ខេត្តត្បូងឃ្មុំ ៖ ជនសង្ស័យ៥នាក់ ក្នុងនោះមានជនជាតិវៀតណាម២នាក់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ត កាលពីវេលាព្រឹកថ្ងៃទី១៦ តុលា ២០១៥ ដោយចោទពីពីបទជួញដូរគ្រឿងញៀន ។
លោកអធិការស្រុកមេមត់បានឱ្យដឹងថា យោងតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់ក្រសួងមហាផ្ទៃ កម្លាំងប៉ុស្តិ៍រដ្ឋបាលរូង សហការជាមួយយោធាការពារព្រំដែនគោកវរ២០៣ ត្រង់ចំណុចត្រពាំងប្ញស្សី បានធ្វើការចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ កាលពីវេលាម៉ោង០៩ និង៥នាទីយប់ថ្ងៃទី១៤ តុលា ២០១៥ ក៏បានឃាត់ជនជាតិវៀតណាម ក្នុងនោះ ១-ឈ្មោះ សឿង វ៉ាន់គាន អាយុ២៦ឆ្នាំ និង២-ឈ្មោះម៉ាយ វ៉ាន់សឿង អាយុ២៦ឆ្នាំ ទាំង២នាក់រស់នៅភូមិថ្មី ឃុំតាំងហា ស្រុកតឹងចូវ ខេត្តតៃនិញ ប្រទេសវៀតណាម ដោយដកហូតថ្នាំញៀនបាន២កញ្ចប់ ។
ផ្អែកតាមការឆ្លើយសារភាពនោះ លុះនៅវេលាម៉ោង០៨ និង៣០នាទីព្រឹកថ្ងៃទី១៥ តុលា ក៏ចាប់បានបក្សពួកម្នាក់ទៀតឈ្មោះចាប់ វ៉េត ហៅស្រីវ៉េត ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិបេង ឃុំរូង ស្រុកមេមត់ ។ បន្ទាប់មកទៀត នៅវេលាម៉ោង១២ និង២៥នាទីថ្ងៃទី១៥ តុលា ២០១៥ កម្លាំងអធិការដ្ឋាននគរបាលស្រុកមេមត់ សហការជាមួយស្នាក់ការអាវុធហត្ថ៧០៣ប្រចាំការនៅស្រុកមេមត់ បានអនុវត្តដីកាចាប់ខ្លួនឈ្មោះវាសនា រចនា ហៅដូង ភេទប្រុស អាយុ២៥ឆ្នាំ និងឈ្មោះសុង ស៊ីឡូ ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមចង្គុំស្ពាន ឃុំទន្លូង ស្រុកមេមត់តាមដីកាលេខ០៧ និងលេខ០៨ ចុះថ្ងៃទី១៦ កញ្ញា ២០១៥ របស់លោកនូ ចន្ទសុគន្ធា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តត្បូងឃ្មុំ ដោយពាក់ព័ន្ធទៅករណីជួញដូរថ្នាំញៀន កាលពីថ្ងៃទី២៣ សីហា ២០១៥ រស់នៅភូមិម៉ាស៊ីនទឹក ឃុំមេមត់ ស្រុកមេមត់ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព




ចែករំលែកព័តមាននេះ