរ៉ង់ជាច្រើនពាន់នាក់ត្រៀមជួយទ្រទ្រង់ដល់ការវាយលុកនេះរបស់កងទ័ពស៊ីរី ដើម្បីដណ្តើមយកទីក្រុងនេះពីកណ្តាប់ដៃពួកបះបោរ ដែលរួមមានក្រុមរណសិរ្សអាល់ណូស្ត្រា សាខាអាល់កៃដានៅស៊ីរី និងបណ្តាសម្ព័ន្ធមិត្តអ៊ិស្លាមនិយម ។
អ្នកទទួលខុសត្រូវតំបន់ម្នាក់ថ្លែងប្រាប់រ៉យទ័រថា ការសម្រេចចិត្តត្រូវបានធ្វើរួចហើយ ។ ការវាយលុកនេះប្រព្រឹត្តទៅទន្ទឹមគ្នានឹងការវាយលុកនៅតំបន់ហាម៉ា នាភាគខាងកើតប្រទេសដោយកងទ័ពស៊ីរី និងកងយន្តហោះរុស្ស៊ី ។
ការទម្លាក់គ្រាប់បែករបស់កងយន្តហោះរុស្ស៊ីចាប់ផ្តើមជាផ្លូវការពីថ្ងៃទី៣០ កញ្ញា មក អាចធ្វើឱ្យបណ្តាទីតាំងរបស់ពួកបះបោររងការខូចខាតយ៉ាងដំណំ ពិសេសបានកម្ទេចមូលដ្ឋានរបស់កងពលធំទី១៣ ជាពួកឧទ្ទាមដែលទទួលអាវុធពីអាមេរិក ។
ការចុះខ្សោយនេះរបស់ពួកឧទ្ទាមក៏ញ៉ាំងឱ្យពួកជីហាដ ក្រុមរដ្ឋអ៊ិស្លាមបើកការវាយលុកវាទទឹកដីកាន់កាប់ដែរ ។ ពួកនេះអាចវាយដណ្តើមយកបានមូលដ្ឋានជាច្រើននៅជុំវិញក្រុងអាឡែប ។ ការវាយប្រហារតាមអាកាសរបស់ក្រុមចម្រុះនាំមុខដោយសហរដ្ឋអាមេរិក អង់គ្លេស និងបារាំង ហាក់ដូចជាពុំអាចកាត់បន្ថយសមត្ថភាពប្រតិបត្តិការរបស់អង្គការរដ្ឋអិុស្លាមឡើយ ។ កាលពីថ្ងៃទី៩ តុលា កន្លងមកនេះ ពួករដ្ឋអិុស្លាមបានវាយបណ្តេញបណ្តាក្រុមឧទ្ទាមប្រជែងគ្នាចេញពីភូមិជាច្រើននាភាគខាងជើងក្រុងអាឡែប ។ ការប៉ះទង្គិចគ្នានានា បណ្តាលឱ្យមនុស្សស្លាប់ជាច្រើនសិបនាក់ ។ រួចនាថ្ងៃទី១០ តុលា ពួករដ្ឋអ៊ិស្លាមស្ថិតនៅចម្ងាយត្រឹម២០គីឡូម៉ែត្រប៉ុណ្ណោះពីទីក្រុងអាឡែប ជិតតំបន់ឧស្សាហកម្ម CHEIKH NAJJAR ។ ពួករដ្ឋអិុស្លាមធ្លាប់ប្រកាសជាច្រើនលើកថា ពួកគេនឹងធ្វើការវាយលុកមួយលើក្រុងអាឡែប ។
វត្តមានដ៏ច្រើននៃកងទ័ពអីុរ៉ង់ក្នុងតំបន់អាឡែបត្រូវបានអះអាងតាមរយៈការស្លាប់កាលពីសប្តាហ៍មុនរបស់ឧត្តមសេនីយ៍អីុរ៉ង់ HOSSEIN HAMEDANI ។ លោកស្លាប់នៅឯព្រលានយន្តហោះ QWEIRES ជិតក្រុងអាឡែប ។ កងឆ្មាំបដិវត្តន៍អីុរ៉ង់បានបរិហារការជាប់ទាក់ទិនរបស់ពួកភេរវករក្រុមរដ្ឋអ៊ិស្លាមក្នុងការស្លាប់របស់ឧត្តមសេនីយ៍រូបនេះ ។
