រាជធានីភ្នំពេញ ៖ បើមិនមានអ្វីប្រែប្រួលទេ នៅថ្ងៃព្រហស្បតិ៍ ទី២២ តុលា ២០១៥ខាងមុខនេះ ស្ពានជ្រោយចង្វារទី២ និងរង្វង់មូលសួនច្បារជ្រោយចង្វារត្រើយខាងកើត នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ បន្ទាប់ពីបើកឲ្យប្រជាពលរដ្ឋធ្វើចរាចរណ៍បណ្តោះអាសន្នរយៈពេលជិត១ឆ្នាំមកហើយនោះ ។
យោងតាមកម្មវិធីប្រចាំសប្តាហ៍របស់សាលារាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ទី២២ តុលា ២០១៥ ស្ពានជ្រោយចង្វារទី២ និងរង្វង់មូលរួមទាំងសួនច្បារជ្រោយចង្វារត្រើយខាងកើតនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ ដែលពិធីនេះធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងស្ថានប័ន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើននាក់ទៀត ។
គួររំលឹកថា ស្ពានជ្រោយចង្វារទី២ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃពុធ ទី២ វិច្ឆិកា ២០១១ ដែលមានប្រវែង៧១៩ម៉ែត្រ ចំណាយពេលសាងសង់រយៈពេល៣៨ខែ និងចំណាយថវិកាប្រមាណ ២៧.៥០០.០០០ដុល្លារអាមេរិក ដែលជាកម្ចីឥណទានរបស់រដ្ឋាភិបាលចិន៕




ចែករំលែកព័តមាននេះ