ខេត្តត្បូងឃ្មុំ ៖ ផ្លូវជង្ហុកជ្រៅមានទឹកភ្លៀងដក់នៅលើផ្លូវជាតិលេខ៧ ស្ថិតនៅចំណុចភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ មានចម្ងាយប្រមាណជាង៣០០ម៉ែត្រ ពីស្ថានីយជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង បានបង្កគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ដោយខ្លះដួលច្រងាប់ច្រងិល ខ្លះទៀតគេចពីជង្ហុក ទៅចូលរថយន្តកិនបាក់ជើង ក៏មានដែរ ។
ជីវករលក់ដូរនៅមុខផ្សារថ្នល់ទទឹងប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១៦ តុលា នេះថា ផ្លូវនៅមុខផ្ទះរបស់គាត់បានរងការខូចជាច្រើនខែមកហើយ ដោយមានជង្ហុកទឹកភ្លៀងដក់ទៀត ។ ពេលមួយក្នុងវេលាយប់ មានស្ត្រីចំនួន២នាក់ ជិះម៉ូតូ១គ្រឿងកំពុងតែធ្វើដំណើរលើផ្លូវជាតិលេខ៧ ដោយមិនបានចាប់អារម្មណ៍ លុះពេលដែលជិះកាត់ជង្ហុក បណ្តាលឱ្យដួលរងរបួសផងដែរ ។
ប្រភពបន្តថា ដោយឃើញបែបនេះ គាត់បានចាក់ដីលុបមិនបានប៉ុន្មានផង ក៏ខូចទៅវិញ ព្រោះតែមានរថយន្តធ្ងន់ៗបើកកាត់ពីលើ។ ក្រោយមកទៀត មន្ទីរសាធារណការខេត្តបានមកជួសជុលចាក់ចាក់កម្ទេចថ្ម និងកិនបង្ហាប់ តែដោយកន្លែងនេះ ទឹកមិនហូរនោះទើបជាហេតុបណ្តាលឱ្យរងការខូចលេចចេញជាជង្ហុកមកវិញ ។
កន្លងទៅ មានបុរសម្នាក់បានជិះម៉ូតូគេចពីជង្ហុកនេះ ត្រូវបានរថយន្តបុកបាក់ជើងម្ខាង ហើយរថយន្តនោះបានបើករត់គេចបាត់ស្រមោលតែម្តង ។ ដោយខ្លាចមានគ្រោះថ្នាក់កើតឡើងបន្តទៀត ក៏យកឈើទៅដោតដាក់ជាសញ្ញាឱ្យអ្នកធ្វើដំណើរបានឃើញចៀសវាង កុំឱ្យមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ ។
គួររំលឹកថា ទោះបីមានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅថ្នល់ទទឹង ស្ថិតនៅឃុំជប់ ស្រុកត្បូងឃ្មុំ សម្រាប់ទប់ស្កាត់រថយន្តធំៗដឹកទំនិញលើសទម្ងន់ដើម្បីការពារកុំឱ្យខូចផ្លូវជាតិលេខ៧យ៉ាងណាក្តី ក៏ផ្លូវសំបុកមាន់នៅតែកើតមានព្រោះមានរថយន្តធំៗធុនយក្សបានបើកឆ្លងកាត់មុខស្ថានីយជញ្ជីងបានយ៉ាងរលូនតែម្តង ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព




ចែករំលែកព័តមាននេះ