អតីតនាយករដ្ឋមន្ត្រីម៉ុលដាវីមួយរូបត្រូវចាប់ខ្លួនកាលពីថ្ងៃទី១៥ តុលា ក្នុងសភាតែម្តង ក្នុងក្របខណ្ឌនៃរឿងអាស្រូវពុករលួយមានទឹកប្រាក់សរុបដល់១ពាន់លានដុល្លារ ជាប្រភពនៃចលនាតវ៉ាក្នុងប្រទេសក្រីក្រនេះ ។
លោក VLAD FILAT ជាប្រមុខគណបក្សសេរីប្រជាធិបតេយ្យម៉ុលដាវី ស្និទ្ធសហភាពអឺរ៉ុបត្រូវបានអយ្យការចោទប្រកាន់ថា លួចដកយកប្រាក់២៥០លានដុល្លារពីប្រព័ន្ធធនាគារនៃអតីតសាធារណរដ្ឋសូវៀតនេះ ។
ជាប្រទេសក្រីក្របំផុតមួយមានប្រជាជន៣,៥លាននាក់ ស្ថិតនៅចន្លោះអ៊ុយក្រែន និងរូម៉ានី ម៉ុលដាវីជួបប្រទះនឹងបាតុកម្មនានាចាប់តាំងពីការបាត់លុយដល់ទៅ១ពាន់លានដុល្លារ ពីធនាគារ៣ពុំដឹងធ្លាក់លើដៃនរណា ។ រឿងនេះដែលគេដាក់ឈ្មោះថា ការក្លែងបន្លំប្រចាំសតវត្សធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ដល់សេដ្ឋកិច្ចរបស់ប្រទេសដ៏ក្រីក្រនេះនៅអឺរ៉ុប ញ៉ាំងឱ្យរូបិយវត្ថុក្នុងស្រុកធ្លាក់ថ្លៃខ្លាំង រួចអតិផរណាមានអត្រាកាន់តែខ្ពស់ ។
ដោយនាំគ្នាស្រែកថា ចាប់លោក FILAT ដាក់គុកពួកបាតុករប្រឆាំងរដ្ឋាភិបាល កាលពីថ្ងៃទី១៥ តុលា បានលើកគ្នារាំងខ្ទប់ច្រកចូលសភា ដើម្បីរារាំងកុំឱ្យអតីតនាយករដ្ឋមន្ត្រី (២០០៩-២០១៣) រូបនេះ ចេញពីសភាដែលនាព្រឹកថ្ងៃទី១៥ តុលានោះ ក៏បានដកអភ័យឯកសិទ្ធិរបស់លោកដែរ ។
នៅមុខពួកអ្នកតវ៉ា មេដឹកនាំបាតុកម្មលោក RENATO USATY ប្រមុខគណបក្សស្និទ្ធរុស្ស៊ី PARTIDUL NOSTRY បានសម្តែងក្តីរីករាយដោយប្រកាសថា ការក្តៅក្រហាយរបស់ពួកបាតុករដែលលើកគ្នាហែក្បួនតាមដងវិថីនានានៃរដ្ឋធានីជីស៊ីណូ បានបង្ខំសភាឱ្យធ្វើការសម្របសម្រួល ។ នេះជាជ័យជម្នះដំបូងរបស់យើង ៕
ចែករំលែកព័តមាននេះ