ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ចាប់ផ្ដើម​លក់ដូរ​ថ្ងៃ​ដំបូង​នៅ​ទីតាំង​​ដែល​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យរៀបចំ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​រយៈពេល​២​ថ្ងៃ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​រៀបចំ​ទីតាំង​ផ្សារ​តាម​វិធានការ​៣​កុំ និង​៣​ការពារ សម្រាប់​ឲ្យ​ក្រុម​អាជីវករ​លក់ដូរ នៅ​ក្នុង​តំបន់​ក្រហម ដែល​មានការ​ឆ្លង​រាលដាល​នៃ​ជម្ងឺ COVID-19 ច្រើន​នោះ​រួចរាល់​ហើយ…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​រយៈពេល​២​ថ្ងៃ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​រៀបចំ​ទីតាំង​ផ្សារ​តាម​វិធានការ​៣​កុំ និង​៣​ការពារ សម្រាប់​ឲ្យ​ក្រុម​អាជីវករ​លក់ដូរ នៅ​ក្នុង​តំបន់​ក្រហម ដែល​មានការ​ឆ្លង​រាលដាល​នៃ​ជម្ងឺ COVID-19 ច្រើន​នោះ​រួចរាល់​ហើយ ។

អាជ្ញាធរ​ខណ្ឌ​ខាងលើ​បាន​រៀបចំ​ផ្សារ​ខាងលើ​ចាប់ផ្ដើម​ការងារ​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​២៦ រហូត​ដល់ទី​២៧ ខែមេសា ទើប​ហើយ​រួចរាល់​ជា​ស្ថាពរ​ទៅ​តាម​អ្វី​ដែល​ខ្លួន​បាន​គ្រោងទុក ។ ដោយឡែក​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២១ បាន​អនុញ្ញាត​ឲ្យ​ក្រុម​អាជីវករ​ច្រើន​ចូល​ទៅ​លក់ដូរ​នៅ​ថ្ងៃ​ដំបូង ។

ខណៈនោះ​ក៏​មាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​រក​ទិញ​បន្លែ ត្រី សាច់ និង​គ្រឿង​ឧបភោគបរិភោគ​ជា​បន្តបន្ទាប់​ផង​ដែរ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​កត់សម្គាល់ គឺ​ទីតាំង​ផ្សារ​បណ្ដោះអាសន្ន​នោះ​មាន​លក្ខណៈ​ដូច​គ្នា​ទៅ​និង​ផ្សារ​ក្រមួន​ដែរ ព្រោះ​អនុញ្ញាត​ឲ្យ​លក់ដូរ​ត្រឹមតែ​១​កំណាត់​ថ្ងៃ​ប៉ុណ្ណោះ គឺ​ចាប់ពី​វេលា​ព្រឹក​ព្រលឹម​រហូត​ដល់​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ក្ដៅ​ខ្លាំង គឺ​ឈប់​លក់​ហើយ ។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​រៀបចំ​ទីតាំង​ផ្សារ​នេះ នៅ​លើ​កំណាត់​ផ្លូវ​ចោម​ចៅ ហៅ​ផ្លូវ​វ៉េ​ង​ស្រេង នៅ​ចំណុច​មុខ​ក្រុមហ៊ុន​តម្លើង​ម៉ូតូ​ហុងដា និង​ម្ដុំ​សួន​ឧស្សាហកម្ម​កា​ណា​ឌី​យ៉ា ស្ថិត​នៅ​ក្នុង​សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដែល​ជា​តំបន់​ក្រហម​សម្រាប់​ឲ្យ​ក្រុម​អាជីវករ​លក់ដូរ​គ្រឿង​ឧបភោគបរិភោគ​ផ្សេង​ៗ​ក្នុង​ពេល​កំពុង​មានការ​បិទ​ខ្ទប់​ប្រយុទ្ធ​ប្រឆាំង​និង​ជម្ងឺ​COVID-19 ។

ចំណែកឯ​កន្លែង​លក់ដូរ​ខាងលើ ពុំ​មែន​សង់​ជា​តូប​អី​នោះ​ទេ គឺ​អាជ្ញាធរ​បាន​គូស​គំនូស​ពណ៌​ស ១​កន្លែង​ៗ ទំហំ​ប្រមាណ​២​ម៉ែត្រ​បួន​ជ្រុង និង​មាន​គម្លាត​ពី​គ្នា​ពី​មួយ​ទៅ​មួយ​ប្រវែង​ប្រមាណ​១,៥​ម៉ែត្រ អនុលោម​ទៅ​តាម​វិធានការ​៣​កុំ​និង​៣​ការពារ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា តាម​វិធានការ និង​លក្ខខណ្ឌ​ដែល​ដាក់​ចេញ​ដោយ​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ គឺ​អាជីវករ​ដែល​អាច​លក់ដូរ​នៅ​ក្នុង​ផ្សារ​នេះ​បាន គឺ​មាន​តែ​អាជីវករ​អ្នក​ដែល​រស់នៅ​ក្នុង​តំបន់​ក្រហម​នេះ​ប៉ុណ្ណោះ ។ ចំណែក​អ្នក​ដែល​រស់នៅ​តំបន់​ផ្សេង​ក្រៅពី​តំបន់​ក្រហម​នេះ​មិន​ត្រូវ​បាន​អនុញ្ញាត​ចូល​ទៅ​លក់​ឡើយ ហើយ​បើ​នៅ​តែ​រឹង​រួស​នោះ លោក ហែម ដា​រិ​ទ្ធិ ដែល​ជា​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​បញ្ជា​ឲ្យ​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ​បណ្ដេញ​ចេញពី​ទីនោះ​ភ្លាម​ៗ​មិន​ឲ្យ​នៅ​លក់​ទេ ។

ប្រភព​ខាងលើ​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា មិនតែប៉ុណ្ណោះ​រាល់​អាជីវករ​ទាំងអស់​អាច​មាន​សិទ្ធិ​ចូល​ទៅ​លក់​តែ​១​នាក់ ប៉ុណ្ណោះ​មិន​អាច​ទៅ​លក់​២​នាក់​បាន​ឡើយ ហើយ​ត្រូវ​តែ​ពាក់​ម៉ាស់ ពាក់​ស្រោមដៃ ការពារ​ឲ្យ​បាន​ត្រឹមត្រូវ បើ​មិន​អនុវត្ត​តាម​ទេ​មិន​អនុញ្ញាត​ឲ្យ​លក់​ឡើយ ។

ចំណែក​អ្នកទិញ​វិញ​ក៏​ដូច​គ្នា​ដែរ មាន​សិទ្ធិ​ចូល​ទៅ​ទិញ​បាន​ត្រឹមតែ​១​នាក់​ប៉ុណ្ណោះ ទោះជា​ពួក​គាត់​មាន​គ្នា​២​នាក់​ក៏​ដោយ ពេល​ទៅ​ដល់​ផ្សារ​ត្រូវ​តែ​ម្នាក់​ចូល​ទៅ​ទិញ និង​ម្នាក់​ទៀត​រង់ចាំ​នៅ​ខាងក្រៅ ក្នុង​ការ​មិន​ព្រម​អនុវត្ត​តាម​នោះ​និង​មិន​មិន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ទិញ​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