សាក្សីទាំងឡាយគូសបញ្ជាក់ថា មនុស្សជាច្រើនសិបនាក់បានត្រូវស្លាប់ កាលពីយប់ថ្ងៃទី១៥ តុលា ក្នុងព្រះវិហារអ៊ិស្លាមមួយនាទីក្រុងម៉ាអុីឌូហ្គូរី ភាគឦសាននីហ្សេរីយ៉ា ពេលជនអត្តឃាតច្រើននាក់បានធ្វើឱ្យគ្រាប់បែកដាក់ជាប់ខ្លួនពួកគេផ្ទុះក្នុងព្រះវិហារនេះ ។
លោក MUHTARI AHMADU ពាណិជ្ជករម្នាក់ស្ថិតនៅជិតកន្លែងវាយប្រហារនិយាយថា មនុស្សទាំងអស់ស្ថិតក្នុងព្រះវិហារត្រូវស្លាប់ ដោយពុំមានអ្នកនៅរស់រានមានជីវិតម្នាក់ណាឡើយ ។ ចំណែកសមាជិកកងជីវពលស្និទ្ធកងទ័ពម្នាក់និយាយថា យើងរាប់ឃើញសាកសពមនុស្សដល់ទៅ៤២នាក់នៅខាងក្រៅព្រះវិហារ ។ ពួកអ្នកវាយប្រហារបន្លំខ្លួនជាសាសនិកអ៊ិស្លាម ដើម្បីចូលខាងក្នុងព្រះវិហារ ។ ការផ្ទុះនានាកើតមាននាវេលាម៉ោង១៨និង៣០នាទីម៉ោងក្នុងស្រុក ពេលសាសនិកអ៊ិស្លាមកំពុងសូត្រធម៌ពេលយប់ក្នុងព្រះវិហារនេះ ស្ថិតនៅជាយក្រុងខាងលិចនៃទីក្រុងម៉ាអុីឌូហ្គូរី ដែលមានសកម្មភាពខ្លាំងរបស់ពួកអ៊ិស្លាមនិយមក្រុមបូកូហារ៉ាម ។ ក្រុមនេះបានបង្កើនការវាយប្រហាររបស់ខ្លួនប្រឆាំងបណ្តាគោលដៅស៊ីវិល រយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយប្រើប្រាស់បណ្តាជនអត្តឃាត និងគ្រឿងផ្ទុះច្នៃ ។
សាក្សីនិយាយថា ព្រះវិហារនេះអាចទទួលមនុស្សត្រឹម៤០នាក់ ក៏ប៉ុន្តែគេពុំដឹងថា តើមានមនុស្សប៉ុន្មាននាក់នៅខាងក្នុងឡើយ ពេលមានការវាយប្រហារ ៕
ចែករំលែកព័តមាននេះ