អ្នកនាំពាក្យរបស់កងកម្លាំងឆ្មាំបដិវត្តន៍អីុរ៉ង់ទទួលស្គាល់តាមទូរទស្សន៍រដ្ឋអីុរ៉ង់ថា ឧត្តមសេនីយ៍រូបនេះរយៈពេល៤ឆ្នាំចុងក្រោយនេះជាទីប្រឹក្សាយោធាមួយរូប ក្នុងចំណោមទីប្រឹក្សាយោធាអីុរ៉ង់ដែលមានឥទ្ធិពលបំផុត ដែលដើរតួនាទីសំខាន់មួយនៅស៊ីរី ។
ការចូលរួមដោយផ្ទាល់របស់កងទ័ពអីុរ៉ង់ជួយច្បាំងរួមជាមួយរបបស៊ីរីពុំមែនជារឿងថ្មីឡើយ ។ កាលពីនិទាឃរដូវកន្លងមកនេះ ឧត្តមសេនីយ៍អីុរ៉ង់ MAHDI FAHBERI ប្រមុខកងវរសេនាតូច FATIMIOUN បានស្លាប់ក្នុងការប្រយុទ្ធជាមួយពួកឧទ្ទាមនាភាគខាងត្បូងប្រទេសស៊ីរី ។ ក៏ប៉ុន្តែពេលនេះកងទ័ពអីុរ៉ង់ហាក់ដូចជាប្រមូលកម្លាំងដល់៥.០០០នាក់ ជាសមាជិកកងកម្លាំងពិសេស AL-QODS នៃកងឆ្មាំបដិវត្តន៍ដែលនឹងដាក់ពង្រាយក្នុងប្រទេសស៊ីរីទាំងមូល ព្រមទាំងនៅអាឡែបផងដែរ ។
របបស៊ីរីបានពង្រីកការវាយលុករបស់ខ្លួននៅភាគកណ្តាលប្រទេស ដោយវាយប្រហារពួកឧទ្ទាមក្នុងខេត្តហូម ហើយប៉ុនប៉ងដណ្តើមយកមូលដ្ឋានយុទ្ធសាស្ត្រសំខាន់មួយនៅខេត្តហាម៉ា ។
ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃទី១៥ តុលា បានបរិហារជំហរមិន ស្ថាបនារបស់សហរដ្ឋអាមេរិក ដែលលោកថា បដិសេធគោលការណ៍នៃការផ្លាស់ប្តូរគណៈប្រតិភូគ្នាជាមួយក្រុងមូស្គូ ដើម្បីពិភាក្សាពីជម្លោះស៊ីរី ។
អង្គការសិទ្ធិមនុស្សស៊ីរី OSDH រៀបរាប់ពីការប្រយុទ្ធគ្នាយ៉ាងសាហាវរវាងកងទ័ពស៊ីរី និងពួកឧទ្ទាមនៅភាគខាងត្បូងមូលដ្ឋាន TALBISSE ស្ថិតតាមដងផ្លូវភ្ជាប់រវាងខេត្តហូម និងហាម៉ា ហើយត្រួតត្រាដោយពួកឧទ្ទាមចាប់តាំងពីឆ្នាំ២០១២មក ។ របបស៊ីរីចង់វាយកាន់កាប់ផ្លូវថ្នល់រវាងក្រុងហូម និងក្រុងអាឡែប ។ ផ្លូវថ្នល់នេះឆ្លងកាត់ខេត្តហាម៉ា និងអីុដលីប ដែលស្ទើរធ្លាក់ទាំងស្រុងក្នុងការត្រួតត្រារបស់ពួកបះបោរអ៊ិស្លាមនិយមសម្ព័ន្ធមិត្តរបស់ក្រុមអាល់ណូស្ត្រា ។
នាថ្ងៃទី១៥ តុលា អីុរ៉ង់និយាយថា ត្រៀមពិនិត្យពីសំណើជាយថាហេតុមួយរបស់របបស៊ីរីឱ្យជួយបញ្ជូនកងកម្លាំងជំនួយ ។ ទោះបីយ៉ាងណា បណ្តាប្រភពយោធាស៊ីរីរៀបរាប់ពីទាហានអីុរ៉ង់ជាច្រើនពាន់នាក់ ដែលរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបញ្ជូនមកដល់ព្រលានយន្តហោះយោធា MMEIMIM ភាគខាងត្បូងខេត្ត LARTTAQUIE ដើម្បីជួយពង្រឹងដល់កងទ័ពស៊ីរីក្នុងការវាយលុក ៕


ចែករំលែកព័តមាននេះ