ក្នុងពេលពលរដ្ឋលំបាករកប្រាក់សងធនាគារហើយ មានជនខិលខូចទូរស័ព្ទបោកប្រាក់មួយជាន់ទៀត – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុងពេលពលរដ្ឋលំបាករកប្រាក់សងធនាគារហើយ មានជនខិលខូចទូរស័ព្ទបោកប្រាក់មួយជាន់ទៀត

2 អាទិត្យ មុន
  • Phnom Penh

រាជធានីភ្នំពេញ ៖ នៅក្នុងពេលដែលប្រជាពលរដ្ឋជួបការលំបាកក្នុងជីវភាព ដោយសារជំងឺកូវីដ ១៩ ពិបាករកប្រាក់សងបំណុលធនាគារហើយ មានជន ខិលខូចមួយចំនួនបានឆ្លៀតពេលពលរដ្ឋស្មុគស្មាញនេះ ប្រើល្បិចបោកប្រាក់ឲ្យពលរដ្ឋបង់ប្រាក់ទៅពួកគេដើម្បីទទួលបានការបញ្ចុះអត្រាការប្រាក់ ឬអត្ថប្រយោជន៍ផ្សេងទៀត…

រាជធានីភ្នំពេញ ៖ នៅក្នុងពេលដែលប្រជាពលរដ្ឋជួបការលំបាកក្នុងជីវភាព ដោយសារជំងឺកូវីដ ១៩ ពិបាករកប្រាក់សងបំណុលធនាគារហើយ មានជន ខិលខូចមួយចំនួនបានឆ្លៀតពេលពលរដ្ឋស្មុគស្មាញនេះ ប្រើល្បិចបោកប្រាក់ឲ្យពលរដ្ឋបង់ប្រាក់ទៅពួកគេដើម្បីទទួលបានការបញ្ចុះអត្រាការប្រាក់ ឬអត្ថប្រយោជន៍ផ្សេងទៀត ។ ដើម្បីទប់ស្កាត់សកម្មភាពឆបោកនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ជូនដំណឹងដល់ពលរដ្ឋអ្នកខ្ចីប្រាក់ពីធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថមានការប្រុងប្រយ័ត្ន ហើយថា គ្មានស្ថាប័នហិរញ្ញវត្ថុណាមួយអនុញ្ញាតឲ្យមានសកម្មភាពបែបនោះឡើយ ។

 «អតិថិជន និងសាធារណជនឲ្យបានជ្រាបថា ក្នុងរយៈពេលថ្មីៗនេះមានជនខិលខូចមួយចំនួនបានទូរសព្ទទៅកាន់អតិថិជនរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ដោយតម្រូវឲ្យអតិថិជនធ្វើការបង់ប្រាក់តាមប្រព័ន្ធផ្ទេរប្រាក់នានា ដើម្បីទទួលបានការបញ្ចុះអត្រាការប្រាក់ ការផ្អាកបង់សងមួយរយៈពេល ការរៀបចំឥណទានឡើងវិញ ឬការផ្តល់ជូនផ្សេងៗទៀត ។ ដើម្បីចៀសវាងការចាញ់បោកជនខិលខូចទាំងនោះ សមាគមសូមលើកទឹកចិត្តដល់អតិថិជន និងសាធារណជនធ្វើការបង់ប្រាក់ តាមរយៈលេខទូរសព្ទរបស់មន្ត្រីឥណទាន ដែលមានភ្ជាប់ជូនលើតារាងបង់ប្រាក់ ឬតាមរយៈការិយាល័យគ្រឹះស្ថានដែលនៅជិតលោកអ្នកបំផុត» នេះជាការជូនដំណឹងរបស់ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី ២៧ខែមេសានេះ ។ 

Picture

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មិនបានបញ្ជាក់ថា មានពលរដ្ឋប៉ុន្មាននាក់ហើយ ដែលត្រូវបានជនឆបោក បោកប្រាក់តាមរូបភាពខាងលើនោះទេ តែសមាគមដែលបណ្តុំគ្រឹះស្ថានហិរញ្ញវត្ថុប្រមាណ ១០០ ជាសមាជិកនេះ បានណែនាំដល់អ្នកខ្ចីប្រាក់ថា អាចធ្វើការទូទាត់សងប្រាក់កម្ចី តាមរយៈប្រព័ន្ធធនាគារចល័ត (Mobile Banking) ឬតាមរយៈមាស៊ីនដាក់ប្រាក់ដោយស្វ័យប្រវត្តិរបស់គ្រឹះស្ថានហិរញ្ញវត្ថុដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់ផងដែរ ។ និងបានដាស់ទឿនពលរដ្ឋថា ក្នុងករណីសង្ស័យ សូមទូរសព្ទជាបន្ទាន់ទៅកាន់គ្រឹះស្ថានដើម្បីធ្វើការផ្ទៀតផ្ទាត់ មុននឹងធ្វើការផ្ទេរប្រាក់ទៅកាន់ជនណាម្នាក់ដែលអះអាងថាខ្លួនជាបុគ្គលិកគ្រឹះស្ថានហិរញ្ញវត្ថុ ដែលពលរដ្ឋបានខ្ចីប្រាក់ ។

សូមជម្រាបថា ពលរដ្ឋជាច្រើន បានជួបការលំបាកនៅក្នុងការរកប្រាក់សងបំណុលធនគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដោយសារវិបត្តិជំងឺកូវីដ ១៩ ដែលបណ្តាលឲ្យពលរដ្ឋខ្លះបានបាត់បង់ការងារ ខ្លះរកចំណូលមិនបាន មុខរបរបានបិទទ្វារ អាជីវកម្មមិនដំណើរការជាដើម នៅក្នុងកាលៈទេសៈនេះ មានយន្តការជួយសម្រួលពលរដ្ឋតាមរយៈការរៀបចំឥណទានឡើងវិញ និងក្នុងករណីពលរដ្ឋដែលបានឆ្លងជំងឺកូវីដ ១៩ គ្រឹះស្ថានហិរញ្ញវត្ថុនឹងលើកលែងការបង់ការប្រាក់រយៈពេល ២ ខែ ហើយសម្រាប់ពលរដ្ឋជាប់ធ្វើចត្តាឡីស័កនឹងផ្តល់ការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិ ប្រសិនអតិថជនយល់ព្រមរួម និងការពន្យារការបង់ប្រាក់ដើមរយៈពេលបីខែផង ៕