រាជធានីភ្នំពេញ ៖ ជនសង្ស័យជាមុខសញ្ញាប្លន់ប្រដាប់អាវុធម្នាក់ក្នុងចំណោមបក្សពួកមិនតិចជាង១០នាក់ដែលតែងតែធ្វើសកម្មភាពប្លន់ម៉ូតូយ៉ាងសកម្មនៅពេលយប់ក្នុងរាជធានីភ្នំពេញនោះ ត្រូវបានកម្លាំងល្បាតរបស់នគរបាលប៉ុស្តិ៍ទំនប់ទឹកចាប់ឃាត់ខ្លួនបានយកមកសួរនាំ ក្រោយពេលដែលខ្ចីទូរស័ព្ទដៃម៉ាក Iphone5 មួយគ្រឿងពីបុរសម្នាក់នៅក្នុងក្លឹប ថប បានហើយឡើងម៉ូតូប្រុងយកទៅលក់ ។
ជនសង្ស័យជាបក្សពួកក្រុមចោរប្លន់ប្រដាប់អាវុធនេះត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលម៉ោង២ និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ តុលា ២០១៥ នៅខាងក្រោយមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ផ្លូវលេខ ៤៣០ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឱ្យដឹងថា បុរសជាជនសង្ស័យមានឈ្មោះ នួន ម៉ាច អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ក្នុងតំបន់មិនរៀបរយ ផ្លូវលេខ៤៣៤ ភូមិផ្អេរ(ខាងក្រោយផ្សារសុវណ្ណា) ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន មុខរបរមិនពិតប្រាកដ ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើបានហើយ កម្លាំងមានសម្ថកិច្ចក៏បានដកហូតទូរស័ព្ទពីជនសង្ស័យប្រគល់ទៅឱ្យបុរសរងគ្រោះវិញ និងសាកសួរជាបន្តទៀតត្រូវបានជនសង្ស័យសារភាពថា ក្នុងពេលកន្លងមករូបគេធ្លាប់បានធ្វើសកម្មភាពប្លន់ម៉ូតូនៅពេលយប់បានចំនួន៦លើកមកហើយ ដោយមានគ្នាចំនួន៩នាក់ប្រដាប់ដោយអាវុធខ្លីម៉ាក រ៉ូឡូ ព៌ណសមួយដើម និងជិះម៉ូតូចំនួន៣គ្រឿងជិះស្ទាក់ប្លន់ពីជនរងគ្រោះនៅក្នុងរាជធានីភ្នំពេញ។
ក្រោយពីធ្វើការសួរនាំបែកធ្លាយដល់ករណីប្លន់ប្រដាប់អាវុធយ៉ាងកក្រើកនេះហើយ កម្លាំងនគរបាលខណ្ឌចំការមនបានបើកការស្រាវជ្រាវរកចាប់ខ្លួនបក្សពួករបស់គេដែលនៅសេសសល់បន្ថែមទៀត៕






ចែករំលែកព័តមាននេះ